មេធាវី​ទាមទារ​ឱ្យ​តុលាការ​ចេញ​ដីកា​បញ្ចប់​ការ​ឃុំ​ខ្លួន​ស្ថាពរ​ប្រឆាំង​លើ​លោក កឹម សុខា

មេធាវី​ការពារ​ក្ដី​ឱ្យ​លោ​ក កឹម​ សុខា​ គឺលោកស្រី​មេធាវី​ ម៉េ​ង សុភារី​ និងមេធាវី២រូបទៀត ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្រោយបញ្ចប់សវនាការរឿងក្ដី លោក កឹម សុខា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

មេធាវីការពារក្ដីឱ្យ​​លោក កឹម សុខា ​​ប្រធានអតីតគណបក្សសង្រ្គោះជាតិ បាន​ជំរុញ​ជា​ថ្មី​ទៀតឱ្យ​តុលាការ​​​​ពិ​ចា​​​​​​​រណាក្នុងការចេញដីកាបញ្ឈប់ជាអចិន្រ្តៃយ៍នូវដំណើរការនីតិវិធីនៃការឃុំខ្លួនប្រឆាំងនឹង​កូនក្ដីរបស់ខ្លួន ​និងផ្ដល់នីតិសម្បទា​​​​​សម្រាប់​អតីត​​មេបក្សប្រឆាំងរូប​​នេះឱ្យបានពេញលេញឡើង​វិញ​។

អ្នកស្រី ម៉េង សុភារី សហមេធាវីម្នាក់​ដែលការពារ​ក្ដីឱ្យ​​លោក កឹម សុខា បានប្រាប់ វីអូឌី កាលពីថ្ងៃសៅរ៍ថា ​​ជា​រឿងអយុត្តិធម៌មួយ​​ដែល​តុលាការ​បន្តផ្អឹបសំណុំ​រឿងកូនក្ដីរបស់ខ្លួនទុក​​​​អស់​រយៈ​ពេល​ជា​ច្រើន​​ខែ ក្រោម​​​ហេតុ​​​ផល​​​វិបត្តិ​ជំងឺ​​កូវីដ-១៩។ បើក្នុងករណីបញ្ហាកូវីដ-១៩​ ជាមូលហេតុ​ចម្បង​ដែល​​​នាំ​ឱ្យ​ប៉ះពាល់​ដល់​​ដំណើរ​​ការ​​នីតិវិធីជំនុំជម្រះក្ដីនោះ​ អ្នកស្រី​យល់​ថា​​​ តុលាការគួរចេញដីកាបញ្ចប់​នៃ​ការឃុំខ្លួន​ជាស្ថាពរប្រឆាំងលោក កឹម សុខា តែម្ដងទៅ។

អ្នកស្រីបន្តថា៖ «បើសិនជាតុលាការ​មិនអាច​បន្ត​សវនាការបាន​ទេ ក្រុមប្រឹក្សាជំនុំជម្រះក៏គួរតែ​​ចេញ​​​ដី​​​​​កា​​​បញ្ឈប់ជាអចិន្រ្តៃយ៍នូវដំណើរនីតិវិធីប្រឆាំងឯកឧត្ដម កឹម សុខា ហើយនិងផ្ដល់​​នីតិសម្បទា​​​ឱ្យ​​​​គាត់មាននីតិសម្បទាពេញលេញឡើងវិញ»។

បើតាមអ្នកស្រី ម៉េង សុភារី នេះជាសំណុំរឿង​ដែល​ប្លែក​ខុស​គេ ខណៈដំណើរការ​ជំនុំជម្រះ​លើ​អង្គ​​សេចក្ដី​​​​កំពុងតែបន្តនីតិវិធី ស្រា​​ប់​​​​តែត្រូវពន្យារពេលដ៏យូរពុំធ្លាប់មាន ព្រោះតែសម្អាង​​ហេតុវិបត្តិ​ជំងឺកូវីដ-១៩ ខណៈសំណុំរឿងផ្សេងៗទៀតនៅបន្តជាប្រក្រតី។

លោក កឹម សុខា បាន​រងការចោទប្រកាន់ពីបទ «ឃុបឃិតជាមួយបរទេសចង់ផ្ដួលរំលំ​រដ្ឋាភិ​បាល»។ ​​សំណុំរឿងក្ដីរបស់លោក​​ត្រូវបាន​តុលាការ​ក្រុង​ភ្នំពេញលើក​មកជំនុំជម្រះកាលពីអំឡុងខែ​មករា ឆ្នាំ២០​​២០​​ ហើយសវនាការនេះក៏បានបន្តនីតិវិធីរហូតដល់ចុងខែ​មីនា ទើបសម្រេចផ្អាក ដោយ​​សារមាន​បម្រាម​នៃការជួបជុំមនុស្ស​ច្រើន​​​ក្នុង​អំឡុង​​​វិបត្តិ​​ជំងឺកូវីដ-១៩ មកដល់​បច្ចុប្បន្ន។

យ៉ាងនេះក្ដី កាលពីថ្ងៃទី​១៤ ខែ​តុលា ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញគោលការណ៍​ថ្មី​​មួយ ដោយ​បានបើកផ្លូវឱ្យ​​មាន​​ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនក្រោម៥០នាក់​បាន។ ប្រ​កា​​រ​​​៣​​ នៃ​​សេចក្ដីសម្រេចនេះ គឺអនុញ្ញាត​​​​បាន​​តែ​​សកម្មភាពចម្បងៗមួយចំនួនប៉ុណ្ណោះ ក្នុងនោះ​​រួម​​ទាំងដំណើរ​​ការនីតិវិធីសម្រាប់​​នៅ​​ក្នុង​​តុលា​​កា​​រផងដែរ។

យោងមាត្រា​២០៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា ពេលវេលានៃការឃុំខ្លួនបណ្ដោះអាសន្នចំ​ពោះ​​​​​​បទ​ឧក្រិដ្ឋទៅលើនីតិជនដែលរងការចោទប្រកាន់ពីបទឧក្រិដ្ឋ ការឃុំខ្លួន​​បណ្ដោះ​​អាសន្ន​​មិន​​អាច​ឱ្យលើសពី៦ខែបានទេ។ ប៉ុន្តែបើផុតថេរវេលានេះ ចៅក្រមស៊ើបសួរ អាចបន្តពន្យារពេល​នៃ​​​ការ​​ឃុំ​​​​​ខ្លួនបណ្ដោះអាសន្នម្ដងបាន៦ខែទៀតបាន ដោយមានការ​សម្អាងហេតុ​ត្រឹមត្រូវនិងច្បាស់លាស់។

វីអូឌី មិនអាចស្នើសុំការបញ្ជាក់ជុំវិញករណីនេះ​ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅថ្ងៃ​ចន្ទ​នេះ។

ទាក់ទិនករណីនេះ នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ការ​សម្រេចចិត្តទម្លាក់ឬតម្កល់សំណុំរឿងក្ដីនេះ ជាឆន្ទានុ​សិទ្ធិ​របស់​តុលាការ។ ប៉ុន្តែលោកបញ្ជាក់ថា ដើ​​ម្បី​​​​​ឱ្យមាន​ភាពស្មើគ្នាចំពោះមុខច្បាប់ និងគោរព​គោលការណ៍សិ​ទ្ធិមនុស្ស គឺ​អ្នក​ទទួល​ខុសត្រូវ​ក្នុង​រឿងក្ដីមួយ​​នេះត្រូវថ្លឹងថ្លែងឱ្យម៉ត់ចត់ ដើម្បីចៀសវាងពីការរិះគន់និងអនុវត្តផ្ទុយពីបទដ្ឋានគតិ​យុត្ត។

លោកបន្តថា៖ «បើយើងនិយាយអំពីបទដ្ឋានសិទ្ធិមនុស្ស អំពីយុត្តិធម៌ និងភាពស្មើគ្នាចំ​​ពោះមុខ​​ច្បាប់ អាហ្នឹងត្រូវយកមកពិចារណាទាំងអស់ ទាំងផ្លូវច្បាប់ ទាំងបញ្ហាសិទ្ធិ និងបញ្ហា​​អីធ្វើ​​ម៉េច ដើម្បីឱ្យ​​មា​​ន​​​​​​តម្លាភាពនិងយុត្តិធម៌»។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចុះចាប់ខ្លួន​ទាំងពាក់កណ្ដាលអធ្រាត្រ កាលពីថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោក ក្នុងខណ្ឌទួលគោក។ ២ខែក្រោយ​នៃ​ការ​​ចាប់​ខ្លួន​​​នេះ តុលាការកំពូលបានរំលាយអតីតបក្សប្រឆាំងនេះចេញពីឆាកនយោបាយ នៅចុងឆ្នាំ២០១៧​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ