រដ្ឋា​ភិបាល​ចេញ​វិធាន​ទប់​ស្កាត់​រលក​ចម្លង​ជំងឺ​កូវីដ-១៩​ក្នុង​ពិធី​ភ្ជុំបិណ្ឌ​

រថយន្តឈ្នួល​តម្រៀបជួរ​គ្នា​រង់ចាំ​អ្នកដំណើរ​មក​ជួល​ជិះ​ដើម្បី​ធ្វើដំណើរ​ទៅ​ខេត្ត នារ​ដូវ​កាល​បុណ្យភ្ជុំបិណ្ឌ នៅ​បេនឡាន​ម៉ុង​ឌី​យ៉ា​ល់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។ (អ៊ុយ សុធា​)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញវិធានទប់ស្កាត់​រលកចម្លង​ជំងឺ​កូវីដ-១៩ ក្នុ​​ងពិ​ធីបុណ្យភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ឆ្នាំនេះ ខណៈកម្ពុជា​​មិន​​​ទាន់​អាចកា​ត់​ផ្តា​ច់ខ្សែចម្លងក្នុងសហគមន៍បាននៅឡើយក្នុងរយៈពេល​ជាង៨ខែមកនេះ។

វិធានរបស់ប្រមុខ​រដ្ឋាភិបាល​នេះធ្វើឡើងក្នុងសារាចរណែនាំមួយចុះថ្ងៃទី៣ ខែ​​តុលា ឆ្នាំ២០២១។

តាម​សារាចរ​ណែនាំនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា អំឡុង​ពេលឈប់​សម្រាក​ខាង​មុខ​នេះ ប្រជាពលរដ្ឋជាច្រើ​ន​អាចនឹងធ្វើដំ​ណើរចល័​តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីទៅជួបជុំក្រុ​ម​គ្រួសារនិងធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានានៅទូទាំប្រទេស។ លោកថា ការនេះ​នឹង​អាច​ធ្វើឱ្យកម្ពុជាប្រឈមនឹងហានិភ័យ​នៃកា​រឆ្លងរាលដាលទ្រ​ង់ទ្រាយធំនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ​ ដែលតា (Delta) ​ដែ​ល​មេរោគប្រភេទថ្មីនេះចម្លងក្នុងល្បឿនលឿន។ 

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន គូសបញ្ជាក់ថា ដើម្បីការពារអាយុជីវិតនិងសុខភាព​ប្រជាពលរដ្ឋ និងស្របពេលដែលកម្ពុជាកំពុងបោះជំហានទៅរកការបើក​ដំណើរ​ការ​ទេស​ចរណ៍ពេញ​លេញ​ឡើងវិញផងនោះ រដ្ឋាភិបាល​ត្រូវដាក់ចេញវិធានមួយចំនួន ដើ​ម្បីការពារនិ​ង​បង្ការទប់ស្កាត់រលកចម្លងនេះ។

បើតាម​សារាចរ​នោះ ក្រសួងនិងសមត្ថកិច្ច រួមទាំងជំនាញពាក់ព័ន្ធ ត្រូវពង្រឹងវិ​ធា​នសុខាភិបាលទប់ស្កាត់ការធ្វើដំណើររួមគ្នា ការជួបជុំឬការប្រមូលផ្តុំ ដែ​លអាចបង្កហានិភ័យខ្ពស់នៃការចម្លងមេរោគកូវីដ-១៩។

បន្ថែ​មពីនេះ ក្រោយចប់ពិធីបុណ្យ ទាំងវិស័យរដ្ឋនិងឯកជន រួមទាំងវិស័យ​កាត់ដេរ ត្រូ​វលើកទឹកចិត្តឱ្យធ្វើតេស្តរហ័ស ចំពោះមន្ត្រី កម្មករ និយោជិត និងបុគ្គ​លិក ដើម្បីទប់ស្កាត់រលកចម្លង​ពេលចូល​បម្រើការងារ​វិញ។

ពិ​ធីបុណ្យភ្ជុំបិណ្ឌ​​ប្រពៃណីខ្មែរ​ឆ្នាំនេះ នឹងប្រព្រឹត្តទៅ៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ តែតុលា ឆ្នាំ២០២១។

កម្ពុជាបានផ្ទុះរលកទី៣ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ដែលមកដល់​ពេល​នេះ «ព្រឹ​ត្តិ​​ការណ៍២០កុម្ភៈ» មានរយៈពេលជាង៨ខែហើយ តែក្រសួងសុខាភិបាលនៅមិនទាន់អា​ចកាត់ផ្តាច់ខ្សែចម្លងក្នុងសហគមន៍ទាំងស្រុងបាននៅឡើយទេ។ ព្រឹត្តិការណ៍នេះបានសម្លាប់មនុស្សអស់២ ៣៨៣នាក់ គិត​ត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២១នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ