បុណ្យ​កឋិនទាន​ឆ្នាំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​តាម​ទម្លាប់​ តែ​មិន​អនុញ្ញាត​ឱ្យ​ដង្ហែ​តាម​ផ្លូវ​ឬ​ជុំវិញ​ព្រះវិហារ​

ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត រួមនឹងមន្ត្រីមូលដ្ឋាន បានរៀបចំចាត់ចែងឱ្យមានការបាញ់ថ្នាំសម្លាប់មេរោគនៅបរិវេណវត្តនួនមណីរាម ហៅវត្តថាន់ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។ (ពក ពន្លឺ)

ក្រសួងធម្មការ និងសាសនា បញ្ជាក់ថា ពិធីបុណ្យកឋិនទានសម្រាប់ឆ្នាំ២០២១នេះ នឹងប្រព្រឹត្តទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ប៉ុន្តែ​អាជ្ញាធរហាម​ឃាត់​នូវការផ្សព្វផ្សាយ​កម្មវិធី​បុណ្យ ដង្ហែតាមដងផ្លូវឬជុំវិញព្រះវិហារ ពោលគឺគ្រាន់តែវេរប្រគេនត្រៃចីវរជាកិច្ចសម្រេចបុណ្យ។

ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១៤ ខែតុលានេះ បានចេញសេចក្ដីណែនាំបន្ថែមស្តីពីការប្រារព្ធពិធី​បុណ្យកឋិនទាន ចាប់ពីថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

សេចក្ដីណែនាំបន្តថា ដើម្បីរៀបចំបុណ្យកឋិនទានឱ្យដំណើរការនិងប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី នឹងអនុវត្តវិធានការចាំបាច់នានាតាមសភាពជាក់ស្ដែងនៃទីកន្លែងនីមួយៗ។

ក្រសួងថា ការធ្វើដូច្នេះសំដៅកាត់ផ្តាច់និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូដៃ-១៩នៅទូទាំងប្រទេស ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) ដែលមានកម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស។

ក្រសួងធម្មការ និងសាសនា សរសេរថា៖ «១- ត្រូវអនុវត្តឱ្យ​បានយ៉ាងម៉ឺងម៉ាត់នូវវិធានការការពារនានារបស់ក្រសួងសុខាភិបាល […] ២- ហាមឃាត់ផ្សព្វផ្សាយកម្មវិធីបុណ្យ ដង្ហែតាមដងផ្លូវឬជុំវិញព្រះវិហារ ដោយគ្រាន់តែវេរប្រគេនត្រៃចីវរជាកិច្ចសម្រេចបុណ្យ»។

បើតាមក្រសួងធម្មការ និងសាសនា បុណ្យកឋិនទាន ជាទានមួយដ៏ថ្លៃថ្លាក្នុងព្រះពុទ្ធសាសនាមាន ផលានិសង្សខ្ពស់ ទាំងទាយក ទាយិកា និងបដិគ្គា​ហក ជាទីជ្រះថ្លារបស់ពុទ្ធបរិស័ទខ្មែរ តែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ មានរយៈពេលកំណត់តែ២៩ថ្ងៃ ដោយវត្តនីមួយៗទទួលអង្គកឋិនបានតែមួយលើកប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ