៩​ខែ​ឆ្នាំ​នេះ​ អាជ្ញាធរ​អន្តរា​គមន៍​ជួយ​ស្ត្រី​ខ្មែរ​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​ប្រទេស​ចិន​ជាង​៣០០​នាក់

(រូបតំណាង) នារីម្នាក់យកដៃទាំងសងខាងតោងចម្រឹងបង្អួច។ (ហ៊ុយ ឧស្សាហ៍)

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ​អះអាងថា អាជ្ញាធរបានជួយអន្តរាគមន៍ជួយស្ត្រីខ្មែរ​ដែលចាញ់បោកមេខ្យល់​ទៅប្រទេសចិនជាង៣០០នាក់ នារយៈពេល៩ខែឆ្នាំ​២០២១នេះ ហើយចំនួននេះកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងរយៈពេលពេញមួយឆ្នាំកាលពីឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា​ លោក កុយ គួង មានប្រសាសន៍ប្រាប់ វីអូឌី តាម​តេឡេក្រាមនៅថ្ងៃទី​១៨ ខែតុលា​​ថា កន្លងមក ភាគច្រើនស្ត្រីរងគ្រោះចាញ់បោកមេខ្យល់តាមរបៀបផ្សេងៗ​គ្នា ដូចជា មេខ្យល់ប្រាប់ថាទៅរកការងារល្អនៅប្រទេសចិន តែតាមពិតយកទៅរៀបការជាមួយប្តីជនជាតិចិន ជាដើម។

លោកបន្ត​ថា៖ «រយៈ៩ខែ ២០២១នេះ [អាជ្ញាធរបានជួយសង្គ្រោះស្រ្តីខ្មែររងគ្រោះ] មកពីប្រទេសចិន ចំនួនជាង៣០០នាក់។ ចំនួនមកពីប្រទេសផ្សេង ខ្ញុំមិនចាំទេ។ ក្នុងឆ្នាំ២០២០ទាំងមូល មានតែ៩០នាក់ប៉ុណ្ណោះមកពីចិន។ ក្រសួងមហាផ្ទៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធចិន តែងទាក់ទងគ្នាជាប្រចាំក្នុងកិច្ចសហការបង្ក្រាបការរត់ពន្ធមនុស្ស ជាពិសេសតាមចាប់ខ្លួនមេខ្យល់ទាំងកម្ពុជា ទាំងចិន»។

​តែយ៉ាងណា លោក​ កុយ គួង នៅមិនទាន់ដឹងទេថា មានពលរដ្ឋខ្មែរ រាប់ទាំងអ្នករៀបការជាមួយស្វាមីជាជនជាតិចិន និងពលករខ្មែរដែលទៅធ្វើការនៅប្រទេសចិន មានវត្តមាននៅប្រទេសមួយនេះចំនួនប៉ុន្មាននាក់ប្រាកដ​ឡើយ​ នាពេលបច្ចុប្បន្ន។

លោក កុយ គួង ថា៖ «មិនដឹងច្បាស់ទេ ព្រោះទៅលួចលាក់ខុសច្បាប់»។

​យ៉ាងណា​ ក្នុងអត្ថបទស៊ើបអង្កេតរបស់សារព័ត៌មាន វីអូឌី ក្រោមចំណងជើងថា «ជំនួញ​កូន​ក្រមុំ​ទៅ​ចិន​នៅ​តែ​មាន​ ខណៈ​សមត្ថ​កិច្ច​ថា​ក្រុម​ឧក្រិដ្ឋ​ជន​មាន​បណ្ដាញ​ច្រើន» ដែលចេញផ្សាយកាលពីពាក់កណ្ដាលខែមេសា ឆ្នាំ២០២១នេះ បាន​ស្រង់ប្រសាសន៍​​អនុប្រធាន​អចិន្ត្រៃយ៍គណៈកម្មា​ធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស លោក​ស្រី ជូ ប៊ុន​អេង ដោយបញ្ជាក់ថា​ ក្នុង​ឆ្នាំ​២០២០កន្លងទៅ រដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​សង្គ្រោះ​ពលរដ្ឋ​ដែល​បាន​ចាញ់បោកគេយក​ទៅ​លក់ធ្វើ​កូន​ក្រមុំ​នៅ​ចិន​ មានជាង១០០នាក់ (១១៨នាក់)។  ​

អត្ថបទស៊ើបអង្កេតដដែលនេះក៏បានសម្ភាសជាមួយក្មេងស្រីរងគ្រោះម្នាក់​មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ដែល​មាន​អាយុទើប​តែ​១៤​ឆ្នាំប៉ុណ្ណោះ។ នាងត្រូវ​បាន​គេ​យក​ទៅ​លក់​នៅ​ប្រទេស​ចិន ​ធ្វើ​ជា​ប្រពន្ធ​បុរសជនជាតិចិនម្នាក់ កាលពីចុងឆ្នាំ២០២០ ដែលជាពេលនៃ​ការរឹតបន្តឹងព្រំដែនកំពុងកើតមានឡើង ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។

ប្រភពដដែលបន្តថា អ្នកបញ្ចុះបញ្ចូលនាងទៅធ្វើការនៅប្រទេសចិន គឺប្រពន្ធរបស់បងធម៌នាង។ នាងបន្តថា ​នៅពេលដល់ប្រទេសចិន មេខ្យល់នៅទីនោះបានបង្ខំនាងឱ្យយកប្តី ហើយបើមិនព្រមយកគេវាយ​តែម្តង។ ដោយមិនអាចស៊ូទ្រាំនឹងការធ្វើបាបពីប្តីបាន ស្ត្រីរងគ្រោះរូបនេះក៏បានសម្រេចចិត្តទៅស្វែងរកជំនួសពីប៉ូលិស​ចិននៃខេត្តហឺណាន ស្របពេលនោះ ​នាង​កំពុង​ពពោះ​​កូន​អាយុ​៤​ខែ ហើយនៅដើមឆ្នាំ២០២១ នាងក៏បានត្រលប់មកកម្ពុជាវិញផងដែរ​។​

​នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ លោក អំ សំអាត ថ្លែងនៅថ្ងៃអង្គារនេះថា ដើមចមដែលនាំឱ្យ​មាន​ករណីជួញដូរមនុស្ស​កើតឡើង អាចបណ្ដាលមកពីមូលហេតុ​​៣ចំណុច ដូច​ជា ការ​មិន​បានទទួល​ព័ត៌​មាន​គ្រប់​គ្រាន់​ពីផលវិបាកនៃអំពើជួញដូរ​ដែលងាយនឹងត្រូវមេខ្យល់បោកប្រាស់ កត្តាជីវភាពក្រីក្រ ខ្វះការអប់រំទាក់ទងការរកការងារខាងក្រៅស្រុក​ និងកត្តាខ្វះវិធានការក្នុងការទប់ស្កាត់-បង្ការការជួញដូរមនុស្ស។

លោក អំ សំអាត មានប្រសាសន៍ថា៖ «បើសិនជាយើងគិតតែរឿងជួយសង្គ្រោះ តែយើងមិនបានគិតរកវិធីទប់ស្កាត់ឬបង្ក្រាបការជួញដូរមនុស្ស អាហ្នឹងអ្នកដែលរងគ្រោះនឹងនៅតែបន្ត​មាន​ទៀត»។

របាយការណ៍​ស្ដីពី​ការ​ជួញ​ដូរ​មនុស្សឆ្នាំ​២០២០​ របស់​ក្រសួង​ការ​បរទេស​អាមេរិក បាន​ចាត់​ថ្នាក់កម្ពុជា​ឱ្យ​​ជាប់​​ចំណាត់​ថ្នាក់​លេខ​២ ដោយដាក់ឱ្យស្ថិតនៅក្រោម​ការ​​​តាមដាន​ ដោយ​សារ​តែ​សហរដ្ឋ​អាមេរិក​មើល​ឃើញ​​ថា​ រដ្ឋាភិបាល​កម្ពុជាមិនទាន់​​បាន​គោរព​បាន​ពេញ​លេញ​តាម​បទដ្ឋាន​អប្បបរមា​ ក្នុង​ការ​លុប​បំបាត់​ការ​ជួញ​ដូរ​មនុស្ស​ទេ។

ក្នុង​របាយការណ៍​នោះលើក​ឡើង​ថា​ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បង្ហាញ​ការ​បង្កើន​ការ​ខិត​ខំ​ក្នុង​ការ​ទប់​ស្កាត់​ការ​ជួញដូរ​មនុស្ស​នោះ​ទេ​ បើ​ធៀប​នឹង​របាយការណ៍​មុន។​ លើស​ពី​នេះ របាយការណ៍នោះលើកឡើងថា ​អំពើ​ពុក​រលួយ​បាន​រាំង​ស្ទះ​ដល់​ការងារ​របស់​សមត្ថកិច្ច​ ដំណើរ​ការ​កាត់​ក្ដីជន​ល្មើស​ និង​ការ​ផ្ដល់​សេវា​ដល់​ជន​រងគ្រោះ និង​​ការ​ខកខាន​​របស់​រដ្ឋា​ភិបាលក្នុងការ​បង្កើត​និង​អនុវត្ត​ប្រព័ន្ធ​តាមដាន​ផ្នែកយុត្តិធម៌ឱ្យបាន​គ្រប់​គ្រាន់​ ​ដែល​ធ្វើឱ្យ​ជន​សង្ស័យ​​​ជាច្រើនគេចខ្លួនមុនសវនាការ ដែល​នាំ​ឱ្យមាន​ការកាត់​ទោស​កំបាំង​មុខ​ជា​ច្រើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ