លោក​ ហ៊ុន សែន​ ជំរុញ​ទៅ​អ្នក​នយោបាយ​ដែល​ចង់​បាន​តំណែង​កំពូល​របស់​ជាតិ​ត្រូវ​ហ៊ាន​លះបង់​សញ្ជាតិ​បរទេស

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញទៅអ្នកនយោបាយដែលចង់ប្រកួតយក​តំណែងកំពូលៗរបស់​ជាតិ ត្រូវហ៊ាន​លះបង់​សញ្ជាតិ​បរទេស​ចោល ដើម្បីបម្រើប្រយោជន៍ជាតិខ្លួនឯង។

ការជំរុញរបស់លោក ហ៊ុន សែន បែបនេះ តាមរយៈ​ការបញ្ចេញមតិ​ (Comment) មួយលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី​១១ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ ឆ្លើយតបទៅគណនីហ្វេសប៊ុករបស់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសម្នាក់ ឈ្មោះ «ចិត្រា អង្គុល្លីមារ កែវ» ដែល​លើក​ឡើង​អំពី​ព្រះរាជ​សារ​របស់​ព្រះមហាក្សត្រ ឯកភាព​ឱ្យក្រុមប្រឹក្សាធម្មនុញ្ញចាត់ចែងសេចក្ដីព្រាងច្បាប់ស្តីពី «ការកំណត់​សញ្ជាតិមួយ​» សម្រាប់​តំណែង​កំពូលៗ​របស់ជាតិចំនួន​៤។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញមតិទៀតថា ទោះបីជា​ធ្វើវិសោធនកម្មច្បាប់ រដ្ឋធម្មនុញ្ញក៏​នៅតែ​រក្សា​ទ្វារចំហសម្រាប់ប្រ​ជាពលរដ្ឋខ្មែរដែលមានសញ្ជាតិពីរឬ​ច្រើនចូល​មក​បម្រើជាតិ លើកលែង​តែតំណែង​កំពូល​ទាំង​៤ ជាពិសេស​តំណែង​នាយករដ្ឋមន្រ្តីតែម្តង។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន សរសេរដូច្នេះថា៖ «រដ្ឋធម្មនុញក្រោយធ្វើវិសោធនកម្ម បានរក្សាទ្វារចំហសម្រាប់បងប្អូនដែល​មានសញ្ជាតិ២ឬច្រើន មកធ្វើការងារក្រៅពីតំណែងទាំង៤ខាងលើ។ ដូច្នេះ បងប្អូនដែលមានសញ្ជាតិច្រើន គ្មានអ្វីត្រូវខាតបង់នោះឡើយ លើកលែងតែបុគ្គលដែលប្រាថ្នាកាន់តំណែងកំពូលទាំង៤ ពិសេស​តំណែងជានាយករដ្ឋមន្ត្រីដែលគេចង់បានជាង២០ឆ្នាំមកហើយ តែគេមិនអាចទទួលបានដោយសារក្បាច់ទាត់គេ​បាក់ជើងខ្លួនឯង​ នាពេលកន្លងមក។ ពិសេសប្រើក្បាច់ពិសេសចុងក្រោយនេះ​ គឺក្បាច់ Good bye prime minister !»។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនប្រើពេលយូរទេ ព្រោះសេចក្ដីថ្លែងហេតុនិងលិខិតរបស់លោក​បានបញ្ជូនដល់សភារួចហើយ។ ករណីនេះ លោកថា បើអ្នកនយោបាយដែលស្រឡាញ់​​ជាតិពិតប្រាកដ ពួកគេត្រូវហ៊ានលះបង់សញ្ជាតិបរទេសមកបម្រើប្រយោជន៍​យូរអង្វែងរបស់ជាតិខ្មែរ។

លោក​បញ្ជាក់ថា៖ «នេះជាផលប្រយោជន៍យូរអង្វែងរបស់ជាតិ ប្រសិនគេស្រឡាញ់ជាតិពិតប្រាកដ គេមិនខ្លាចលះបង់សញ្ជាតិបរទេសមកបម្រើជាតិខ្មែរ នៅក្នុងឋានៈជានាយករដ្ឋមន្ត្រី ជាប្រធានរដ្ឋសភា ជាប្រធាន​ព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញទេ»។

ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ ម៉ូនីកា មានប្រសាសន៍នៅថ្ងៃអង្គារនេះ​ថា​ លោកមិនចាប់អារម្មណ៍នឹងការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញនេះទេ ព្រោះបើការធ្វើវិសោធនកម្មនេះមានប្រយោជន៍សម្រាប់ជាតិមែន ថ្នាក់ដឹកនាំពីមុនៗនឹងធ្វើវិសោធនកម្មតាំង​ពីឆ្នាំ១៩៩៣ម​ក​ម្ល៉េះ។

ករណី​នេះ លោក​យល់ឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ «សញ្ជាតិខ្មែរតែមួយ» ធ្វើឡើងដើម្បីសងសឹកផ្នែកនយោបាយរវាងបក្សកាន់អំណាច និងមេដឹកនាំអតីតប្រឆាំងតែប៉ុណ្ណោះ។

លោកមានប្រសាសន៍ថា៖ «ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិតែមួយសម្រាប់ប្រធានស្ថាប័នកំពូលទាំង៤របស់ជាតិនេះ គឺធ្វើឡើងគ្រាន់តែជាការសងសឹកផ្នែកនយោបាយរវាងអ្នកនយោបាយ​គណបក្សកាន់អំណាច និងមេដឹកនាំនៃអតីតបក្សប្រឆាំងដែលនៅក្រៅប្រទេស​តែប៉ុណ្ណោះ»។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា រដ្ឋសភាបានទទួលសេចក្ដីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ​ ពីក្រុមប្រឹក្សាធម្មនុញ្ញ កាលពីល្ងាចថ្ងៃ​ម្សិលមិញ។ ប៉ុន្តែលោកថា សេចក្ដីព្រាងនោះនឹងត្រូវគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាលើកយកទៅប្រជុំនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក នៅវិមានរដ្ឋសភា។

លោកមានប្រសាសន៍ថា៖ «គណៈកម្មាធិការអចិន្ត្រៃយ៍ប្រជុំថ្ងៃទី១៤ គឺដើម្បីបញ្ជូនសេចក្ដីព្រាងច្បាប់ទៅគណៈកម្មាធិការជំនាញរបស់រដ្ឋសភា ​ស្រាវជ្រាវ​ ពិនិត្យ និងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍វិញ។ ហើយបើសិនជាលោកថាច្បាប់ហ្នឹងមានប្រយោជន៍ជាដើម លោកស្នើសុំមកគណៈអចិន្ត្រៃយ៍ ដើម្បីដាក់ជូនទៅក្នុងសម័យប្រជុំពេញអង្គរបស់រដ្ឋសភា»។

កាលពីថ្ងៃ​ម្សិលមិញ ក្រុមប្រឹក្សាធម្មនុញ្ញ បានទូលថ្វាយព្រះមហាក្សត្រថា សេចក្ដីព្រាងវិសោធនកម្ម​​រដ្ឋ​ធម្មនុញ្ញ ស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ» ចំពោះថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់​ជាតិ ដូចជា ​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​នាយករដ្ឋមន្ត្រី ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់ ធ្វើឡើង​ស្របតាមបរិបទនៃសភាពការណ៍ជាក់ស្តែង និងពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោ​យរដ្ឋធម្មនុញ្ញនោះទេ។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មានប្រសាសន៍ថា ការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីកំណត់ «សញ្ជាតិខ្មែរតែមួយ» ចំពោះថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ នៅក្នុងដំណាក់កាលនេះ ជាឱកាសរបស់បក្សកាន់អំណាចយកចំណេញពីដៃគូប្រកួតប្រជែងនយោបាយរបស់ខ្លួនដែលមានសញ្ជាតិបរទេស ហើយមិនធ្វើឱ្យចំណេញដល់ជាតិនោះទេ ។

លោកមានប្រសាសន៍ថា៖ «នៅក្នុងកាលៈទេសៈនេះ សម្រាប់អ្នកដែលចង់ប្រកួតប្រជែងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេសខ្មែរដែលកំពុងរស់នៅក្រៅប្រទេស ហើយមានសញ្ជាតិបរទេស ជាបញ្ហាចម្រូង​ចម្រាសណាស់​នាពេលបច្ចុប្បន្ន។ ហើយនៅក្នុងកាលៈទេសៈនេះ ខ្ញុំយល់ឃើញថា វាមិនមានផលចំណេញទេសម្រាប់​សង្គម ក៏ប៉ុន្តែវាមានផលចំណេញសម្រាប់ក្រុមគណបក្សនយោបាយមួយចំនួនដែលកំពុងតែធ្វើនយោបាយក្នុងសង្គមរបស់​យើង ហើយកំពុងគ្រប់គ្រងអំណាច»។

កាលពីថ្ងៃទី១០ ខែតុលា អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា ច្បាប់ថ្មីដែលលោក ហ៊ុន សែន ចង់ធ្វើ​ដើម្បីបិទទ្វារជារៀងរហូតមិនឱ្យ​​លោក​ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនោះ គឺ​អត់ប្រយោជន៍ទេ ដោយថា បើត្រូវសាច់រឿង អតីតមេបក្សប្រឆាំងរូបនេះ​នឹងលាសញ្ជាតិទី២របស់​ខ្លួន គឺសញ្ជាតិបារាំង មុនចូលកាន់តំណែង។

លោក សម រង្ស៊ី សរសេរថា៖ «ពីព្រោះច្បាប់ដែលលោក ហ៊ុន សែន ចង់ធ្វើនោះ មិនអាចយកជាការបានទេ ពីព្រោះវានឹងចេញមកពីរដ្ឋសភាឯកបក្ស ទីងមោង មិនស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយឆ្នាំ២០១៨។ ២- ខ្ញុំបានស្នើឱ្យ​​មេដឹកនាំនយោបាយ​ទាំង​អស់មក​ពី​គ្រប់​គណបក្ស ចូលនិវត្តន៍គ្រប់គ្នាចាប់ពីអាយុ៧០​ឆ្នាំឡើងទៅ ហើយខ្ញុំឥលូវ​អាយុ៧២​ឆ្នាំហើយ»។

​ទោះបីជាយ៉ាងណា កាលពីថ្ងៃ​ម្សិលមិញ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាន​អំពាវនាវ​ដល់​​រដ្ឋាភិបាល ស្ថាប័ន​ជាតិ និង​គណបក្សនយោបាយទាំង​អស់ ឈប់​ផ្ដោតការ​ពិភាក្សាគ្នា​លើបញ្ហាកំណត់​សញ្ជាតិខ្មែរតែមួយ តែគួររួម​គ្នារៀប​ចំផែន​ការ​មេ ដើម្បីដោះស្រាយបញ្ហាជាតិធំៗ ពិសេស​បញ្ហាសេដ្ឋកិច្ចនិងបំណុលពល​រដ្ឋដែ​លកើតចេញពីវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងការ​បើកប្រទេសឡើងវិញជាដើម។

តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន ​គណបក្សក្រៅរដ្ឋាភិបាលមួយ​នេះបាន​ប្រកាសជំហរមិនគាំទ្រឡើយចំពោះការពិភាក្សាបញ្ហាកំណត់​ «ស​ញ្ជាតិខ្មែរតែមួយ» ដែលផ្ដួចផ្ដើមដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយ​គ​ណ​បក្សនេះ​ក៏មិនគាំទ្រចំ​ពោះ​ការទាញរឿ​​​​​​​ងនេះ​ដោយភ្ជាប់ជាមួយអង្គព្រះមហាក្សត្រផងដែរ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ