កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ស៊ីណូវ៉ាក់​២លាន​ដូស​បន្ថែមទៀត​ដែល​ជា​ជំនួយ​របស់​ចិន

វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់​ – Sinovac) ដែលបានបញ្ជាទិញពីចិន ចំនួន១,៥លានដូស មកដល់ព្រលានយន្តហោះភ្នំពេញអន្តរជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

កម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសបន្ថែម ដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនចិន នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​ថាកម្ពុជាបានទទួលវ៉ាក់សាំង២លានដូសបន្ថែមទៀតដែលជាជំនួយ​ពីរដ្ឋាភិបាលចិន។ ហើយ​​បើរាប់ទាំងជំនួយនិងការបញ្ជាទិញផងនោះ គិត​មកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបចំនួនជាង៣៦លានដូស។

លោកស្រី យក់ សម្បត្តិ បញ្ជាក់ថា៖ «វ៉ាក់សាំងយើងៗមានគ្រប់គ្រាន់ អត់ខ្វះទេ! វ៉ាក់សាំងក្នុងឃ្លាំងមាន៤លានកន្លះហើយ។ ឥលូវយើងបានទទួល២លានដូសទៀត អ៊ីចឹងឡើង៦លានកន្លះហើយក្នុងដៃយើង។ ហើយវ៉ាក់សាំងមួយចំនួន គឺមាននៅតាមស្តុកនៅគ្រប់ខេត្តទាំងអស់»។

បើតាមលោកស្រី យក់ សម្បត្តិ រហូតមកដល់ពេលនេះ ជំនួយវ៉ាក់សាំងរបស់ប្រទេសចិនចំពោះកម្ពុជា មានសរុប៧,៥លានដូស​ ក្នុងនោះ វ៉ាក់សាំងស៊ីណូហ្វាមពាក់កណ្ដាល និងស៊ីណូវ៉ាក់ពាក់កណ្ដាល។ ​លោក​ស្រីថា កម្ពុជានឹងបន្តប្រើវ៉ាក់សាំងស៊ីណូវ៉ាក់ដែលទទួលបានពីចិនពេលនេះ សម្រាប់ចាក់ជាដូសជំរុញ​ ឬដូសទី៣ផង​ដែរ។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃ១២ ខែ​កញ្ញា កន្លងទៅ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំងស៊ីណូហ្វាមចំនួន៣លានដូសបន្ថែមទៀតដល់កម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ចិនគឺជាប្រទេសដំបូងគេដែលបានផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មកកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២១។

គិតត្រឹមថ្ងៃទី១៣ ខែតុលា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី៦ឆ្នាំឡើង បានចំនួនជាង១៣​លាននាក់ហើយ ឬស្មើ​ជាង៨៤ភាគរយ (៨៤,៦៦%) ធៀបនឹងចំនួនប្រជាពលរដ្ឋសរុបប្រមាណ១៦លាននាក់ ក្នុងនោះ អ្នកចាក់បានទាំងពីរដូសមានចំនួន​ជាង១២លាននាក់ ហើយអ្នកចាក់ដូសទី៣ ឬដូសជំរុញ បានជាង១លាននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ