ក្រសួង​ការងារ​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​បើក​ដំណើរ​ការ​ឡើងវិញ

ចរាចរតាមដងផ្លូវនៅមុខក្រសួងការងារ នៅក្នុងក្រុងភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

ក្រសួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ បានសម្រេចឱ្យ​​គ្រឹះ​ស្ថាន​អប់​រំ​បណ្ដុះ​បណ្ដាល​​បច្ចេក​ទេសនិង​វិជ្ជា​ជី​វៈ​ដែលស្ថិតនៅក្រោម​ឱវាទ​ក្រសួង​ទាំង​អស់ អាចបើកដំណើរការឡើងវិញបាន បន្ទាប់​ពី​ស្ថាន​ភាព​នៃ​ការ​រីក​រាល​ដាល​ជំ​ងឺ​កូវីដ-​១៩​ មាន​ការ​ថម​ថយ​មួយ​​កម្រិតនាពេលបច្ចុប្បន្ន។

សេចក្ដីណែនាំរបស់ក្រសួងការងារ នៅថ្ងៃ​ទី​​១២ ខែ​តុលា ឆ្នាំ​២០២១នេះ ​​បាន​​បញ្ជាក់ថា ​គ្រប់​​គ្រឹះ​ស្ថាន​អប់​រំ​បណ្ដុះ​បណ្ដាល​បច្ចេក​ទេសនិង​វិជ្ជា​ជី​វៈ ឬហៅកាត់ថា អ.ប.វ ស្ថិតនៅ​​ក្រោមឱ​វាទរបស់ខ្លួន អាច​បើក​ដំណើរ​ការ​ឡើង​វិញ​ ប៉ុន្តែត្រូវអនុវត្តតាមលក្ខខណ្ឌមួយចំនួន។ ​លក្ខខណ្ឌទាំងនោះ រួមមាន ដាក់​ពាក្យ​ស្នើ​សុំ​​បើក​​ដំ​ណើរ​ការ​ឡើង​វិញ​មក​គណៈក​ម្មការ​គ្រប់​គ្រង​ ដើម្បី​​វាយ​តម្លៃក្នុង​ការ​បើក​គ្រឹះ​ស្ថាន​ឡើង​វិញ។ ​

បន្ថែម​ពីនេះ ក្រសួងក៏បានតម្រូវឱ្យមានការ​ចុះ​កិច្ច​សន្យា​ជាមួយ​​ក្រសួង ដោយ​ធានា​ថា ​នឹង​អនុ​វត្ត​ឱ្យ​បាន​នូវ​គោល​ការណ៍​ប្រ​តិបត្តិ​ស្ដង់​ដារ ​(SOP)​ សម្រាប់​ដំណើរ​ការ​គ្រឹះ​ស្ថាន​ អ.ប.វ ឡើង​វិញ ​ក្នុងបរិបទ​នៃ​ជំ​ងឺ​កូវីដ​-១៩ ចុះ​នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២១ របស់​ក្រសួង​ការ​ងារ​ ព្រមទាំង​​បង្កើត​ក្រុម​ការ​ងារ​បង្ការនិង​​​​ទប់​​ស្កាត់​​ការ​​រីក​រាល​​ដាល​​ជំ​ងឺ​កូវីដ-​១៩ ប្រ​ចាំ​គ្រឹះស្ថាន​ អ.ប.វ។ ជាងនេះទៀត ត្រូវចាត់​តាំងជន​បង្គោល​ចំនួន​២​នាក់ទទួល​បន្ទុក​ទទួល​ខុស​ត្រូវ​លើ​ការ​ងារ​ទំ​នាក់​ទំ​នងនិង​ផ្ដល់​ព័ត៌មាន​ ព្រមទាំងចាត់​តាំង​បុគ្គលិក​​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​ការ​ពាក់​ម៉ាស វាស់​កម្ដៅ បាញ់​ទឹក​អាល់កុល ឬ​ជែល​អាល់កុល។

ជាមួយគ្នានេះ ត្រូវធ្វើ​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែន​កូវីដ​-១៩ ចំពោះ​បុគ្គលិក​ មន្ត្រីរាជ​ការ​ សាស្រ្តា​ចារ្យ គ្រូ​បច្ចេក​ទេស​និង​សិក្ខាកាម​ សិស្ស-និស្សិត ដែល​មាន​រោគ​សញ្ញា​សង្ស័យ ​មុន​បើក​ដំណើរ​ការគ្រឹះ​ស្ថាន​ អ.ប.វ ឡើង​វិញ រួមទាំងអនុវត្តវិធានការ​ «៣ការពារ​ និង​ ៣​កុំ» និង​វិធាន​ការ​សំខាន់ៗ​របស់​ក្រសួង​សុខា​ភិបាលមួយចំនួនទៀត។

​កាលពី​ថ្ងៃ​ទី​​​២០​ ខែមីនា​ ឆ្នាំ​​២០២១​ ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្តី​ពី​ការ​ផ្អាក​ដំណើរការ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេសនិង​វិជ្ជាជីវៈ​ទាំងអស់នៅ​ទូទាំងប្រទេស​​ជា​បណ្ដោះអាសន្ន​។​ ការសម្រេច​ផ្អាក​នេះ​​​ធ្វើឡើងដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​ នៅ​ក្នុង​សហគមន៍​ ប៉ុន្តែក្រសួង​បញ្ជាក់ថា គ្រឹះស្ថានបណ្តុះបណ្តាលទាំងនោះ​​អាច​បន្តដំណើរ​ការ​ឡើង​វិញ​បាន គឺ​តាម​រយៈ​ការ​រៀន​ពី​ចម្ងាយ​ឬ​អន​ឡាញ​តែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ