មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា ​មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នោះទេ

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ថ្លែងសុន្ទរកថានៅក្នុងសន្និសីទ IX Moscow ស្ដីពីសន្តិសុខអន្តរជាតិ នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ (Alexander Zemlianichenko/Pool via REUTERS)

មេដឹកនាំរបបយោធា​ដែលបានគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីការធ្វើរដ្ឋប្រហាររបស់ខ្លួន នឹង​មិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននោះទេ ដែលករណីនេះត្រូវបាន​ចាត់ទុក​ថា​ជារឿងដ៏កម្រមួយសម្រាប់មេដឹកនាំមកពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

ការសម្រេចនេះត្រូវបានធ្វើឡើងដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងកិច្ចប្រជុំបន្ទាន់មួយដែលធ្វើឡើងកាលពីថ្ងៃសុក្រកន្លងទៅ ខណៈដែលវាត្រូវបានចាត់ទុកថា​ជារឿងដែលមិនធ្លាប់កើតឡើងកាលពីពេលកន្លងទៅ។

ទោះជាយ៉ាងណា អាស៊ានបានឱ្យដឹងថា ខ្លួននឹងអញ្ជើញតំណាងមីយ៉ាន់ម៉ាដែលមិនពាក់​ព័ន្ធនយោ​បាយ​មួយរូប ដើម្បីចូលរួមក្នុងកិច្ចប្រជុំជំនួសវិញ។

ទាក់ទិននឹងករណីនេះ ក្រសួងការបរទេសសិង្ហបុរី ក៏បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ការដែលផ្លាស់ប្តូរវត្តមានចូលរួមរបស់មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ានេះ គឺជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែចាំបាច់ដើម្បីរក្សាឱ្យបាននូវភាព​ជឿ​ទុក​ចិត្តរបស់អាស៊ាន។

ជាមួយគ្នានេះ សេចក្ដីថ្លែងការណ៍របស់អាស៊ានក៏បានបន្តលើកឡើងពីកង្វះ​វឌ្ឍនភាពនៅក្នុងផែនទី​បង្ហាញ​ផ្លូវ ដើម្បីស្ដារសន្តិភាពនៅមីយ៉ាន់ម៉ា ដែលរបបយោធាបានយល់ព្រមជាមួយតំបន់កាល​ពីខែមេសាផងដែរ។

គួរបញ្ជាក់ថា អាស៊ាន​ក៏បានប្រឈមនឹងសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើង ក្នុងការប្រកាន់ជំហរតឹងរ៉ឹងជាងមុនប្រឆាំងនឹងមីយ៉ាន់ម៉ា ខណៈដែលខ្លួនត្រូវបានរងការរិះគន់កាលពីពេលកន្លទៅ ដែលថា​គ្មានប្រសិទ្ធភាពក្នុងការដោះស្រាយជាមួយមេដឹកនាំដែលត្រូវបានចោទប្រកាន់ពីការរំលោភសិទ្ធិ ធ្វើឱ្យប្រជាធិបតេយ្យធ្លាក់ចុះ និងបំភិតបំភ័យគូប្រជែងនយោបាយ។

បើតាម​អង្គការសហប្រជាជាតិ ជន​ស៊ីវិល​ជាង១ ០០០នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា និងមនុស្សរាប់ពាន់នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនទាក់ទងទៅនឹងការបង្ក្រាបលើកូដកម្ម និងការតវ៉ានានានៅក្នុងប្រទេស ខណៈដែលតួលេខនេះត្រូវបានចាត់ទុកដោយរបបយោធាថាជាការបំផ្លើសការពិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ