សហជីព​ថា​រោងចក្រ​មួយ​ចំនួន​លាក់​តួលេខ​កម្មករ​ ដើម្បី​គេចវេះ​ពី​ការ​បង់​ប្រាក់​ធានា​រ៉ាប់រង​សុខភាព

រថយន្តដឹកកម្មកររោងចក្រពីរគ្រឿងចតនៅពីមុខរោងចក្រមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

សហជីពមួយចំនួនបានអះអាងថា ខ្លួនបានរកឃើញថាមានរោងចក្រសហគ្រាសខ្នាតតូចនិងមធ្យមមួយចំនួនបានបិទបាំងតួលេខកម្មកររបស់ខ្លួន ដើម្បីគេចវេះពីការបង់ប្រាក់ធានារ៉ាប់​រង​សុខ​ភាព​នៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ខណៈអ្ន​ក​នាំពាក្យក្រសួងការងារ​អះ​អាង​ថា នឹងបញ្ជូនមន្ត្រីឱ្យចុះពិនិត្យមើលនៅដើមសប្ដាហ៍ក្រោយនេះ។

ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី ប្រាប់ វីអូឌី នៅថ្ងៃនេះថា មានរោងចក្រសហគ្រាស ខ្នាតតូចនិងមធ្យមមួយចំនួនបាននិងកំពុងបិទបាំងតួលេខកម្មករនេះ ដើម្បីគេចវេះពីការបង់ប្រាក់ធានារ៉ាប់រងសុខភាពកម្មករនិយោជិតទៅឱ្យ​ ប.ស.ស។

បើតាមលោក ហ្វា សាលី រោងចក្រខ្នាតធំ ខ្នាត​តូច និង​ខ្នាត​មធ្យមទាំង​នោះ​មួយចំនួនស្ថិតនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ លោក​បន្ត​ថា ការដែលម្ចាស់រោងចក្រមិនព្រមទិញបណ្ណបេឡាជាតិរបបសន្តិសុខសង្គមឱ្យកម្មករ គឺជាការគេចវេះពីការបង់ប្រាក់ធានារ៉ាប់រងសុខភាព​ជូន​កម្មករ ដែលករណីនេះបានធ្វើឱ្យកម្មករបាត់បង់អត្ថប្រយោជន៍ផ្សេងៗ។

លោកថា៖ «អ៊ីចឹងបើសិនជាគាត់មិនមានបណ្ណ ប.ស.ស ទេ នៅពេលដែលគាត់មានគ្រោះថ្នាក់ការងារឬបញ្ហាផ្សេងៗ ដូចបច្ចុប្បន្នពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ ​វាជាបន្ទុករបស់គាត់តែម្ដង។ អ៊ីចឹងក្រុមហ៊ុនក៏រួចកាតព្វកិច្ច ហើយក្រសួងនិងមន្ទីរសុខាភិបាលផ្សេងៗ សុទ្ធតែរួចកាតព្វកិច្ច​ទាំងអស់។ អ៊ីចឹងអ្នកដែលបញ្ហាធំចម្បងជាងគេ គឺបងប្អូនកម្មករនិយោជិតហ្នឹងឯង ដែលពួកគាត់បាត់បង់សិទ្ធិនិងអត្ថប្រយោជន៍ ​ដូចជា ប្រសិនជាគាត់កើតឬឆ្លងកូវីដ គាត់ទទួលបានប្រាក់ ៧០% ពី ប.ស.ស ហើយ ៥០% ទទួលបាន៧ថ្ងៃពីម្ចាស់រោងចក្រសហគ្រាស»។​

​លោក ហ្វា សាលី បន្តថា បើសិនម្ចាស់រោងចក្រមិនទិញបណ្ណបេឡាជាតិរបបសន្តិសុខសង្គមមិនមែនខាតប្រយោជន៍តែកម្មករនោះទេ វាក៏ធ្វើឱ្យបាត់បង់ចំណូលចូលជាតិផងដែរ។ លោកស្នើទៅក្រុមអធិការកិច្ចក្រសួងការងារ និងភាគីពាក់ព័ន្ធ ចុះត្រួតពិនិត្យយ៉ាងល្អិតល្អន់ចំពោះម្ចាស់រោងចក្រសហគ្រាសទាំងនោះ រួមទាំងធ្វើការផាកពិន័យ ដើម្បីកុំឱ្យម្ចាស់រោងចក្រគេចវេះបន្តទៀត។

លោកថា៖ «រោងចក្រខ្លះមានកម្មករ៤០០នាក់, ៥០០នាក់ ទៅ៦០០នាក់។ អ៊ីចឹងគាត់ទិញ ប.ស.ស តែ១០០ទៅ២០០នាក់ទេ ក្រៅពីហ្នឹងគាត់អត់ទិញទេ។ អ៊ីចឹងវាបាត់តួលេខខ្លះ អ៊ីចឹងវាបាត់​បង់សិទ្ធិរបស់បងប្អូនកម្មករយើងច្រើន។ ការមិនទិញ ដោយសារត្រូវបង់វាអស់ច្រើន អ៊ីចឹងគាត់ត្រូវកេងបញ្ហាទាំងអស់ហ្នឹង។ ​ហើយគាត់សុខចិត្តបើ[ថា]កម្មករឈឺឬគ្រោះថ្នាក់អីផ្សេងៗ​ គាត់ចេញលុយឱ្យក្រៅប្រព័ន្ធតិចតួចទៅ។ ​អ៊ីចឹងបើបញ្ហាធំ ធ្វើឱ្យបងប្អូនកម្មករមានហានិភ័យខ្ពស់។ អ៊ីចឹងយើងមានតែធ្វើការដាស់តឿនដល់ក្រសួងទាំងអស់និងអធិការកិច្ចការងារ ឱ្យគាត់[ក្នុងនាម]ក្រសួងពិនិត្យបញ្ហាហ្នឹងឱ្យបានច្បាស់»

ប្រធានសហភាពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានលើកឡើងដែរថា រោងចក្រដែលមិនបាន​ទិញ ប.ស.ស ជូនកម្មករភាគច្រើន ជារោងចក្រម៉ៅការបន្តពីរោងចក្រដែលនាំចេញ។ លោកបន្តថា ចំពោះរោងចក្រដែលមិនបានចុះបញ្ជីត្រឹមត្រូវនេះ បានធ្វើឱ្យកម្មករបាត់បង់អត្ថប្រយោជន៍ផ្សេងៗពីក្រុមហ៊ុន។

លោកថា៖ «ចំណុចនេះ បើយើងពិនិត្យមើលឱ្យដល់ទៅ ​សំខាន់មន្ត្រីអធិការកិច្ចឬមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យមើលប្រភេទរោងចក្រដែលទទួលម៉ៅការបន្ត​ ថាតើនៅក្នុងមូលដ្ឋានរបស់ខ្លួនបានអនុវត្តស្របទៅតាមច្បាប់នៅ?​ អ៊ីចឹងទាំងអស់នេះ ដើម្បីទប់ស្កាត់​ការបាត់បង់ផលប្រយោជន៍ឬដើម្បីឱ្យកម្មករក្លាយ​ជា​​​កម្មករសិ្ថតនៅក្នុងប្រព័ន្ធគ្រប់គ្រង ទាល់តែមន្ត្រីនៅក្នុង​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ហ្នឹងត្រូតពិនិត្យមើល​ប្រភេទរោងចក្រម៉ៅការបន្តហ្នឹង ​ឱ្យគាត់ចុះបញ្ជីត្រឹមត្រូវ មិនត្រឹមតែចុះបញ្ជីស្របច្បាប់ទេ ត្រូវចុះបញ្ជីកម្មករនៅក្នុងប្រព័ន្ធគ្រប់គ្រងទៀត ដើម្បីឱ្យកម្មករទទួលបានផលប្រយោជន៍ដូច​គ្នាទៅនឹងផលប្រយោជន៍នៃច្បាប់គេឱ្យ»

ឆ្លើយតបនឹងការអំពាវនាវនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ប្រាប់ វីអូឌី តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃនេះថា ក្រសួងនឹងចាត់ឱ្យមន្ត្រីចុះទៅតាមរោងចក្រទាំងនោះនៅថ្ងៃទី១៨ ខែតុលា ខាងមុខនេះ។

លោកថា៖ «ក្រសួងស្នើសុំឈ្មោះនិងអាសយដ្ឋានរបស់សហគ្រាស។ អរគុណ! ខាងមន្ត្រីនឹងចុះពិនិត្យនៅថ្ងៃចន្ទ»

អ្នក​នាំពាក្យ​​បេឡាជាតិ​របបសន្តិសុខ​សង្គម លោក ហេង សុផាន់ណារិទ្ធិ មានប្រសាសន៍ថា បើសិនក្រុមអធិការកិច្ចក្រសួងរកឃើញថៅកែរោងចក្រលាក់បាំងចំនួនកម្មករនោះ នោះ​ក្រសួងនឹង​ធ្វើការផាកពិន័យទៅថៅកែ។

លោកថា៖ «បើសិនជាយើងដឹងថាគាត់លាក់កម្មករ ​យើងនឹងចុះទៅអធិការកិច្ចដល់កន្លែងរបស់គាត់។ ហើយបើសិនជាយើងរកឃើញគាត់លាក់កម្មករ យើងនឹងធ្វើការពិន័យដល់ថៅកែរបស់គាត់»

លោក ហេង សុផាន់ណារិទ្ធិ បន្តថា បច្ចុប្បន្នមានរោងចក្រសហគ្រាសជាង១​ម៉ឺននៅទូទាំងរាជធានី-ខេត្ត បានចុះបញ្ជីនៅបេឡាជាតិរបបសន្តិសុខសង្គម ដែលមានចំនួនកម្មករជិត២លាននាក់បាននិងកំពុងប្រើប្រាស់បណ្ណ ប.ស.ស នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ