សាច់ញាតិ​លោក​ ចៅ វាសនា​ ស្នើ​ផ្ទេរ​មក​ឃុំ​ខ្លួន​នៅពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ​វិញ​ ខណៈ​លោក​កំពុង​មាន​ជំងឺ

នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០២១​ ក្នុងពិធី​ប្រកាស​លើកលែងទោស​ដល់​ទណ្ឌិត​ជា​ជនជាតិ​ខ្មែរ​ ចំនួន​២៧​នាក់​ ពី​៣​ខែ​ និង​៦​ខែ​ នៅ​ក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​។​ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

ក្រុមគ្រួសាររបស់អតីតចៅសង្កាត់ប៉ោយប៉ែត​មកពីបក្សសង្រ្គោះជាតិ លោក ចៅ វាសនា ​ស្នើខាងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ផ្ទេរអតីតមន្ត្រីបក្សប្រឆាំងរូបនេះមកពន្ធនាគារខេត្តបន្ទាយមានជ័យ ជាកន្លែងគ្រួសារកំពុងរស់នៅបច្ចុប្បន្នវិញ ខណៈគាត់​កំពុងធ្លាក់ខ្លួនឈឺ។

កូនស្រីរបស់លោក ចៅ វាសនា គឺអ្នកស្រី ចៅ រតនៈ ថ្លែងប្រាប់ វីអូឌី នៅថ្ងៃចន្ទ​ថា ឪពុករបស់គាត់ត្រូវបានអាជ្ញាធរបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង សិ្ថតនៅជាប់ព្រំដែនកម្ពុជា-វៀតណាម  ហើយបច្ចុប្បន្ននេះ គាត់មានបញ្ហាសុខភាព ដែលទាមទារឱ្យមានជាថ្នាំសង្កូវ និងមានការយកចិត្តទុកដាក់ផ្នែកស្មារតីផងដែរ។ 

អ្នកស្រីបញ្ជាក់ថា ដោយសារបញ្ហាជីវភាពនិងត្រូវចំណាយលុយច្រើនសម្រាប់ធ្វើដំណើរទៅសួរសុខទុក្ខឪពុកនៅជាប់ព្រំដែនវៀតណាមបែបនេះ អ្នកស្រីនៅតែស្នើទៅអាជ្ញាធរជួយផ្ទេរឪពុកពីពន្ធនាគារត្រពាំងផ្លុង មកឃុំខ្លួននៅពន្ធនាគារខេត្តបន្ទាយមានជ័យជាកន្លែងដែលខ្លួនរស់នៅវិញ ដើម្បីងាយស្រួលទៅសួរសុខទុក្ខ និងតាមដានសុខភាពរបស់ឪពុកឱ្យបានទាន់ពេលវេលា។

អ្នកស្រីមានប្រសាសន៍ថា៖ «បើប្តូរមក [ប្តូរពីពន្ធនាគារត្រពាំងផ្លុង មកពន្ធនាគារបន្ទាយមានជ័យ] វាស្រួលត្រង់ថា គាត់ [ឪពុកខ្ញុំ] នៅត្រឹមពន្ធនាគារខេត្ត ឯខ្ញុំនៅខាងប៉ោយប៉ែត។ អ៊ីចឹងខ្ញុំអាចប្រកបមុខរបររកស៊ីបន្តិចបន្តួចផង និងឆ្លៀត​ពេលបាន​ទៅលេង​គាត់ផង។ បើគាត់នៅបន្ទាយមានជ័យ មួយសប្តាហ៍ខ្ញុំអាចទៅសួរសុខទុក្ខគាត់​បាន២ដង។ ធម្មតា ជួបគាត់ផ្ទាល់ យើងមើលឃើញរូបរាងគាត់ យើងដឹងពីសុខភាពគាត់ច្បាស់ជាងពេលគាត់​និយាយ​ទូរសព្ទ។​ បើគាត់ឈឺ យើងអាចរកទិញ[ឱសថ]ពីខាងក្រៅ​ជូនគាត់បាន»។

អ្នកស្រី ចៅ រតនៈ បន្តថា៖ «[ផ្ទុយទៅវិញ នៅឆ្ងាយដូចបច្ចុប្បន្ន] ថ្នាំ! […] ជំងឺខ្លះក៏អត់មានថ្នាំអ៊ីចឹងមែន។ ខាងមន្ត្រីពន្ធនាគារគាត់ក៏ប្រាប់អ៊ីចឹងដែរ [​ថា​ប្រភេទ​ថ្នាំខ្លះ​មិនមាន​នៅ​ទីនោះទេ]។ យើងទទួលស្គាល់ទាំងអស់គ្នាថា មិនអាចផ្តល់ថ្នាំគ្រប់គ្រាន់។ ឧទាហរណ៍ថាគាត់ឈឺ ទម្រាំយើង​ធ្វើដំណើរពីប៉ោយប៉ែតដល់ត្រពាំងផ្លុង វាយូរណាស់ ចំណាយក៏ច្រើន [ជិត៥០០គីឡូម៉ែត្រ និងចំណាយសោហ៊ុយទៅ-មក មិនក្រោម២០០ដុល្លារអាមេរិក]»។

អ្នកស្រី រតនៈ ថាបើមិនអាចផ្ទេរបាន នោះគាត់មានការសោកស្តាយ ខណៈអ្នកស្រីអះអាងថា ធ្លាប់ស្នើសុំផ្ទេរកន្លែងឃុំខ្លួនឬពន្ធនាគារជាច្រើន​ដង​មកហើយ ប៉ុន្តែត្រូវបានខាងពន្ធនាគារបដិសេធ។

អ្នកនាំពាក្យអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ លោក នុត សវនា ប្រាប់ វីអូឌី នៅថ្ងៃទី៤ ខែតុលា​​ ថាការអនុញ្ញាតឱ្យផ្ទេរពីពន្ធនាគារមួយទៅមួយ លុះត្រាតែឆ្លងកាត់ការពិនិត្យ​ពីក្រសួង​មហាផ្ទៃ​ជាមុនសិន ដោយថា មន្ត្រីថ្នាក់ក្រោមមិនអាចសម្រេចបានទេ។ លោកបន្ថែមថា លោកបានឱ្យមន្ត្រី​ពន្ធនាគារ​ត្រួតពិនិត្យ​ពី​ស្ថានភាពលោក ចៅ វាសនា រួចហើយ គឺគាត់មានសុខភាពធម្មតា មិនដូចអ្វីដែលកូនស្រីគាត់​លើកឡើងឡើយ។

លោក នុត សវនា ថ្លែងថា៖ «គាត់ស្នើទៅអាជ្ញាធរខាងណា? បើគាត់ស្នើទៅប្រធានពន្ធនាគារៗអត់មាន​សិទ្ធិ​សម្រេចទេ។ ឱ្យគាត់ស្នើមកក្រសួងមហាផ្ទៃ គេពិនិត្យសម្រេចទៅតាមហ្នឹង ព្រោះអ្នកមាន​សិទ្ធិអនុញ្ញាត​​ឱ្យផ្ទេរ​ហ្នឹង ​ទាល់តែ​ទៅតាមចំនួន។ បើម្នាក់ពីរនាក់អីហ្នឹង អាហ្នឹងសម្រេចត្រឹមអគ្គនាយក [អគ្គនាយកដ្ឋានពន្ធនាគារ]។ បើផ្ទេរចាប់ពី៥០នាក់ឡើង ទាល់សុំដល់សម្ដេចក្រឡាហោម [ស ខេង]។ ហើយ​មួយទៀត សុខភាពគាត់​ល្អធម្មតាទេ ខ្ញុំឱ្យខាង​មណ្ឌលគេឆែក​មើលសុខភាព​គាត់ហើយ គាត់លេងកីឡាអីធម្មតាហ្នឹង។ អត់មានបញ្ហា​សុខភាព​អីដូចការបំភ្លៃការពិតហ្នឹងទេ»។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ពន្ធនាគារ​​​ត្រពាំងផ្លុង​ ជាកន្លែងដែលដាក់ឃុំអ្នកដែលជាទណ្ឌិត ពោលគឺមានសាលក្រមជាស្ថាពររួច។ លោកបន្តថា ពីខេត្តបន្ទាយមានជ័យទៅពន្ធនាគារត្រពាំងផ្លុង មានចម្ងាយឆ្ងាយ ដែលបង្កឱ្យ​​មានផលវិបាកសម្រាប់​គ្រួសារ​ជន​ជាប់ឃុំ ជាពិសេសបើគ្រួសារនោះមិនសូវមានថវិកា។

លោក អំ សំអាត បន្តថា៖ «នៅពេលដែលពន្ធនាគារនៅឆ្ងាយពេក លទ្ធភាពទៅមិនដល់ វាធ្វើឱ្យប៉ះពាល់អារម្មណ៍ ហើយមានភាពឯកោ​ដល់ជនដែលជាប់ឃុំ។ បើសិនជាជនដែលជាទណ្ឌិតជាប់ពន្ធនាគារនៅក្នុងខេត្ត​ដែលខ្លួន​រស់នៅ អាចនឹងមាន​ភាពងាយស្រួលសម្រាប់​គ្រួសារទៅសួរសុខទុក្ខ អាហ្នឹងជារឿងល្អប្រសើរ។ វាទាក់ទង​នឹងបញ្ហាផ្លូវចិត្ត អ្នកដែល​ឈឺ​ល្មមៗ បើសិនមានគ្រួសារទៅសួរសុខទុក្ខអ៊ីចឹង ជាការលើកទឹកចិត្ត។ អាហ្នឹងវាជួយ​បំបាត់ភាពតប់ប្រមល់ អារម្មណ៍​ធុញថប់ វាជួយសុខភាពមួយដែរ។ ប៉ុន្តែបើសិនជានៅដាច់ឆ្ងាយ ហើយមិនមាន​គ្រួសារបានទៅ​សួរ​សុខទុក្ខ អ៊ីចឹងវាបង្កអាភាព​ថប់​បារម្ភផង ក៏អាចមានជំងឺដែរ»។

លោកបន្ថែមថា ករណីលោក ចៅ វាសនា ធ្លាប់មានបញ្ហាសុខភាពពីមុនមកជាប្រចាំដែរ។ ទោះមាន​ភាព​ល្អប្រសើរឬអត់ ក៏ចៀសមិនផុតពីគ្រួសារមានការបារម្ភដែរ ដោយសារលោកធ្លាប់មានជំងឺប្រចាំកាយរួចទៅហើយ។ ​លោកថា បើសិនអគ្គនាយកដ្ឋានពន្ធនាគារអាចជួយ​សម្រួល​ផ្ទេរលោក វាសនា ឱ្យមកជាប់ឃុំនៅខេត្ត​បន្ទាយមានជ័យ​វិញ គឺជារឿងដ៏ប្រសើរ។

លោក ចៅ វាសនា ដែលជាអតីតចៅសង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ឆ្នោតមកពីគណបក្សសង្រ្គោះជាតិ ខណៈពេលនោះ លោកកំពុងជាប់ឃុំនៅក្នុងពន្ធនាគារនៅឡើយ។ លោក  ​ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារកាលពីខែ​កុម្ភៈ ឆ្នាំ២០១៧ ហើយនៅចុងឆ្នាំ២០២០ លោក​ត្រូវបានផ្ទេរទៅឃុំខ្លួនបន្តនៅពន្ធនាគារត្រពាំងផ្លុង។

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ចៅ វាសនា ត្រូវសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចឃុំខ្លួនដោយចោទប្រកាន់ចំនួន៣បទល្មើស ក្នុងនោះមាន បទ «ញុះញង់ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» បទ «សមគំនិតចូលរួមបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ» និងបទ «បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ» នៅក្នុងសំណុំរឿងបាតុកម្មហិង្សានៅមុខទីស្នាក់ការគយនិងរដ្ឋាករក្រុងប៉ោយប៉ែត កាលពីខែឧសភា ឆ្នាំ២០១៥ ក្នុងហេតុការណ៍កម្មករអូសរទេះតវ៉ា ហើយប៉ះទង្គិចជាមួយសមត្ថកិច្ច។

ចៅសង្កាត់មកពីបក្សប្រឆាំងដែលមាន​ដើម​កំណើតជា​ខ្មែរ​ក្រោមរូបនេះ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៥ឆ្នាំ ហើយបើគិតត្រឹមដើមខែតុលា ឆ្នាំ២០២១នេះ នៅសល់តែជាង៤ខែទៀត គឺដល់ពេលកំណត់នៃការអនុវត្តទោសចប់សព្វគ្រប់របស់លោកហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ