អាមេរិក​ និង​វៀតណាម​ ចុះកិច្ច​ព្រមព្រៀង​រួមគ្នា​ទប់ស្កាត់​ជំនួញ​ឈើ​ខុសច្បាប់

កំណាត់ឈើដឹកចេញពីកម្ពុជា នៅបរិវេណរបស់ក្រុមហ៊ុន សឺនដុង (Son Dong) ខេត្តជៀឡៃ (Gia Lai) ប្រទេសវៀតណាម ខែមីនា ឆ្នាំ២០១៧។ (ប្រភព៖ EIA)

សហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាម ដើម្បីការពារការយកឈើដែលបានមកពីការប្រមូលនិងជួ​ញដូរដោយខុសច្បាប់ពីក្រៅប្រទេស ទៅដាក់បញ្ចូលក្នុងសង្វាក់ផ្គត់​ផ្គង់ឈើស្របច្បាប់ក្នុងប្រទេសរបស់ខ្លួនសម្រា​​​​ប់ការនាំចេញ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យក្រសួងពាណិជ្ជកម្មអាមេរិក ចុះថ្ងៃសុក្រ ទី១ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះធ្វើឡើងដើម្បីធានាចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្រុងហាណូយ ក្នុងការទប់ស្កាត់ជំនួញឈើខុសច្បាប់ពីប្រទេសដែលកំពុងជួបហានិភ័យធនធានធម្មជាតិខ្ពស់ ចូលក្នុងសង្វាក់ផ្គត់ផ្គង់ឈើក្នុងប្រទេសក្បែរខាងរបស់កម្ពុជាមួយនេះ ដើម្បីការពារបរិស្ថាននិងធនធានធម្មជាតិពីការបន្តបាត់បង់។

តំណាងការិយាល័យក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai បានថ្លែងក្នុងសេចក្តីប្រកាសថា កិច្ចព្រមព្រៀងនេះដែរ គឺផ្តល់នូវដំណោះស្រាយកម្មវត្ថុនៃបញ្ហាជាទីគាប់ចិត្តមួយចំពោះការស៊ើបអង្កេតរ​បស់ក្រសួងក្រោមច្បាប់ Timber Section 301 របស់អាមេរិក និងធានាការដែលគ្មានសកម្មភាពជួញដូរឈើខុសច្បាប់ពេ​លបច្ចុប្ប​ន្ន ហើ​យអាមេរិកនឹងតាមដានការអនុវត្តកិច្ចព្រមព្រៀងមួយនេះនៅពេលខាងមុខ។

លោកស្រីបន្ថែមថា៖ «ខ្ញុំសរសើរវៀតណាមសម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយកង្វល់របស់យើង ពាក់ព័​ន្ធនឹងការនាំចូលនិងប្រើប្រាស់ឈើដែលត្រូវបានប្រមូល​និងជួញដូរដោយខុសច្បាប់។ ជាមួយកិច្ចព្រមព្រៀងនេះ វៀតណាមនឹងផ្តល់គំរូមួយទៅដល់ប្រទេសផ្សេងៗក្នុងតំបន់ឥណ្ឌូបាស៊ីហ្វិក និងជុំវិញសកលលោក សម្រាប់ការអនុវត្តពេញលេញប្រ​ឆាំ​ងឈើខុសច្បាប់»

ប្រភពដដែលបន្តទៀតថា ឈើខុសច្បាប់ដែលត្រូវបានបញ្ចូលចូលក្នុងសង្វាក់ផ្គត់ផ្គង់ឈើស្របច្បាប់បានបំផ្លាញបរិស្ថានរបស់​ស​កលលោក ​និងធនធានធម្មជាតិដែលយើងពឹងអាស្រ័យលើ ហើយវាគ្មានតម្លាភាពសម្រាប់កម្មករនិងអាជីវកម្មអាមេរិកដែលចៀ​សវាងប្រើប្រាស់ឈើប្រភេទនេះ។ 

ក្នុងមាត្រា៣ នៃកិច្ចព្រមព្រៀងចែងថា វៀតណាមត្រូវប្រាកដថា ឈើខុសច្បាប់ដែលរឹបអូសបានមិនត្រូវយកទៅបញ្ចូលក្នុងសង្វា​ក់ផ្គត់ផ្គង់សម្រាប់នាំចេញ ឬប្រើប្រាស់ក្នុងស្រុកជាលក្ខណៈឯកជន ឬពាណិជ្ជកម្ម ប៉ុន្តែត្រូវបំផ្លាញចោល បញ្ជូនត្រលប់ទៅប្រទេសដើមវិញ ទុកប្រើក្នុងកិច្ចការស្រាវជ្រាវវិទ្យាសាស្រ្ត ឬក្នុងការសាងសង់អ្វីផ្សេងៗក្នុងប្រទេសដែលផ្តល់ប្រយោជន៍ដល់សាធារ​ណៈ​។

ការិយាល័យក្រសួងពាណិជ្ជកម្មអាមេរិក បានផ្តួចផ្តើមការស៊ើបអង្កេតអំពីជំនួញឈើខុសច្បាប់ក្នុងប្រទេសវៀតណាម នៅខែតុលា ឆ្នាំ២០២០ ដោយអនុលោមតាមមាត្រា៣០១ នៃច្បាប់សកម្មភាពពាណិជ្ជកម្មឆ្នាំ១៩៧៤ របស់អាមេរិក។ ការស៊ើ​បអង្កេតនេះ គឺផ្តោតលើការអនុវត្ត គោលនយោបាយ និងសកម្មភាពរបស់រដ្ឋាភិបាលនៃប្រទេសនេះ ពាក់ព័ន្ធនឹងការនាំចេញនិ​ងប្រើប្រាស់ឈើខុសច្បាប់។

ក្នុងរបាយការណ៍កម្រាស់១០ទំព័ររបស់ទីភ្នាក់ងារស៊ើបអង្កេតផ្នែកបរិស្ថាន (EIA) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានឱ្យ​ថា នៅចន្លោះខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ខែមីនា ឆ្នាំ២០១៧ វៀតណាមបានលួចនាំឈើខុសច្បាប់ប្រមាណ៣០ម៉ឺនម៉ែត្រគូបពីកម្ពុជា ហើយធ្វើឱ្យទៅជាឈើស្របច្បាប់ ខណៈដែលកម្ពុជាបានចេញបម្រាមហាមឃាត់ការនាំចេញឈើពីតំបន់ការពារទៅក្រៅប្រទេស។

ដោយឡែក អង្គការគំនិតផ្ដួចផ្ដើមសកលប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន (Global Initiative Against Transnational Organized Crime) បានចេញរបាយការណ៍នៅខែមីនា ឆ្នាំ២០២១ ស្តីពីវិនាសកម្មព្រៃឈើនៅកម្ពុជាក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។ របាយការណ៍នោះ បានបង្ហាញពីគម្របព្រៃឈើនៅតំបន់ការងារ ត្រូវបានបាត់បង់ក្នុងអត្រាខ្ពស់បំផុតដល់ជាង៥សែនហិកតា ឬស្មើនឹងជិត១២ភាគរយ នៃគម្របព្រៃឈើសរុបលើផ្ទៃប្រទេស ដោយតាមរបាយការណ៍របស់ក្រសួងបរិស្ថាន មានជាង៨លានហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ