ក្រសួង​ព័ត៌មាន​ប្តេជ្ញា​រៀបចំ​ស្នើ​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ឱ្យ​បាន​ឆាប់ ​

ក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមកពីស្ថាប័នផ្សេងៗ ឈរនៅក្រៅអគារដើម្បីចាំយកព័ត៌មានក្នុងកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឈ្មោះ«អាស្ត្រាហ្សេនីកា (Astra Zeneca)» នៅមន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងព័ត៌មាន ប្តេជ្ញាចិត្តខិតខំ​ស្នើច្បាប់​ស្តីពី«សិទ្ធិទទួលបានព័ត៌មាន»​ចេញជាផ្លូវការ​ស្របតាមនីតិវិធីច្បាប់ឱ្យបានកាន់តែឆាប់ ក្រោយពីស្ថាប័ននេះបានធ្វើសេចក្តីព្រាងច្បាប់មួយនេះមិនក្រោម៥ឆ្នាំនោះទេ។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌ ប្រាប់ វីអូឌី នៅថ្ងៃ​ទី២៩ ខែកញ្ញានេះថា បច្ចុប្បន្ន​នេះ ក្រសួង​​បានបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពី«សិទ្ធិទទួលបានព័ត៌មាន»រួចរាល់ហើយ។ លោកថា ច្បាប់នេះនៅក្នុងដៃក្រុមការងារបច្ចេកទេសរបស់ក្រសួងប្រជុំពិនិត្យនិងសម្រេចចុងក្រោយ មុននឹងបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ ដូចជា ទៅកាន់រដ្ឋមន្ត្រីព័ត៌មាន ទៅស្តីការគណៈរដ្ឋមន្ត្រី ក៏ដូចជាស្ថាប័ននីតិបញ្ញត្តិ ដើម្បីដាក់ស្នើឱ្យស្ថាប័នពាក់ព័ន្ធអនុម័តឱ្យបានឆាប់។

លោកមានប្រសាសន៍ថា៖ « [សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន] ព្រាងហ្នឹងអត់ដល់ [១០ឆ្នាំ] ទេ យើងចាប់ផ្តើម២០១៥ [ឬ] ២០១៦​ មកហើយ។ ក្រុមការងារបច្ចេកទេសនៃក្រសួងព័ត៌មាន នឹងបន្តរៀបចំឯកសារពាក់ព័ន្ធទៅនឹងសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មានហ្នឹង ដាក់ស្នើសុំទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីពិនិត្យនិងសម្រេចក្នុងការបញ្ជូនទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី ក៏ដូចជាស្ថាប័ននីតិបញ្ញត្តិ​ ទៅតាមនីតិវិធីច្បាប់ដែលមានជាធរមាន។ ជាការប្តេជ្ញាចិត្តរបស់ក្រសួងព័ត៌មាន គឺយើងនឹងបន្តខិតខំរៀបចំឯកសារពាក់ព័ន្ធ ហើយដាក់ស្នើទៅតាមនីតិវិធីហ្នឹងឱ្យបានឆាប់បំផុតតាម​ដែលអាចធ្វើទៅបាន»។

ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា កាលពីម្សិលមិញ មន្ត្រីក្រសួងយុត្តិធម៌ បានចូលរួមប្រជុំលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន​ ជាមួយក្រសួងព័ត៌មានដែរ។ ប៉ុន្តែលោកថា ក្រសួងយុត្តិធម៌ បានត្រឹមតែជួយពិនិត្យនិងផ្តល់យោបល់តែប៉ុណ្ណោះ ចំពោះការសម្រេចយ៉ាងណានោះ ទុកឱ្យក្រសួងសាម៉ីជាអ្នកសម្រេច។

លោក​មានប្រសាសន៍ថា៖ «ក្រសួងយុត្តិធម៌គ្រាន់តែចូលរួមទេ ក្នុងការផ្តល់យោបល់ទាក់ទងរឿងទោសប្បញ្ញត្តិ មានក្រុមការងារក្រសួង [យុត្តិធម៌] ចូលរួមជាមួយតែប៉ុណ្ណឹងឯង ក្នុងការពិនិត្យផ្តល់យោបល់លើទោសប្បញ្ញត្តិ។ ក៏ប៉ុន្តែជាខ្លឹមសារទាំងមូល ជាដំណើរការប្រព្រឹត្ត​ទៅនីតិវិធីនៃការតាក់តែង គឺក្រសួងព័ត៌មានជាអ្នកដឹកនាំ។ អ៊ីចឹង [សូម] ទាក់ទងទៅក្រសួងព័ត៌មាន សំណួរអស់ហ្នឹងគឺក្រសួងព័ត៌មានគាត់​ត្រូវ​ឆ្លើយ»។

ឆ្លើយតប​នឹងករណីនេះ លោក មាស សោភ័ណ្ឌ មានប្រសាសន៍ថា កាលពីថ្ងៃទី២៨ ខែកញ្ញា​ម្សិល​មិញ ក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ ទើបតែបានបញ្ចប់កិច្ចប្រជុំក្រុមការងារបច្ចេកទេស​ ហើយក្រុមការងារនៃក្រសួងទាំងពីរនឹងរៀបចំជារបាយការណ៍បូកសរុបលទ្ធផលស្តីពីកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់នេះ ដល់ថ្នាក់ដឹកនាំក្រសួងទាំងពីរពិនិត្យនិងផ្តល់យោបល់បន្ថែម។

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ​ថា កម្ពុជាក៏មិនមែនជាប្រទេសក្រោយគេនៅក្នុងតំបន់អាស៊ាន ដែលមានច្បាប់នោះទេ ហើយបើច្បាប់នេះត្រូវបានអនុម័តនោះ កម្ពុជានឹងក្លាយជាប្រទេសទី៥ដែលមានច្បាប់នេះនៅក្នុងតំបន់អាស៊ាន។

តបនឹងសំណួរដែលថាហេតុអ្វីច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ត្រូវចាយពេលសម្រាប់ពង្រាងច្រើនឆ្នាំម៉្លេះ?

លោក សោភ័ណ្ឌ តបដូច្នេះថា៖ «សេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាននេះ គឺយើងប្រើពេលវេលាកន្លងមកនេះ ដោយ​សារ​យើងមាន​ការបើកយ៉ាងទូលំទូលាយ​ឱ្យមានការចូលរួមពិគ្រោះយោបល់​ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មានទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា យូណេស្កូ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើការពាក់​ព័ន្ធទៅនឹង​សិទ្ធិមនុស្ស ក៏ដូចជា​សិទ្ធិសេរីភាព​ក្នុងការទទួលបានព័ត៌មាននេះដែរ។ អ៊ីចឹងហើយ ការពិគ្រោះយោបល់ហ្នឹងគឺមានការប្រមូល​ធាតុចូលពីគ្រប់ក្រុមគោលដៅទាំងអស់ ទាំងជនជាតិដើមភាគតិច ស្ត្រី បងប្អូនដែលមានពិការភាព យុវជន ហើយទៅតាមវិស័យផ្សេងៗ​ដែលសំខាន់ៗក្នុងការកសាងសេចក្តីព្រាងច្បាប់នេះផងដែរ»។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ខេមបូចា) លោក ណុប វី មានប្រសាសន៍ថា បើកិច្ចពិភាក្សារវាង​ក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ ត្រូវបានបញ្ចប់ហើយ សេចក្តីព្រាងច្បាប់នេះគួរតែត្រូវបានរុញទៅទីស្តីការគណៈរដ្ឋមន្ត្រី។

យ៉ាងណា លោកថា បើសិនច្បាប់នេះនៅអូសបន្លាយនិងមិនទាន់ត្រូវបានអនុម័ត នោះពលរដ្ឋនិងអ្នកសារព័ត៌មានពុំមានបង្អែករឹងមាំក្នុងការអនុវត្ត​សិទ្ធិរបស់ខ្លួនបានពេញលេញ​ក្នុងផ្នែកនៃសិទ្ធិទទួលបានព័ត៌មាន ដើម្បីនិយាយជាមួយអាជ្ញាធរសាធារណៈនោះទេ។

លោកមានប្រសាសន៍ថា៖ «ជារួម អ្នកសារព័ត៌មាននិងប្រជាពលរដ្ឋនៅតែអត់មានអ្វីជាខ្នងបង្អែករឹងមាំ ដើម្បីជំរុញទៅដល់មន្ត្រីសាធារណៈដែលទទួលបន្ទុកក្នុងការផ្តល់ព័ត៌មានឱ្យប្រជាពលរដ្ឋ និងផ្តល់ព័ត៌មានទាំងអស់នោះ។ ទី២ ប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាននៅតែមិនមានអ្វីជាអំណះអំណាងគ្រប់គ្រាន់ ដើម្បីនិយាយជាមួយមន្ត្រីសាធារណៈ ថាតើព័ត៌មានណាដែលជាព័ត៌មានដែលមិនសម្ងាត់ ព័ត៌មានណាដែលជាព័ត៌មានសម្ងាត់! អ៊ីចឹងពួកគាត់នៅតែមិនអាចអនុវត្តសិទ្ធិរបស់ពួកគាត់បានពេញលេញនៅក្នុងផ្នែកនៃសិទ្ធិទទួលបានព័ត៌មាន។ អាហ្នឹងគឺជាផលប៉ះពាល់ដែលកើតឡើងពីការដែលសេចក្តីព្រាងច្បាប់ហ្នឹង [ស្តីពីសិទ្ធិទទួលព័ត៌មាន] មិនទាន់បានអនុម័ត»។

សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន មាន៩ជំពូក ៣៧មាត្រា ត្រូវបានផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សា និងពង្រាងជាច្រើនឆ្នាំមកហើយ ​ ដោយ​មានការចូលរួមផ្តល់យោបល់ពីអង្គការយូណេស្កូ (UNESCO) វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងអង្គការតម្លាភាព (TI) ជាដើម។

តែយ៉ាងណា អង្គការសង្គមស៊ីវិល និងអ្នកធ្វើការលើវិស័យសារព័ត៌មាន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ បាន​ចេញលិខិតចំហរួមគ្នាមួយទាមទារឱ្យរដ្ឋាភិបាលលុបចោលចំណុច៧ មាត្រា២០​ នៃច្បាប់នេះ ដោយថា ចំណុច​នោះមានន័យទូលំទូលាយពេក និងខ្វះនូវភាពជាក់លាក់ក្នុងការលាតត្រដាងព័ត៌មានសាធារណៈ។

ចំណុច៧ មាត្រា២០ ក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ចែងថា «ព័ត៌មានសម្ងាត់ដទៃទៀតដែលស្ថិតក្នុងបទប្បញ្ញត្តិត្រូវហាមឃាត់» ដែលមានន័យថា ព័ត៌មានសម្ងាត់ដែលមានចែងក្នុងច្បាប់ផ្សេងៗត្រូវបាន​ហាមឃាត់ក្នុងការបញ្ចេញទៅឱ្យអ្នកដែលស្នើសុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ