តុលាការ​ខេត្ត​រតនគិរី​នឹង​ប្រកាស​សាល​ក្រម​ករណី​លោក ឆន ផល្លា នៅ​ចុង​ខែតុលា

លោក ឆន ផល្លា ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការខុមហ្វ្រែល ក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន)

មេធាវី​ការពារ​ក្តី​ឱ្យ​លោក ឆន ផល្លា ដែល​ជា​សកម្មជន​​​បរិស្ថាន​​ និង​ដីធ្លី​ម្នាក់​នៅ​ខេត្តរតនគិរី​បាន​ឱ្យ​ដឹង​ថា តុលាការ​​បាន​​ចោទ​ប្រកាន់​កូន​ក្តី​លោក ពាក់ព័ន្ធ​នឹង​សំណុំ​រឿង «កាប់គាស់ រុករាន ឆ្ការដុត និង​ឈូសឆាយ​ដីព្រៃ​យក​ធ្វើ​ជា​កម្មសិទ្ធិ»​ ខណៈ​សំណុំ​រឿង​នេះ​នឹង​ប្រកាស​សាល​ក្រម​នៅចុង​ខែ​តុលា​នេះ​។

លោក សំ ទិត្យសីហា មេធាវីការពារក្តីឱ្យលោក ឆន ផល្លា ប្រាប់វីអូឌី​ថា អំឡុងពេលសវនាការសួរដេញដោលលោក ឆន ផល្លា គឺប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងតំណាងអយ្យការបានលើកឡើងថាកូនក្តីរបស់លោកបានប្រព្រឹត្តបទល្មើស «កាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ»  កាលពីឆ្នាំ២០១៩ និង​២០២០ ស្ថិត​នៅភូមិសាមុតក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។

នៅក្នុងអង្គសវនាការនោះ លោក សំ ទិត្យសីហា ដែលជាមេធាវីការពារក្តីឱ្យលោក ឆន ផល្លា មានលើកឡើងថា តុលាការចោទប្រកាន់កូនក្តីរបស់លោកធ្វើឡើងដោយខុសច្បាប់ ព្រោះសំណុំរឿងនេះត្រូវបានសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំសម្រេចបដិ​សេធ​ចោល​ម្តង​រួច​មក​ហើយ។

ទោះជាបែបនេះ លោកមេធាវីបញ្ជាក់ថា ចៅក្រមបែរជាលើកឡើងថា សំណុំរឿងដែលសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំសម្រេចបដិសេធច្រានចោលនោះជាបទល្មើស ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ទៅវិញ ។

ករណីនេះ មេធាវី សំ ទិត្យសីហា ចាត់ទុកការចោទប្រកាន់របស់តុលាការមកលើកូនក្តីទាំងអយុត្តិធម៌ ហើយលោកស្នើទៅតុលាការទម្លាក់ការចោទប្រកាន់លើកូនក្តី ដើម្បីឱ្យគាត់មានសេរីភាពវិញ ។

លោកស្នើដូចនេះថា៖ «តុលាការចោទប្រកាន់មកលើលោក ឆន​ ផល្លា មិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកមកលើគាត់នោះទេ ព្រោះការចោទប្រកាន់នេះ វាជារឿងអយុត្តិធម៌វាអាចធ្វើឱ្យប៉ះពាល់ទៅដល់អ្នកការពារធនធានធម្មជាតិ ដែលគាត់មានចេតនាជួយដល់រដ្ឋាភិបាលក្នុងការទប់ស្កាត់បទល្មើសព្រៃឈើពីឈ្មួញជាដើម។ ខ្ញុំស្នើទៅតុលាការពិចារណាទម្លាក់ចោលការចោទប្រកាន់នេះ »។

មេធាវីរូបនោះបញ្ជាក់ថា សំណុំរឿងលោក ឆន ផល្លា តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ។

វីអូឌី មិនអាចរកការបំភ្លឺពីព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ​​សាលាដំបូងខេត្តរតនគិរី លោក កែវ ភក្ដី បានទេនៅថ្ងៃនេះ។

លោក ឆន ផល្លា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពី​ថ្ងៃចន្ទទី២០ ខែកញ្ញា ឆ្នាំ២០២១ ដោយថា​​សកម្មជនរូបនោះមិនព្រមចូលទៅបំភ្លឺតាមដីកាកោះរបស់ចៅក្រមស៊ើបសួរ ឈ្មោះ នៅ យ៉ារ័ត្ន ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ពាក់ព័ន្ធនឹងសំណុំរឿង «កាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ»។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹង សែនករុណា ដែលអះអាងថា បានតាមដានសំណុំរឿងលោក ឆន ផល្លា ផ្ទាល់មានប្រសាសន៍ថា នៅថ្ងៃជំនុំជម្រះក្នុងអង្គសវនាការកាលពីចុងខែកញ្ញា ឆ្នាំ២០២១ តំណាអយ្យការ និងចៅក្រមសួរដេញដោលលោក ឆន ផល្លា រួមទាំងការបង្ហាញនូវភស្តុតាង ដូចជា មិនមានភស្តុតាងណាមួយសម្រាប់ដាក់បន្ទុកលើសកម្មជនដីធ្លីរូបនោះទេ ។

មន្ត្រីសិទ្ធិមនុស្សរូបនោះ យល់ថា ប្រសិនបើ​តុលាការសម្រេចដាក់ទោសលើសកម្មជនដីធ្លីរូបនោះ នឹងធ្វើឱ្យប្រជាលពរដ្ឋ និងសហគមន៍អន្តរជាតិអស់ជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផងដែរ ។

លោកមានប្រសាសន៍ថា«យើងឃើញអំពើរបស់លោក ឆន ផល្លា គឺជាអំពើដែលត្រូវតែមានការលើកទឹកចិត្ត បើសិនជាអំពើនិងសកម្មភាពដែលជាឆន្ទៈ ហើយនឹងអ្នកស្ម័គ្រចិត្តធ្វើការងារផលប្រយោជន៍រួមរបស់សង្គមជាតិ តែត្រូវបានយកមកចាត់វិធានការផ្លូវច្បាប់ទាំងអស់នេះ គឺជាការធ្វើឱ្យ​បំបាក់នូវទឹកចិត្តរបស់លោកផល្លាផ្ទាល់ ក៏ដូចជាសហគមន៍ផ្សេងទៀត ដែលគេមើលឃើញថាអំពើទាំងអស់ហ្នឹងជាអំពើត្រឹមត្រូវ បែរជាត្រូវបានចាត់វិធានការ ធ្វើទុក្ខបុកម្នេញទៅលើអ្នកទាំងអស់ហ្នឹងទៅវិញ»។

លោកមានប្រសាសន៍បន្ថែមថា «មួយទៀតក៏បង្ហាញពីការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជាយើងដែលកំពុងរងការរិះគន់អំពីប្រព័ន្ធយុត្តិធម៌ ហើយបែរជាមកអនុវត្តទៅលើសកម្មជនដែលជាជនស្លូតត្រង់ការពារផលប្រយោជន៍របស់សង្គមជាតិទៅទៀត។ នោះកាន់តែបង្ហាញថាប្រព័ន្ធយុត្តិធម៌នៅកម្ពុជារបស់យើងកាន់តែធ្វើឱ្យបាត់បង់នូវជំនឿពីសាធារណៈជន ក៏ដូចជាសហគមន៍អន្តរជាតិជាដើម»។

លោក ឆន ផល្លា ដែលមានវ័យ៤២ឆ្នាំ ធ្លាប់បានប្រាប់ វីអូឌី នាពេល​កន្ល​ងមក​ថា រូប​លោក​​​បាន​ចូលរួម​ការពារ​ព្រៃឈើ​តាំងពី​ឆ្នាំ២០១៦ ប៉ុន្តែ​​ចាប់តាំងពី​ឆ្នាំ២០១៧មក លោក​​ធ្លាប់បាន​ដាក់ពាក្យ​ប្តឹង​ចំនួន៨ករណី​ទៅ​តុលាការ​ប្រឆាំង​នឹង​មន្ត្រី​​មូលដ្ឋាននិង​ពលរដ្ឋ​មួយចំនួន​ទៀត​ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃឈើនិង​ការ​ទន្រ្ទាន​ដី​សហគមន៍ ប៉ុន្តែលោក​ថា ប្រមាណ៤ឆ្នាំ​មកនេះគ្មាន​បណ្ដឹង​ណា​មួយ​របស់​លោក​ត្រូវ​បាន​ចាត់ការ​នោះ​ឡើយ។

មិនតែប៉ុណ្ណោះ លោកថា កាលពីខែកក្កដា ឆ្នាំ២០២០ លោក​ធ្លាប់ត្រូវបានមនុស្សមួយ​ក្រុម​ព្រួតគ្នាវាយដំយ៉ាងធ្ងន់ធ្ងរនៅចំពោះមុខអាជ្ញាធរមូលដ្ឋាន​ក្នុងវេទិកាសាធារណៈមួយ នៅពេលដែលលោកបានចោទសួរទៅកាន់អាជ្ញាធរពាក់ព័ន្ធ​ការបណ្តែតបណ្តោយឱ្យមាន​បទល្មើសព្រៃឈើកើតឡើងនៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ