ក្រុម​អ្នក​វិភាគ​ថា​ចលនា​គាំទ្រ​ច្បាប់​កំណត់​ថ្នាក់​ដឹកនាំ​ជាតិ​ត្រូវ​មាន​សញ្ជាតិ​តែ​មួយ​ មិនមែន​ជា​រឿង​ថ្មី​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើរ​ស្វាគមន៍​មន្ត្រី និង​សមាជិក​បក្ស​ប្រជាជន ក្នុង​ថ្ងៃខួប​លើក​ទី៤១ឆ្នាំ នៃ​ទិវា​ជ័យជម្នះ ៧ មករា ១៩៧៩ – ២០២០។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)

ក្រុមអ្នកវិភាគយល់ឃើញ​ថា ចលនាគាំទ្រឱ្យ​មាន​ច្បាប់កំណត់​នាយករដ្ឋមន្ត្រី និងប្រធានស្ថាប័នជាតិ​កំពូល​៣ទៀតឱ្យ​មាន​សញ្ជាតិ​ខ្មែរតែមួយ ដែលផ្ដួចផ្ដើមឡើងដោយនាយករដ្ឋមន្ត្រីនោះ មិនមែនជារឿង​ថ្មីទេ និងថាការកំណត់បែបនេះជាការលុបបំ​បា​ត់សិទ្ធិ​សេរីភាព​របស់ពលរដ្ឋខ្មែរដែលកា​ន់សញ្ជាតិ២ ក្នុង​ការចូលរួមប្រកួតប្រជែងនយោបាយ​ដោយស្មើភាពគ្នាតាមបែបប្រ​ជាធិបតេយ្យ​ ដើម្បីឈានទៅកាន់តំណែងកំពូលៗរបស់ជាតិ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថានប័នរដ្ឋទាំងថ្នាក់ក្រសួង មន្ទីរ ខេត្ត-ខណ្ឌ រហូតដល់ឃុំ-សង្កាត់ ព្រមទាំងឯកជន និងសហជីពកម្មករមួយចំនួន បានចេញញត្តិគាំទ្រជាហូរហែភ្លាមៗ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើកែរដ្ឋធម្មនុញ្ញកំណត់តំណែងនា​យ​ករ​ដ្ឋមន្រ្តី និ​ងប្រ​ធានស្ថាប័នជាតិកំពូល៣ទៀត ត្រូវមានសញ្ជាតិខ្មែរតែមួយ។ 

សំណើនេះគឺធ្វើឡើងបន្ទាប់ពីកាសែតអង់គ្លេស The Guardian កាលពីសប្ដាហ៍មុន បានចុះផ្សាយថា លោកនាយករដ្ឋមន្រ្តីបានទិញសញ្ជាតិនិងលិ​ខិតឆ្លងដែនប្រ​ទេ​ស​​​មួយនៅអឺរ៉ុប។ ការចុះផ្សាយនេះត្រូវបានមេដឹកនាំអតីតគណបក្សប្រឆាំងដែលកំ​ពុងរស់នៅដោយនិរទេសខ្លួននៅប្រទេសបារាំង លោក សម រង្ស៊ី យកមកបកស្រាយថា ការទិញសញ្ជាតិបរទេសនេះ គឺមេដឹ​កនាំគណបក្សកាន់អំណាច លោ​ក ហ៊ុន សែន មានបំណងត្រៀមរត់ភៀសខ្លួនទៅក្រៅប្រទេស នៅក្រោយពេលលោកត្រូវបា​ត់បង់អំណាច។

ពាក់ព័ន្ធនឹងចលនាគាំទ្រនេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស​ នី មើលឃើញថា សារប្រកាសគាំទ្រទាំងនោះគឺជារឿងធម្មតា និងមិ​នមា​នអ្វីចម្លែកនោះទេ ហើយ​វាស្ទើរតែក្លាយ​ជាប្រពៃណី​ទៅ​ហើយ ដោយសារតែស្ថាប័នរដ្ឋទាំងថ្នាក់ជាតិនិងក្រោមជាតិទាំងនោះគ្រប់​គ្រងដោយមន្រ្តីឬសមាជិកគណប​ក្ស​កាន់អំណាចតែមួយ។ លោកបន្ថែមថា សកម្មភាពនេះអាច​ជាការចង់យកប្រៀប​លើគូបដិ​បក្ខរបស់អ្នកនយោបាយខ្មែរ នៅពេលដែលគេចង់ធ្វើអ្វីមួយ។ 

លោក មាស​ នី មានប្រសាសន៍ថា៖ «នេះវាជាសិទ្ធិរបស់​ស្ថាប័នមួយ ប៉ុន្តែ​ខ្ញុំយល់ឃើញថា​ ការ​រៀបចំញត្តិនេះ ​វា​មិន​មែន​ជាការ​ស្ម័គ្រចិត្តសុទ្ធសាធទេ ​តែវា​ជា​ការ​អំពាវនាវ​ ហើយ​ដោយសារ​តែ​ខ្សែបណ្ដាញរបស់រដ្ឋ ខ្សែបណ្ដាញរបស់​បក្សហ្នឹង​ ជា​បណ្ដាញ​តែមួយ​ អ៊ីចឹង​នៅពេលដែលមានការណែនាំ ស្ថាប័នមួយ​មាន​កាតព្វកិច្ចឆ្លើយតបជាវិជ្ជមាន»

ស្រដៀងគ្នានេះដែរ អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា លោក​មិនចាប់​អារម្មណ៍ចំពោះយុទ្ធនាការគាំទ្រគំនិតផ្ដួចផ្ដើមធ្វើវិសោធ​នកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ថ្នាក់ដឹកនាំ​ជាតិ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែមួយ​គត់នេះទេ ដោយលោកថា ការកំណត់សញ្ជាតិមួយសម្រាប់មុខតំណែងនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំស្ថាប័នកំពូល៣ទៀតនោះ គឺជារឿងមិនចាំបាច់។

លោកលើកឡើងថា​៖ «តាមពិត វា​អត់​ចាំបាច់អី​ទេ​ ប្រសិនជាវិធានការ​នេះ​គឺដើម្បី​ទប់​ស្កាត់ សម រង្ស៊ី មិន​ឱ្យ​ធ្វើ​នាយករដ្ឋ​មន្រ្តី​។ បើ​​តាមមើល​ គាត់​លើកឡើងក្នុងហ្វេសប៊ុក​​ហ្នឹង​ កថាខណ្ឌចុងក្រោយបង្អស់ យើងមើល​ទៅដូចវិធានការនេះ គឺវិធានការ​នេះ​ គឺ​ជា​ការ​ឆ្លើយតបទៅនឹង​លោក​ ​សម រង្ស៊ី»។

គួរបញ្ជាក់ថា កន្លងមក ក៏មានការចេញសេចក្ដីប្រកាសគាំទ្រពីស្ថាប័នរដ្ឋនិងឯកជន តាមប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី ដូចជា នៅរយៈពេលចុងក្រោយនេះ គឺការប្រមូលទិញផ្លែមានឬតាង៉ែនរបស់កសិករខ្មែរយ៉ាងគគ្រឹកគគ្រេង បន្ទាប់ពីទីផ្សារផលិតផលផ្លែឈើខ្មែរមួយនេះជួបបញ្ហា ដោយសារប្រទេសថៃផ្អាកការនាំចូល។

យ៉ាងណា អ្នកវិភាគសង្គម លោកបណ្ឌិត គឹម សុខ មើលឃើញថា ការចេញញត្តិឬសេចក្ដីប្រកាសគាំទ្រពីស្ថាប័នរដ្ឋនិងឯកជ​នមួយចំនួន ដែលលោកមើលឃើញមានទាំងតំណាងកម្មករ-កម្មការិនីទៀតនោះ គឺជាការព្យាយាមប្រើប្រាស់ឈ្មោះស្ថាប័នទាំ​ងនោះបិទបាំងគោលបំណងកែច្បាប់កំពូលរបស់រដ្ឋ បំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែលមានសញ្ជាតិពីរមិ​នឱ្យមានចូ​លរួមប្រកួតប្រជែងនយោ​បាយ​ដោយស្មើភាពគ្នា ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ដើម្បីដណ្ដើមយកតំណែងជានាយករដ្ឋមន្រ្តី។  

លោក គឹម សុខ ថ្លែងថា៖ «មកដល់ពេលនេះ គេបញ្ចេញជាតិ​ពិសរបស់គេកាន់តែខ្លាំងនិងធ្ងន់ធ្ងរ​ ដើម្បីបំផ្លាញអ្នកប្រជាធិបតេយ្យ។ បំភ័ន្ត២ គឺ​គេព្យាយាមប្រើឈ្មោះរបស់ប្រជាពលរដ្ឋខ្មែរកម្មករ-កម្មការិនី មន្រ្តីរាជការដោយឱ្យស្ថាប័ននានាដែលពាក់ព័ន្ធនឹងកម្មករនិងមន្រ្តីរាជការហ្នឹង ចេញនូវលិខិតគាំទ្រនូវគំនិតរបស់គេ ដែលគំនិតរបស់គេហ្នឹងគឺជាគំនិតដើម្បីការពារផែនការអំណាចរបស់គេដែលជាជនកម្មុយនីស្ត»។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ថ្លែងថា ស្ថាប័នរដ្ឋស្ទើរតែទាំងអស់ដែលស្ថិតក្រោមគណៈរដ្ឋមន្រ្តី និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត បានគាំទ្រសំណើរបស់លោកនាយករដ្ឋមន្រ្តី ហើយគណៈរដ្ឋមន្រ្តីបានបោះឆ្នោតអនុម័តលើសេចក្ដីព្រាងកំណត់សញ្ជាតិមួយ និងបញ្ជូនទៅរដ្ឋសភាហើយ។

លោកថា ចលនាគាំទ្រទាំងនេះ គឺបង្ហាញពីការយល់ស្របរបស់ស្ថាប័នទាំងនោះចំពោះសំណើរបស់លោកនាយករដ្ឋម​ន្រ្តី ក្រោ​មគោលគំនិតដើម្បីធានាថា អ្នកទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិមិនស្ថិតនៅក្រោមឥទ្ធិពលបរទេស។ លោកបន្ថែមថា គោលការណ៍​ច្បាប់នេះក៏មានចែងក្នុងប្រ​ទេ​សប្រ​ជាធិបតេយ្យមួយចំនួនទៀត ដូចជា សហរដ្ឋអាមេរិក មីយ៉ាន់ម៉ា និងប្រទេសថៃ។

លោកមានប្រសាសន៍ថា៖ «នេះយើងធ្វើដូចតែគេដូចតែឯង មិនខុសទេ សូម្បីនៅតំបន់យើងហ្នឹង ក្នុងប្រទេសភូមា ប្រ​ទេសថៃ និងប្រទេសមួយចំនួនទៀត នៅជាមួយយើងហ្នឹង ក៏គេឈរនៅលើជំហរហ្នឹងដែរ។ ដូច្នេះ អ្វីដែលជាសំខាន់ហ្នឹង គឺជោ​គវាសនារបស់ប្រទេសជាតិហ្នឹង មិនរំពឹងឱ្យអ្នកខាងក្រៅមកលូកលាន់នៅក្នុងសាច់រឿងរបស់កម្ពុជាឬរបស់ប្រទេស»។ 

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត សេង សារី យល់ថា ការចេញញត្តិគាំទ្រនេះ ដោយសារតែមានការជំរុញនិង​ការអំពាវនាវ ដើម្បីឱ្យសាធារណជនយល់ថាសេចក្ដីផ្ដើមច្បាប់នេះមិនមែនកើតចេញពីជម្លោះនយោបាយរបស់លោក សម រង្ស៊ី និងលោក ហ៊ុន សែន នោះទេ។

លោកថា៖ «នេះក៏ជាវិធីសាស្រ្តមួយដើម្បីទៅថ្ងៃក្រោយទៅបានបង្ហាញថា ច្បាប់នេះមិនបានកើតឡើងដោយសារតែចេញពីជម្លោះពាក្យសម្ដីលើបណ្ដាញសង្គមរវាងសម្ដេច ហ៊ុន សែន និងលោក សម រង្ស៊ី។ ប៉ុន្តែច្បាប់នេះ វាជាតម្រូវការរួមរបស់ពលរដ្ឋ អ៊ីចឹងហើយបានជារដ្ឋាភិបាលហ្នឹងជំរុញឱ្យមន្រ្តីរាជការ ឱ្យកងកម្លាំងប្រដាប់អាវុធចេញញត្តិគាំទ្រ តាមរយៈការបែកសារជាសំឡេងពីឯកឧត្ដម ហ៊ុន ម៉ានី កូនប្រុសរបស់សម្ដេច ហ៊ុន សែន»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី៦ ខែតុលា បាន​បញ្ជាឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ សិក្សា​រៀបចំ​ធ្វើសេចក្តីព្រាង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ កំណត់ឱ្យថ្នាក់ដឹកនាំ​ជាតិ​ដែល​កាន់​តួនាទី​ជានាយករដ្ឋមន្ត្រី ​ប្រធាន​ព្រឹទ្ធសភា ​ប្រធា​ន​រដ្ឋសភា និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែ​មួយ។ ភ្លាមៗ​ ក្រោយ​ពី​ការ​ប្រកាស​នេះ ក្រសួង មន្ទីរ និងស្ថាប័ន​ឯកជនមួយចំនួន បាន​ចេញ​សេចក្ដីប្រកាស និង​ញត្តិគាំទ្រ​យ៉ាង​ព្រោងព្រាត​ ដោយ​មានទាំង​ក្រសួងយុត្តិធម៌ កងទ័ពជើ​ង​គោ​ក មន្រ្តីរាជការជាច្រើនផ្សេងទៀត។ 

សំណើនោះ លោក ហ៊ុន សែន ថ្លែងថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ