តុលាការ​កំពូល​លើក​ពេល​សវនាការ​ជា​លើក​ទី​៣​លើ​សំណុំ​រឿង​អតីត​អភិបាល​ខេត្ត​តាកែវ

លោក ឡាយ វណ្ណៈ កាលពីពេលកន្លងទៅ។ (ហ្វេសប៊ុកលោក ឡាយ វណ្ណៈ)

តុលាការកំពូល នៅថ្ងៃនេះ លើកពេលសវនាការជាលើកទី៣ លើសំណុំរឿងអតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ និងបងប្រុសរបស់លោក ក្រោមបទចោទឃាតកម្ម​លើស្ត្រីមួយរូបកាលពីដើមឆ្នាំ២០១៨។

អនុប្រធានតុលាការកំពូល និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក និល ណុន នៅព្រឹកថ្ងៃពុធ ទី២៩ ខែកញ្ញានេះ បានសម្រេចលើកពេលសវនាការជំនុំជម្រះក្តីជាលើកទី៣ លើសំណុំរឿងអតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ និងបងប្រុសរបស់លោក គឺលោក ឡាយ ណារិទ្ធ អតីត​ស្នងការ​រង​នគរបាល​ខេត្ត​តាកែវ ពាក់ព័ន្ធនឹងករណីឃាតកម្ម​លើ​ស្រី​កំណាន់ អ្នកនាង ចេវ សុវឌ្ឍនា  ដោយសារចៅក្រមកាន់របាយការណ៍ជាប់ធ្វើចត្តាឡីស័ក។

ទោះជាយ៉ាងណា ប្រធានក្រុមប្រឹក្សាជំនុំជំម្រះ លោក និល ណុន មិនបានបញ្ជាក់ពីពេលវេលាដែលត្រូវបន្តបើកសវនាការនៅពេលណា​​នៅឡើយ។

ក្រោយពីប្រកាសលើកពេលសវនាការ អតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ការលើកពេលសវនាការជាលើកទី៣ របស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ជាឆន្ទានុសិទ្ធិរបស់ចៅក្រម។

នៅពេលសួរថា តើការលើកពេលសវនាការនេះអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិក្នុងការជំនុំជម្រះដោយយុត្តិធម៌ដែរឬទេ? លោក ឡាយ វណ្ណៈ ​មានប្រសាសន៍យ៉ាងខ្លីថា៖ «ចង់ឱ្យលើកពេលឬមិនចង់ មិនមែននៅលើខ្ញុំទេ គឺនៅលើតុលាការ។ ខ្ញុំអត់មានយោបល់អ្វីទេ ជួនកាលដោយសារបញ្ហាកូវីដអី ខ្ញុំក៏មិនដឹងដែរ»។

លោកស្រី សេង វួចហ៊ុន ជាមេធាវីការពារក្តីលោក ឡាយ វណ្ណៈ និងមេធាវី ដានី ច័ន្រ្ទរស្មីឈូករ័ត្ន ជាមេធាវីការពារក្តីលោក ឡាយ ណារិទ្ធ សុំមិនធ្វើការបកស្រាយជុំវិញការលើកពេលសវនាការនេះឡើយ។

ប្រធានសមាគមសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា តុលាការគួរតែពន្លឿននីតិវិធីជំនុំជំម្រះក្ដីលើសំណុំរឿងលោក ឡាយ វណ្ណៈ និងបងប្រុសរបស់លោក ជាជាងលើកពេលម្តងហើយម្តងទៀតដែលធ្វើឱ្យប៉ះពាល់សិទ្ធិរបស់ជនជាប់ឃុំ។

លោកមានប្រសាសន៍ថា៖ «បើសិនជាយើងអូសបន្លាយពេលវេលា វាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ជនជាប់ចោទ ពីព្រោះសិទ្ធិជនជាប់ចោទកំពុងតែនៅក្នុងពន្ធនាគារ។ ដូច្នេះ បើសិនជាមានការអូសបន្លាយពេលវេលា វាធ្វើឱ្យការជាប់ពន្ធនាគាររបស់ជនជាប់ចោទ វាអាចថាគាត់មិនទាន់ច្បាស់លាស់​ពីទោសកំហុស​គាត់កម្រិតប៉ុណ្ណា ហើយគាត់ត្រូវជាប់ចោទពីបទល្មើសអ្វីឱ្យពិតប្រាកដ»។

លោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធ រួមទាំងមនុស្ស២​នាក់ទៀត ត្រូវបានចាប់ខ្លួនពាក់ព័ន្ធសុំណុំរឿងឃាតកម្មលើអ្នកស្រី ចេវ សុវឌ្ឍនា កាលឆ្នាំ២០១៨។

ប៉ុន្តែកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ លោក ឡាយ វណ្ណៈ បន្ត​អះអាង​ថា លោកមិនបានសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា ដូចការចោទប្រកាន់ឡើយ។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក សួស វិទ្យារ៉ាន់ឌី ធ្លាប់ប្រាប់​ វីអូឌី​ ថាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ បានប្រកាសសាលក្រមដោយសម្រេចឱ្យលោក ឡាយ វណ្ណៈ ជាប់ពន្ធនាគារ១៣ឆ្នាំ ខណៈលោក ឡាយ ណារិទ្ធ ត្រូវ​បាន​តុលាការ​សម្រេច​កាត់​ទោស​ឱ្យ​ជាប់ពន្ធនាគារ១០ឆ្នាំ។

ចំណែកបុរស​ឈ្មោះ ម៉ែន សាម៉ៃ ដែល​ជាអ្នក​បើក​បរ​រថយន្ត​ឱ្យ​លោក ឡាយ វណ្ណៈ និង​បុរស​ឈ្មោះ ជឹម វុធ ដែល​ជា​ប្ដី​របស់​ស្ត្រី​អ្នក​បម្រើ​នៅ​ផ្ទះ​របស់​អ្នកស្រី ចេវ សុវឌ្ឍនា ក៏​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ២​ឆ្នាំ​ផង​ដែរ ក្រោម​បទ​ចោទ​ថាបាន​លាក់​កំបាំង​តម្រុយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ