ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្ត​បាត់ដំបង​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ​ជាង​២៤០០​ខ្នង​និង​ដំណាំ​ជាង​១៥០០​ហិកតា

ស្ថានភាពទឹកដែលបានកើនឡើងក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅក្រុងបាត់ដំបង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបាត់ដំបង)

អាជ្ញាធរ​បានឱ្យដឹងថា ជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបងចំនួន៣ថ្ងៃជាប់ៗគ្នាមកនេះ បណ្ដាលឱ្យប៉ះពាល់ស្រុក-ក្រុង​ចំនួន​១៤ ក្នុងនោះបាន​ប៉ះពាល់​ដល់​​​ផ្ទះសម្បែងប្រជាពលរដ្ឋជាង២ ៤០០ខ្នង​ ដំណាំស្រូវ​និងដំណាំផ្សេងទៀតមានចំនួន​ជាង១ ៥០០ហិកតា រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំ​បង លោក សៀម ប៊ុនរិទ្ធ បានប្រាប់ វីអូឌី តាម​តេឡេក្រាមនៅថ្ងៃទី១៨ ខែតុលានេះថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃ១៧​ ខែតុលានេះ នៅតាមបណ្ដាស្រុកប៉ែកខាងលើ និងប៉ែកខាងក្រោម​ជាប់តាមដងស្ទឹងសង្កែ មាន​​ជំនន់ទឹកភ្លៀង​បណ្ដាល​មកពីមានភ្លៀងធ្លាក់នៅប្រភព​ភ្នំក្បាលឡាន​ ចាក់ចូលស្ទឹងបរឡាង និងស្ទឹងក្រញូង ធ្លាក់​ចូលមកស្ទឹងសង្កែ បានធ្វើឱ្យស្រុក-ក្រុងសរុបចំនួន១៤ រងផលប៉ះពាល់។ លោកបន្តថា ស្រុក-ក្រុងទាំងនោះ រួម​មាន ស្រុកសំឡូត  ស្រុករតនមណ្ឌល ស្រុកបាណន់ ស្រុកឯកភ្នំ ស្រុកសង្កែ និង​ក្រុងបាត់ដំបង ជាដើម។

ចំណែកផ្ទះប្រជាជនដែលរងផលប៉ះពាល់វិញ លោកថា ​មានចំនួនសរុប២ ៤៦០ខ្នងផ្ទះ ដំណាំឧស្សាហកម្ម ដំណាំបន្លែឆ្លងកាត់ ដំណាំរួមផ្សំ សរុបចំនួនជាង២៣១​ហិកតា។ ដោយឡែក ស្រូវស្រែចំនួន១ ៣០០ហិកតា ក្នុងនោះមានស្រូវ​កំពុងច្រូតកាត់ចំនួន១៣ហិកតាក៏រងផលប៉ះពាល់ដែរ។ បន្ថែមពីនេះ ជំនន់ទឹកភ្លៀងបណ្ដាលឱ្យលិចលង់ផ្លូវលំប្រវែង១៦ ១០០ម៉ែត្រ និងផ្លូវកៅស៊ូ ប្រវែង១១ ២០០ម៉ែត្រ ផងដែរ។

លោក ប៊ុនរិទ្ធ បញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកស្ទឹងសង្កែនៅចំណុចស្ពាន សម្ដេចតេជោ ហ៊ុន សែន ក្នុងក្រុងបាត់ដំបង បានហក់ឡើងខ្ពស់បំផុត១៤ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ននៅកម្ពស់១៤ម៉ែត្រកន្លះ (១៤,៥០) ប៉ុន្តែទឹកបាន​ស្រក​ទៅ​វិញ នៅត្រឹមកម្រិតកម្ពស់ជាង១២ម៉ែត្រ (១២,១០) គិតត្រឹមម៉ោង​៦កន្លះល្ងាច ​ថ្ងៃទី១៧ ខែតុលានេះ។ យ៉ាងណា លោកថា ជំនន់ទឹកភ្លៀងពេលនេះមិនបណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋ ជាពិសេសអ្នករស់នៅតាមដងស្ទឹងនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ