ម្ចាស់​គ្រឹះស្ថាន​សិក្សា​និង​អាជីវកម្ម​ដែល​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ចូល​ទីតាំង​ខ្លួន​ដោយ​មិន​បង្ហាញ​កាត​ចាក់​វ៉ាក់សាំង​ ត្រូវ​ប្រឈម​នឹង​ច្បាប់

ពលរដ្ឋម្នាក់កាន់កាតចាក់រ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ នៅពីមុខសាលាបឋមសិក្សាភ្នំពេញថ្មី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។ (ហង់ សុខហុង)

រដ្ឋបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការច្បាប់លើម្ចាស់គ្រឹះស្ថានសិក្សានិងម្ចាស់អាជីវកម្មទាំងអស់ដែលអនុញ្ញាតឱ្យពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង និងអាយុ៦ឆ្នាំដល់ក្រោម១៨ឆ្នាំ ចូលទីតាំងរបស់ខ្លួនដោយមិនបង្ហាញកាតចាក់វ៉ាក់សាំង ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី។

ក្នុងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី៥ ខែតុលានេះថា រដ្ឋាភិបាល បានអនុវត្តគោល​នយោបាយ​ជាតិ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សម្រេចបាន​លទ្ធផលល្អប្រសើរ ដែល​ក្នុង​នោះ រាជធានីភ្នំពេញត្រូវបានគេទទួលស្គាល់​ថា ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក ហើយ​អត្រានេះស្ទើរតែ១០០% ទាំងចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ និងកុមារ-យុវជនដែល​មានអាយុចាប់ពី៦ឆ្នាំដល់ក្រោម១៨ឆ្នាំ។

ករណីនេះ រដ្ឋបាលរាជធានីភ្នំពេញ ប្រាប់ម្ចាស់គ្រឹះស្ថាន​សិក្សា គណៈកម្មការផ្សារ ម្ចាស់ផ្សារម៉ាត ម្ចាស់​ភោជនីយដ្ឋាន ម្ចាស់អាជីវកម្មដ្ឋាន អាជីវករ វិស័យឯកជន និងសាធារណជន​ទាំង​អស់ ត្រូវឱ្យអ្នកមានអាយុចាប់ពី១៨ឆ្នាំឡើង និង​អាយុ៦ឆ្នាំដល់ក្រោម១៨ឆ្នាំ ដែលចូលទីតាំងរបស់ខ្លួន បង្ហាញកាតចាក់វ៉ាក់សាំងដែលចេញដោយក្រសួងសុខាភិបាល ឬកាតចេញដោយក្រសួងការពារជាតិ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បំប្លែងថ្មី។

ប៉ុន្តែបើសិនជាម្ចាស់គ្រឹះស្ថានសិក្សានិងម្ចាស់អាជីវកម្មទាំងអស់មិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញទេ នឹងត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន។

សេចក្ដីណែនាំមានខ្លឹមសារដូច្នេះថា៖ «បើមិនអនុវត្តតាមគោលការណ៍ណែនាំខាងលើ ត្រូវប្រឈមមុខនឹងការដកហូតអាជ្ញាបណ្ណឬលិខិតអនុញ្ញាត និងអាចឈានទៅបិទទីតាំង ព្រមទាំងត្រូវចាត់វិធានការច្បាប់ ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធជាធរមាន»។

បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏លើកទឹកចិត្តដល់ប្រជាពលរដ្ឋឬអ្នកដែលឃើញម្ចាស់គ្រឹះស្ថានសិក្សានិងម្ចាស់អាជីវកម្មទាំងអស់ណាដែលមិនអនុវត្តតាមវិធានការនេះ ត្រូវរាយការណ៍ទៅអាជ្ញាធរដែលនៅក្បែរនោះជាបន្ទាន់ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បានប្រសិទ្ធភាពខ្ពស់ផងដែរ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ការកំណត់ឱ្យម្ចាស់គ្រឹះស្ថានសិក្សានិងម្ចាស់អាជីវកម្មទាំងអស់អនុវត្តវិធានលើអ្នកមានអាយុចាប់ពី១៨ឆ្នាំឡើង និងអាយុ៦ឆ្នាំដល់ក្រោម១៨ឆ្នាំ ដែលចូលទីតាំងរបស់ខ្លួន បង្ហាញកាតចាក់វ៉ាក់សាំង ដើម្បីបញ្ចៀសការទទួលខុសត្រូវចំពោះមុខច្បាប់ មិនអាចរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បានទេ។

លោក គិមអេង ផ្តល់ជាអនុសាសន៍ថា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បាន លុះត្រាតែស្ថាប័ន​ពាក់ព័ន្ធ ម្ចាស់គ្រឹះស្ថាន ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ត្រូវរួមគ្នាអនុវត្តវិធានសុខាភិបាល «៣កុំ ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន។

លោកមានប្រសាសន៍ថា៖ «វិធានការសុខភិបាលក្នុងការទប់ស្កាត់ការចម្លងនៅកន្លែងដែលធ្វើអាជីវកម្មនីមួយៗ គឺជារឿងមួយដែលល្អបំផុត ហើយចំពោះកាតចាក់វ៉ាក់សាំង វាសំខាន់ហើយ! តែបើយើងយកកាតនោះជារឿងធំមែនទែន ដោយមិនពង្រឹងការអនុវត្តវិធានសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនទេ បញ្ហាឆ្លងរាលដាលវានៅតែកើតមាន ព្រោះកន្លងមក អ្នកចាក់ហើយម្តងឬពីរដងនៅតែមានអ្នកឆ្លង អ៊ីចឹងគួរតែមានវិធានការលើសពីនេះទើបជាការប្រសើរ»។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអង្គារទី៥ ខែតុលា ម្សិលមិញ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១១៣ ៧០៣នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១០៥ ៣៥០នាក់ អ្នកស្លាប់កើនដល់​ចំនួន​២ ៤១៨​នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩​ ១៣៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ