កូដករណាហ្គាវើលដ៍បន្តចេញតវ៉ានៅមុខក្រុមហ៊ុន ដើម្បីទាមទារដំណោះស្រាយការងារ

បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ដែលកំពុងធ្វើកូដកម្ម ប្រមាណជិត១០០នាក់ បានបន្តប្រមូលផ្ដុំគ្នាតវ៉ានៅមុខក្រុមហ៊ុនជាថ្មីទៀត ទាមទារឱ្យមានដំណោះស្រាយវិវាទការងារដែលអូសបន្លាយជាង១ឆ្នាំ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ (ហ៊ាន រង្សី)

បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍​​ដែលកំពុងធ្វើកូដកម្ម ប្រមាណជិត១០០នាក់ បានបន្តប្រមូលផ្ដុំគ្នា​តវ៉ា​នៅមុខក្រុមហ៊ុនជាថ្មីទៀត នៅថ្ងៃសុក្រ​នេះ ទាមទារឱ្យ​​មាន​​ដំណោះស្រាយវិវាទ​​ការងារដែលអូសបន្លាយ​ជាង​១​ឆ្នាំ។

ជា​ការ​​កត់​សម្គាល់ ក្នុងការប្រមូលផ្តុំតវ៉ានៅថ្ងៃទី១៣ ខែមករា​នេះ ក្រុម​​កូដករ​បានវាយ​​ស្គរ មេក្រូ កាន់បដា​ក្រណាត់​​ពណ៌​ក្រហម ខៀវ និង​ខ្មៅ ជាដើម ដោយមានសារប្រយោគ​ទាមទារដំណោះស្រាយការ​ងារ និងការដោះលែងប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ នៅលើនោះ។

កូដករ និងជា​សមាជិក​​សហជីព​បុគ្គលិក​កម្មករ​ខ្មែរ ​​នៃក្រុមហ៊ុន​ណាហ្គាវើលដ៍ អ្នកស្រី សុខ រតនា ប្រាប់ VOD នៅទីតាំងកូដកម្មនោះ​​ថា ការដែលពួកគាត់បន្តការតវ៉ានេះ ដោយសារតែការចរចាមិនមានលទ្ធផល ខណៈ​​ថៅកែ​ណាហ្គាវើលដ៍អាង​​​អំណាច​​ទឹក​លុយ ​បានរំលោភ​​លើ​ច្បាប់​ការ​ងារ​កម្ពុជា ដោយ​បញ្ឈប់​បុគ្គលិក-កម្មករខ្មែររាប់រយនាក់ ហើយគ្រាន់តែហៅ​ពួកគេឱ្យទៅ​​ទទួលសំណងតិចតួចដើម្បី​បញ្ចប់​រឿង។

តែយ៉ាងណា អ្នកស្រី​ថា ក្រុមកូដករ​មិនមានការ​គុំកួនលើ​​ថៅកែឬអាជ្ញាធរឡើយ ពោលគឺ​ពួកគេចេញតវ៉ា​ដើម្បីទាមទារ​នូវដំណោះស្រាយ​ដែលអាចទទួលយកបាន និងឱ្យមានការដោះលែងប្រធានសហជីពរបស់ពួកគេ គឺកញ្ញា ឈឹម ស៊ីថរ

កូដករណាហ្គារូបនេះទទូចឱ្យរដ្ឋាភិបាល​បំពេញតួនាទីជាអ្នកបម្រើរាស្ត្រ ដោះស្រាយវិវាទការងារ​ដោយយុត្តិធម៌ និងដាក់សម្ពាធឱ្យក្រុមហ៊ុនល្បែងណាហ្គាវើលដ៍គោរពច្បាប់ស្តីពីសហជីព ដោយថា ការព្រងើយ​​កន្តើយ​​របស់​​អាជ្ញាធររដ្ឋ ជាការមើលរំលង​នូវទុក្ខលំបាករបស់​ពលរដ្ឋ។

អ្នកស្រី សុខ រតនា និយាយ​ថា«បើគេកំពុងតែជាន់យើង កំពុងតែបំបិទសិទ្ធិការងាររបស់យើង អត់ឱ្យយើងមានសិទ្ធិតវ៉ា ហើយយើងទៅដើរចេញ ធ្វើការកន្លែងផ្សេង សួរថាកន្លែងផ្សេងហ្នឹងអត់អាចរំលោភសិទ្ធិយើង? អ៊ីចឹង​យើងត្រូវតែ​ងើប យើង​ដួលកន្លែងក្រុមហ៊ុនណាហ្គា យើងងើបកន្លែងណាហ្គា ហើយទាមទារសិទ្ធិយើងមកវិញ។ ទោះក្រុមហ៊ុនហ្នឹងអាក្រក់ តែយើងចង់ឱ្យកែប្រែទៅជាក្រុមហ៊ុនមួយដែលថា កុំឱ្យថៅកែ និងបុគ្គលិកមើលមកគ្នាថាអាក្រក់។ ចង់ឱ្យថៅកែមើលមកបុគ្គលិកល្អផង អត់ចង់ឱ្យថៅកែហ្នឹងគិតថាចង់បញ្ឈប់បុគ្គលិកពេលណាក៏បានដែរ ទោះអត់ខុសអីក៏បញ្ឈប់បានដែរ។ ខ្ញុំអត់ចង់ឃើញទិដ្ឋភាពហ្នឹងសម្រាប់កូនខ្មែរយើងជំនាន់ក្រោយទៀតទេ បានយើងខំប្រឹងទាមទារចូលធ្វើការវិញ ឱ្យមានវត្តមានសហជីពហ្នឹង»

ក្នុង​ពេល​ប្រមូល​ផ្តុំតវ៉ានេះដែរ កូដករណាហ្គាមួយរូបទៀត កញ្ញា ម៉ៅ សុភា អះអាងថា ការដែលគាត់បន្តចេញតវ៉ានេះ គឺក្រោមហេតុផលទាមទារការគោរពសិទ្ធិសហជីពនៅកន្លែងការងារ និងជំរុញឱ្យមាន​ដំណោះ​ស្រាយ​បញ្ចប់​វិវាទឱ្យបានឆាប់។

កញ្ញាបញ្ជាក់​ថា ពួកគាត់នឹងមិន​ឈប់ធ្វើកូដកម្មទេ បើគ្មានដំណោះស្រាយតាមច្បាប់ការងារនោះ បើទោះ​​អះអាងថារងនូវការគំរាមកំហែងបំភិតបំភ័យក៏ដោយ។

បើតាមក្រុមកូដករ បច្ចុប្បន្ន​នៅសល់​បុគ្គលិក​ជាង១០០​នាក់​​ប៉ុណ្ណោះដែល​​​ទាមទារ​ចូលធ្វើការវិញតាមច្បាប់ និងកិច្ចសន្យាការងារ ខណៈបុគ្គលិក​ដែលគ្មាន​ឈ្មោះកាត់​ចំនួនជាង៣០០នាក់ទៀតនៅបន្ត​​ស្ម័គ្រ​ចិត្ត​ដោះដូរ​ឈ្មោះ​ឱ្យពួក​គេដដែល។

វីអូឌី មិនទាន់អាច​សុំការ​បញ្ជាក់ពី​តំណាងក្រុមហ៊ុនណាហ្គាវើលដ៍ ជុំវិញការតវ៉ារបស់កូដករនេះបានទេ​ នៅថ្ងៃសុក្រនេះ។

ចំណែកអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ធ្លាប់មានប្រសាសន៍ប្រាប់វីអូឌីតាមសារតេឡេក្រាមកាលពីចុងខែធ្នូ ឆ្នាំ២០២២ ថា ក្រសួងការងារបន្តអនុវត្តច្បាប់ និងសុំឱ្យគ្រប់ភាគីគោរពច្បាប់និងយន្តការនានាដែលនៅជាធរមាននៅកម្ពុជា។

ប្រធាន​​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នក​ស្រី យ៉ាង សុភ័ណ្ឌ ធ្លាប់លើកឡើងថា វិវាទការ​ងារនៅក្រុមហ៊ុនណាហ្គា​វើលដ៍នេះ នៅ​មាន​​ផ្លូវនិងយន្តការដោះស្រាយបញ្ចប់ដោយយុត្តិធម៌។ អ្នកស្រីថា ទាំងកម្មករ និងក្រុមហ៊ុន សុទ្ធ​តែមានជម្រើស ជាក់ស្តែងកម្មករដែលគ្មានឈ្មោះកាត់ជាច្រើននាក់​ សុខចិត្ត​ដោះដូរជាមួយ​កម្មករ​ដែលត្រូវក្រុមហ៊ុនបញ្ឈប់ត្រឹមចំនួនតិចជាង ខណៈ​ក្រុម​ហ៊ុនទាម​ទារបញ្ឈប់បុគ្គលិកនូវចំនួនកំណត់មួយ។

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍បានកើតឡើង​ជាង១ឆ្នាំមកហើយ ក្រោយពេល​ក្រុមហ៊ុននេះ​បានបញ្ឈប់​​បុគ្គលិកចំនួន១ ៣២៩នាក់ ក្នុងចំណោម​បុគ្គលិកសរុបជាង៨ ០០០នាក់ ពីការងារ ក្រោមហេតុផល​ថា ជួបវិបត្តិ​ហិរញ្ញវត្ថុដោយសារ​តែបញ្ហាជំងឺកូវីដ-១៩។ យ៉ាង​ណា បុគ្គលិក​​ដែល​ចេញ​ធ្វើកូដកម្ម​ជាង១២ខែ​មក​នេះ អះអាងថា ការបញ្ឈប់នោះ​ដោយសារថៅកែ​មានចេតនារំលាយ​សហជីពការពារសិទ្ធិកម្មករ​​ឱ្យអស់ពីក្រុមហ៊ុនមួយនេះ។

កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិង​​បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស​បម្រាម ឬគេចវេះពីការត្រួតពិនិត្យរបស់តុលាការ ក្រោយ​ពេល​កញ្ញាបាន​ធ្វើដំណើរត្រលប់មកពីប្រជុំនៅ​ប្រទេសអូស្ត្រាលីវិញ។

​ក្រៅពីនោះ ​​កូដករណាហ្គាវើលដ៍​​​ជិត១០រូប ក៏​ត្រូវ​​បាន​សាលា​​​​ដំបូង​រាជ​ធានី​ភ្នំពេញកោះហៅឱ្យចូលបំភ្លឺជាបន្តបន្ទាប់នាពេលថ្មីៗនេះ​ ក្រោមបណ្តឹងចំនួន៣របស់ក្រុមហ៊ុន រួមមាន បទរំលោភលើលំនៅឋាន, ធ្វើឱ្យខូច​ខាត​ដោយចេតនាស្ថានទម្ងន់ទោស និងចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់ ដែលក្រុមហ៊ុនបានប្តឹងពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ