អ្នក​វិភាគ​៖​ ចិន​ព្យាយាម​ពង្រីក​ឥទ្ធិពល​និង​ការ​គ្រប់គ្រង​របស់​ខ្លួន​លើ​មីយ៉ាន់ម៉ា

ទិដ្ឋភាពនៅតាមដងវិថីក្នុងទីក្រុងនៃប្រទេសមីយ៉ាន់ម៉ា កាលពីពេលកន្លងទៅ។ (A24 News)

ខណៈ​ប្រទេសមីយ៉ាន់ម៉ាជួបប្រទះបញ្ហាអសន្ដិសុខ ប្រទេសចិនបាននិងកំពុងខិតខំប្រឹងប្រែងនិងឆ្លៀតយកឱកាសនេះ ដើម្បីទទួលបានឥទ្ធិពលកាន់តែខ្លាំងឡើង​លើប្រទេសដែ​ល​ស្ថិតនៅក្នុងភាពចលាចលមួយនេះ។

តាមរយៈការអូសទាញមីយ៉ាន់​ម៉ា​ឱ្យធ្លាក់ចូលទៅក្នុងអស្ថិរភាពកាន់តែខ្លាំង ប្រទេសចិនបានពង្រឹងការ​វិនិយោគរបស់ខ្លួននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក្នុងគោលបំណងដើម្បីបន្តគម្រោងគំនិត​ផ្ដួចផ្ដើម​​ «ខ្សែក្រវាត់និង​ផ្លូវ» (BRI) របស់ខ្លួនឡើងវិញ ក្រោយពីត្រូវបានផ្អាកអស់រយៈពេល៥​ឆ្នាំដោយ​រដ្ឋាភិបាលជាប់ឆ្នោតរបស់មីយ៉ាន់ម៉ា។

ទាក់ទិននឹងករណីនេះ ក្រុមអ្នកវិភាគមួយចំនួនលើកឡើង​ថា ប្រទេសចិន​កំពុងតែចាប់ផ្ដើមប្រើប្រាស់វិធីសាស្ត្រជាក់ស្តែង និងផ្តោតលើផលប្រយោជន៍មួយចំពោះប្រទេសមីយ៉ាន់ម៉ា។ ក្រុមអ្នកសង្កេតការណ៍នានាបានអះអាងផងដែរថា គម្រោង BRI របស់ចិន ក៏កំពុងតែបង្កការបំផ្លិចបំផ្លាញ​ដល់បរិស្ថាន ខណៈដែលប្រជាជនមីយ៉ាន់ម៉ាមិនទទួលបានអត្ថប្រយោជន៍អ្វីពីការវិនិយោគរបស់ចិនដែលធ្វើឡើងនៅក្នុងតំបន់របស់ពួកគេឡើយ។

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន A24 News អ្នកវិភាគនិងជាអ្នកស្រាវជ្រាវមួយរូបមកពីស្ថាប័ន Nyan Lynn Thit Analytica លោក Moe Htet Nay ថ្លែងថា៖ «អស់រយៈពេលជាច្រើនឆ្នាំមកហើយដែល​ប្រទេសចិនបានខិតខំស្វែងរកធនធានធម្មជាតិ និងចង់មានឥទ្ធិពលលើប្រជាជនមីយ៉ាន់ម៉ា។ ខ្ញុំអាចធ្វើការសន្មតបានថា ពួកគេ [ចិន] នៅតែចង់ធ្វើអ្វីដែលពួកគេត្រូវធ្វើ ដើម្បីទទួលបានផលចំណេញ មិនថាមានរឿងអ្វីកើតឡើងនៅក្នុងប្រទេសរបស់យើងនោះទេ»។

លោកបន្តថា៖​ «មួយវិញទៀត ជម្លោះនយោបាយគឺកំពុងតែកើតឡើងកាន់តែច្រើនឡើងនៅភូមានេះ។ សូម្បីតែចលនាប្រឆាំងនឹងរបបយោធា ក៏បានឈានដល់សកម្មភាពដូចជា ការប្រើប្រាស់អាវុធដើម្បីតបតទៅនឹងរបបយោធាដែរ។ ប៉ុន្តែពួកគេ [ចិន] មិនខ្វល់ពីបញ្ហានេះឡើយ ហើយនៅតែបន្តធ្វើអ្វីដែលពួកគេចង់ធ្វើ»។

លោក Moe Htet Nay បានថ្លែងបន្តថា៖ «ម៉្យាងវិញទៀត ចិនមិនជឿលើក្រុមប្រឹក្សាយោធា [Military Council] នោះទេ និងមិនគាំទ្រទាំងស្រុង ដូចអ្វីដែលពួកគេធ្លាប់បានធ្វើកាលពីពេលកន្លងទៅ នៅក្នុងកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ ឬក្នុងទំនាក់ទំនងអន្តរជាតិ ជាមួយបណ្ដាប្រទេសអឺរ៉ុបដទៃទៀតឡើយ។ នោះហើយជាមូលហេតុដែលចិនលើកឡើថា ការចរចានិង​ការពិភាក្សាអន្តរជាតិនានាគួរតែត្រូវផ្អាកធ្វើឡើងលើរដ្ឋប្រហារភូមា»។

លោកបន្ថែមថា៖ «ខ្ញុំយល់ថា ចិនកំពុងធ្វើកិច្ចការនេះ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន ពីព្រោះប្រសិនបើសង្រ្គាមស៊ីវិលផ្ទុះឡើងនៅក្នុងប្រទេសទាំងមូល វានឹងប៉ះពាល់ឬក្លាយជាបញ្ហាធំចំពោះគម្រោងផ្ទាល់ខ្លួននានារបស់ចិនដែលមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា»។

លោកបន្តថា៖ «ផលចំណេញពីការវិនិយោគអន្តរជាតិផ្សេងៗ គួរតែត្រូវបានបែងចែកឱ្យបានស្មើគ្នា ហើយផលប្រយោជន៍ទៀតសោតក៏គួរតែផ្ដល់ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលគម្រោងទាំងនេះធ្វើឡើងផងដែរ»។

លោក Moe Htet Nay បានគូសបញ្ជាក់ថា៖ «ប្រសិនបើអត្ថប្រយោជន៍មិនត្រូវបានផ្ដល់ជូនស្មើគ្នាសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះទេ លទ្ធផលដែលចង់បាននឹងមិនអាចសម្រេចបានពីគម្រោងទាំងនេះឡើយ មិនថាជាប្រទេសចិនឬប្រទេសដទៃទៀតដែលវិនិយោគក្នុងតំបន់នោះទេ។ ខ្ញុំគិតថា លទ្ធផលទាំងនេះនឹងមិនផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិនោះទេ ហើយវាក៏គ្មានចំណុចវិជ្ជមានណាមួយចេញពីការបង្កើតគម្រោងទាំងនេះផងដែរ»។

ជាមួយគ្នានេះ អ្នកវិភាគមួយរូបទៀត លោក Shwe Kyal Moe បានឱ្យដឹងផងដែរថា៖ «កាលពីសម័យរដ្ឋាភិបាលជាប់ឆ្នោត ចិននិងមីយ៉ាន់ម៉ាមានទំនាក់ទំនងយ៉ាងល្អ។ គម្រោង BRI មួយចំនួន ដូចជា គម្រោង​ទំនប់ និង​គម្រោងមួយចំនួនដែលមិនទទួលបានការគាំទ្រពីសាធារណជន ត្រូវបានផ្អាក។ ទោះជាយ៉ាងណា ចំនួនការវិនិយោគធំៗពីបរទេសក្រោមរដ្ឋាភិបាលជាប់ឆ្នោតក្នុងរយៈពេល៥​ឆ្នាំចុងក្រោយនេះ មិនច្រើនដូចគម្រោងរបស់ប្រទេសចិននោះទេ»។

លោកបន្តថា៖ «យើងខ្វះផលិតភាពនៅក្នុងសង្គមរបស់យើង ដែលមានន័យថា យើងគ្មានសមត្ថភាពផលិត ហើយយើងគ្មានអំណាចវិនិយោគអ្វីផ្សេងក្រៅពីប្រទេសចិននោះទេ។ អស់រយៈពេលជាច្រើន ចិនបានធ្វើពាណិជ្ជកម្មយ៉ាងច្រើននៅមីយ៉ាន់ម៉ា ដោយចាប់ផ្តើមពីផលិតផលតូចៗរហូតដល់ផលិតផលធំ»។

លោកបន្ថែមថា៖ «ក្នុងពេលបច្ចុប្បន្ននេះ ប្រសិនបើគម្រោង ​​”ខ្សែក្រវាត់និង​ផ្លូវ” ត្រូវបានបង្ខំឱ្យបញ្ឈប់ នោះវានឹងធ្វើឱ្យមានការខាតបង់ទាំងសងខាង។ ប្រជាពលរដ្ឋដែលពឹងផ្អែកលើគម្រោងទាំងនេះនឹងខាតបង់ ហើយចិនក៏នឹងបាត់បង់ការវិនិយោគក្នុងចំនួនច្រើនផងដែរ»។

ទាក់ទងនឹងសំណួរថាតើហេតុអ្វីបានជាចិនព្យាយាមក្នុងការបន្តគម្រោងរបស់ខ្លួនឡើងវិញ អ្នកវិភាគរូបនេះបញ្ជាក់ថា៖ «ចិនចង់រក្សាស្ថានភាពបច្ចុប្បន្នរបស់ប្រទេសនេះឱ្យស្ថិតក្នុងស្ថានភាពលំបាក ដើម្បីឱ្យយើងនៅតែត្រូវពឹងផ្អែកលើពួកគេបន្តទៀត។ ហើយរឿងមួយ គឺថាពួកគេប្រាកដជានឹងមិនបោះបង់ចោលការវិនិយោគអាជីវកម្មណាមួយនាពេលបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ ដែលនឹងនាំឱ្យពួកគេទទួលបានវិធីកាន់តែល្អប្រសើរជាងមុន ដើម្បីគ្រប់​គ្រងនិង​រក្សា​ការវិនិយោគរបស់ពួកគេ»។

លោកបន្ថែមថា៖ «ផលអវិជ្ជមានអំពីគម្រោង “​​ខ្សែក្រវាត់និង​ផ្លូវ” រួមមានគុណសម្បត្តិនិងប្រាក់ចំណេញ​ដែលទទួលបានពីគម្រោងទាំងនេះ នឹងមិនអាចត្រូវបានគ្រប់គ្រងដោយប្រជាពលរដ្ឋនៅក្នុងតំបន់ដែលពាក់ព័ន្ធនោះទេ ខណៈដែលអត្ថប្រយោជន៍និងប្រាក់ចំណេញទាំងឡាយនឹងមិនបានទៅដល់ដៃអ្នកស្រុកឡើយ។ កត្តាមិនល្អពីគម្រោង​​ “ខ្សែក្រវាត់និង​ផ្លូវ” ផ្សេងទៀតពីគម្រោងនេះ គឺវាបង្កជាការខូចខាតឬបំផ្លិចបំផ្លាញដល់បរិស្ថានធម្មជាតិ»។

អ្នកវិភាគរូបនេះបន្ថែមថា៖ «ដូច្នេះហើយ បញ្ហានេះគួរតែត្រូវពិភាក្សាជាមួយអ្នកជំនាញនានា ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់បរិស្ថាន។ បច្ចុប្បន្ន យើងហាក់បីដូចជាឃ្លាតឆ្ងាយពីការអភិវឌ្ឍអាជីវកម្មសកល ដែលទាមទារឱ្យយើងត្រូវប្រើគម្រោង​​ “ខ្សែក្រវាត់និង​ផ្លូវ” នេះ ដើម្បីកែលម្អឬឆ្ពោះទៅមុខក្នុងការអភិវឌ្ឍអាជីវកម្មសកល​របស់​យើង។ គម្រោង​​​ “ខ្សែក្រវាត់និង​​ផ្លូវ” ពាក់​ព័ន្ធ​ជាមួយ​ប្រទេសជាច្រើន ដែលធ្វើឱ្យចរាចរទំនិញមានចំនួនច្រើនជាងមុន។ ដូច្នេះ ខ្ញុំគិតថា វានឹងផ្ដល់ផលចំណេញនិងជាអត្ថប្រយោជន៍សម្រាប់ប្រទេសយើង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ