តុលាការ​ខេត្ត​កំពង់ធំ​ផ្តន្ទា​ទោស​សកម្មជន​ព្រៃឡង់​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​ ប៉ុន្តែ​ទោស​ត្រូវ​បាន​ព្យួរ

គល់ឈើនិងកំណាត់ឈើមួយចំនួនត្រូវបានកម្លាំងក្រុមការងារគណៈកម្មការជាតិ សហការជាមួយជំនាញថ្នាក់ក្រោមជាតិ ប្រទះឃើញនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ទីតាំងនៅចំណុចអូរសាម៉ៃ ខេត្តក្រចេះ។ (ហ្វេសប៊ុក៖ GRK News | កងរាជអាវុធហត្ថ)

សាលាដំបូងខេត្តកំពង់ធំ បានសម្រេចផ្តន្ទាទោស​សកម្មជន​ព្រៃឡង់ម្នាក់​ឱ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោមបទចោទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​» ប៉ុន្តែទោសនោះត្រូវបានព្យួរទាំងអស់។

មេធាវីការពារក្ដីឱ្យសមាជិក​បណ្ដាញសហគមន៍​​ព្រៃឡង់ លោក សំ សុគង់ ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា ចៅក្រម​សាលាដំបូងខេត្តកំពង់ធំបានសម្រេចប្ដូរបទចោទពីបទ «ប៉ុនប៉ងមនុស្សឃាត» មក​បទ «ហិង្សាដោយ​ចេតនាមា​ន​ស្ថាន​ទម្ងន់ទោស​» ទៅលើ​កូនក្តីរបស់​លោកឈ្មោះ ចាន់ ធឿន ដែលជា​សមាជិកបណ្ដាញ​សហគមន៍​ព្រៃឡង់ ហើយ​បាន​​​​ផ្តន្ទា​ទោស​កូនក្ដីរបស់​លោក​ដាក់​ពន្ធនាគារ​ចំនួន២ឆ្នាំ ប៉ុន្តែទោសនេះត្រូវបាន​ព្យួរ។

លោក សំ សុគង់ បន្ត​ថា ទោះបីជា​តុលាការសម្រេច​​ព្យួរទោសដល់កូនក្ដីរបស់​លោក​​ក៏ដោយ ប៉ុន្តែលោក​ចាត់ទុកការ​សម្រេច​របស់តុលាការថាជារឿងអយុត្តិធម៌ ដោយថា ក្នុងសំណុំរឿងនេះ កូនក្ដីរបស់លោកជាជនរងគ្រោះ ប៉ុន្តែបែរជាត្រូវរងគ្រោះនៅប្រព័ន្ធតុលាការ​បន្ថែមទៀត​ទៅវិញ។

លោកថា៖ «ហើយ​ការ​ដូរ​បទ​ចោទ​ពីបទ “ប៉ុន​ប៉ង​មនុស្សឃាត” មក “​ហិង្សា​ដោយ​ចេតនា​ដោយ​​ស្ថាន​ទម្ងន់​” យើង​មើល​ឃើញ​ថា នៅ​តែ​មិនទាន់​បាន​ផ្ដល់​នូវ​ភាព​យុតិ្ត​ធម៌ចំពោះ​កូន​ក្ដីនៅ​ឡើយ​ទេ»​។

សមាជិកបណ្ដាញព្រៃឡង់នៅ​ខេត្តកំពង់ធំ លោក ចាន់ ធឿន បាន​ឱ្យដឹង​ថា កាលពីខែកក្កដា ឆ្នាំ២០២០ រូបលោក​និងពលរដ្ឋផ្សេងទៀតបានចុះ​ទប់​ស្កាត់​បទ​ល្មើសព្រៃឈើ​​នៅក្នុងសហគមន៍​មួយ​ស្ថិតនៅភូមិ​ត្រពាំងត្រឡាច ឃុំមានរិទ្ធ​​ ស្រុក​សណ្ដាន់ ដោយ​ប្រទះឃើញ​បុគ្គល​ឈ្មោះ ប៉ាក យ៉ាងគួ​ បានដឹកឈើតាមគោយន្តចេញពីព្រៃសហគមន៍។

សកម្មជនព្រៃឈើរូបនេះបន្តថា រូបលោក​បាន​យក​ទូរសព្ទថត​គោយន្ត​ដឹក​ឈើ​នោះ ហើយឈ្មោះ ប៉ាក យ៉ាងគួ​ បាន​​ស្ទុះ​​ប្រទាញ​ប្រទង់​ដណ្ដើម​​ទូរសព្ទ ​និងឆក់​យក​កាំបិត​​​ស្នៀត​​ភ្ជង់​រូប​លោក រួចប្តឹង​លោក​ទៅតុលាការថែម​ទៀត ក្រោមបទចោទ ​«ប៉ុន​ប៉ង​មនុស្ស​ឃាត​» និងទាមទារសំណង២ ០០០ដុល្លារ ថែមទៀតផង។

លោក ចាន់ ធឿន បានលើកឡើង​ថា ទោះបីជា​ទោស២​ឆ្នាំត្រូវព្យួរ​ក្ដី ប៉ុន្តែលោកថា ការសម្រេចរបស់សាលាដំបូងខេត្តកំពង់ធំ ជារឿងអយុត្តិធម៌សម្រាប់រូបលោក។

លោកថា៖ «ខ្ញុំមើលទៅសំណុំរឿងហ្នឹង វាអយុត្តិធម៌សម្រាប់ខ្ញុំ! បទល្មើសរកស៊ីឈើប៉ុនណាណីមិនប្ដឹង មកប្ដឹងខ្ញុំ ហើយមកចោទខ្ញុំប៉ុណ្ណេះហើយ វាអយុត្តិធម៌ទៀត! ខ្ញុំអត់សុខចិត្តទេ ព្រោះខ្ញុំអត់មានប្រព្រឹត្តអីខុសផង មកឆក់ទូរសព្ទខ្ញុំ ហើយមកប្ដឹងខ្ញុំទៀត។ ខ្ញុំសុំប្ដឹងជំទាស់ទៅតុលាការឧទ្ធរណ៍ សាលក្រមហ្នឹងមិនអាចទទួលបានទេ ខ្ញុំនៅតែជាជនរងគ្រោះ»។

នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា កន្លកមក សមាជិកបណ្ដាញព្រៃឡង់រូបនេះតែងតែប្រឈមនឹងការយាយីគ្រប់ទម្រង់ រួមទាំងការគំរាមកំហែងផ្នែករាងកាយ និងតាមផ្លូវច្បាប់ ជាដើម។

លោកស្រីបន្តថា ការគំរាមកំហែងនិងការដាក់ទោសទណ្ឌទៅលើសមាជិកបណ្ដាញព្រៃឡង់និងសកម្មជនបរិស្ថានដទៃទៀត មិនគួរកើតឡើងសម្រាប់ប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យនោះទេ។

លោកស្រី ចក់ សុភាព បន្តថា រដ្ឋាភិបាលគួរ​តែស្វាគមន៍និងលើកទឹកចិត្តដល់សហគមន៍មូលដ្ឋាន សកម្មជនការពារបរិស្ថាន ដែលបានជួយការពារធនធានធម្មជាតិ​ដែលជាសម្បត្តិរបស់ប្រទេសជាតិ ជាជាងធ្វើទុក្ខបុកម្នេញពួកគាត់បែបនេះ។

លោកស្រីថា៖ «ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលលោកគួរតែពិនិត្យមើលឡើងវិញនូវការប្ដេជ្ញាររបស់ខ្លួននូវ​ការការពារដល់ធនធានធម្មជាតិ។ ហើយ​ការប្ដេជ្ញានេះអាចសម្រេចទៅបានទាល់តែមានការចូលរួមពីសហគមន៍មូលដ្ឋាន ហើយដរាបណាសហគមន៍មូលដ្ឋាន សកម្មជនការពារបរិស្ថានអីជាដើម នៅតែរងនូវការគំរាមកំហែងហ្នឹង វាហាក់បីដូចជាប្រាសចាកអំពីឆន្ទៈរបស់រដ្ឋាភិបាលដែលធ្លាប់អះអាងហ្នឹង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ