រដ្ឋា​ភិបាល​សម្រេច​ផ្អាក​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ​ ដោយសារ​រលក​ចម្លង​កូវីដ-១៩

សកម្មភាពហ្វឹកហាត់សមរបស់ក្រុមកីឡាករអុំទូក មុននឹងចាប់ផ្ដើមពិធីប្រណាំងទូកចាប់ផ្ដើម នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ ជន ចាន់រ៉ែន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសនៅថ្ងៃនេះថា ពិធីបុណ្យអុំទូក​នៅឆ្នាំនេះត្រូវ​ផ្អាកជាថ្មី​ ដោយ​សារ​​បញ្ហា​ជំងឺ​កូវីដ-១៩។

ព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះ​ព្រះ​ខែ នៅឆ្នាំ២០២១នេះ នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​​៣ថ្ងៃ ចាប់​ពី​ថ្ងៃទី​១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បាន​ថ្លែង​ក្នុង​ពិធី​ចូល​កាន់​តំណែង​អភិបាល​ខេត្ត​បាត់​ដំបង នា​ព្រឹកថ្ងៃ​ចន្ទនេះ​ថា បញ្ហាជំងឺកូវីដ-១៩ មិនទាន់ដឹង​ថានឹងត្រូវបិ​​ទ​បញ្ចប់នៅ​ពេលណានោះទេ ដែល​ការ​នេះតម្រូវ​​ឱ្យ​ពលរដ្ឋគ្រប់​រូបត្រូវចេះសម្របខ្លួនរស់នៅជា​មួយស្ថានភាពនេះ តាមវិធានសុខាភិបាលនិងការណែ​នាំ​របស់​​រដ្ឋាភិបាល ដើម្បីទប់ស្កាត់រលកចម្លង។

លោកថា៖ «ឥលូវនេះ យើងចូលដល់ខែតុលា​ គឺខែ១០! តាមការសម្រេចរបស់រដ្ឋាភិបាល ឆ្នាំនេះ​គឺយើ​ងមិន​បាន​ធ្វើបុ​ណ្យអុំទូក អកអំបុក ដូចបណ្ដាឆ្នាំមុនៗទេ ដោយសារបញ្ហាកូវីដ»។

កាលពីឆ្នាំមុន រដ្ឋាភិបាលក៏បា​នប្រកាស​ផ្អាកព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះ​ព្រះ​ខែ​ នៅរាជធានីភ្នំពេញ ដោយសារ​វិបត្តិជំងឺកូវីដ-១៩នេះផងដែរ។

គួរបញ្ជាក់ថា ​កម្ពុជា​ក៏​ធ្លាប់​ខកខាន​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​មួយ​នេះ​​រយៈ​ពេល៣ឆ្នាំ​ជាប់ៗគ្នាកាល​ពី​ឆ្នាំ២០១១ ឆ្នាំ២០១២ និង​ឆ្នាំ២០១៣ ក្រោយ​ពី​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ ដែល​បណ្ដាល​ឱ្យ​​​មនុស្ស​ជាង៣៥០នាក់​ស្លាប់ និង​​ដោយសារ​ហេតុ​ផល​គ្រោះ​ទឹក​ជំនន់ និង​ក្រោយ​ការ​សោយ​ទិវង្គត​របស់​ព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ នរោត្ដម សីហនុ។ ក្នុង​ឆ្នាំ២០១៤ ពិធី​បុណ្យ​អុំទូក​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​វិញ តែ​ក៏​បាន​ខកខាន​ម្ដង​ទៀត​នៅ​ឆ្នាំ២០១៥ ​ដោយសារ​កម្ពស់​ទឹក​ទន្លេ​រាក់​​ពេក​ ​មិន​អាច​អុំទូក​បាន។

ដោយឡែក ក្នុងពិធីផ្លាស់ប្ដូរតំណែងអភិបាល​ខេត្តបាត់ដំបងនៅព្រឹកមិញនេះ​ដែរ​ លោក ស ខេង រដ្ឋម​ន្ត្រីក្រសួងមហាផ្ទៃ ក៏​បានបន្តផ្ដាំផ្ញើអតីតអភិបាលខេត្តកំពង់ធំ លោក សុខ លូ ដែលត្រូវមកកាន់តំណែងជាអភិបាលខេត្តបាត់ដំបង ជំនួសលោក ងួន រតនៈ ដែល​ត្រូវប្ដូរទៅកាន់ខេត្តកំពង់ធំវិញនោះ​ ឱ្យ​បន្ត​​ដោះ​ស្រាយ​បញ្ហានៅមូលដ្ឋានជូនប្រជាពលរដ្ឋ និងពង្រឹងផ្ទៃក្នុង ខណៈរដ្ឋាភិបាលនឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២២ខាងមុខ។

បើតាមមេដឹកនាំរូបនេះ ការផ្លាស់ប្ដូរអភិបាលខេត្ត គឺដើម្បីពង្រឹងប្រសិទ្ធភាពការងារជូនប្រជាពលរដ្ឋ ហើ​យថាបច្ចុប្បន្ន ខេត្តបាត់ដំបងមានអភិបាលខេត្តចំនួន១១រូបហើយ ត្រូវបានផ្លាស់ប្ដូរមកដឹកនាំខេត្តនេះ​ គិតត្រឹមអភិបាលថ្មី លោក សុខ លូ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ