កម្ពុជា​ប្រាប់ អ.ស.ប ថា​កុមារ កាក់ សុវណ្ណច្ឆ័យ បាន​ញុះញង់​ប៉ះពាល់​ដល់​ស្ថិរភាព​សង្គម

រថយន្តពន្ធនាគារដឹកកុមារា កាក់ សុវណ្ណច្ឆ័យ ក្រោយចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រដ្ឋាភិបាលកម្ពុជាបានប្រាប់ទៅក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ពីករណីចាប់ឃុំខ្លួនកូនប្រុសរបស់អតីតសមាជិកក្រុមប្រឹក្សារាជធានីនៃអតីតគណបក្សសង្រ្គោះជាតិ កុមារ កាក់ សុវណ្ណច្ឆ័យ ដោយ​ថា ក្មេងប្រុសរូបនេះបានប្រព្រឹត្តបទល្មើ​ស «ញុះញង់បង្កផលប៉ះពាល់ដល់ស្ថិរភាពសង្គម» និង «ជេរប្រមាថមន្រ្តីថ្នាក់ដឹកនាំប្រទេសជាសាធារណៈ»។

ក្នុងលិខិតចុះថ្ងៃទី២៤ ខែសីហា​ ឆ្នាំ២០២១ ដែលទើបចុះផ្សាយនៅថ្ងៃ​ទី១៨ ខែតុលា កម្ពុជា តាមរយៈស្ថាន​បេ​សកកម្មអចិន្ត្រៃយ៍​កម្ពុជាប្រចាំ អ.ស.ប បានឆ្លើយតបសំណើរួម៦ចំណុច​របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការអន្តរជាតិមួយនេះ នៅ​​​ថ្ងៃ​ទី១​៧ ខែសីហា ជុំវិញការចាប់ឃុំខ្លួនកុមារអាយុ១៧ឆ្នាំ ឈ្មោះ កាក់ សុវណ្ណច្ឆ័យ។

យោ​ងតាមលិខិតនោះ សំណើ៦ចំណុចរបស់ក្រុមអ្នកជំនាញ៤រូប ដែលមានទាំងអ្នករាយការណ៍ពិសេសរបស់ អ.ស.ប ប្រចាំនៅ​កម្ពុជា លោក Vitit Muntarbhorn មានដូចជា ការស្នើឱ្យរដ្ឋាភិបាលកម្ពុជាផ្ដល់ព័ត៌មានបន្ថែមជុំវិញមូលដ្ឋាននៃការចាប់ខ្លួ​ន ព័​ត៌មា​នអំពីលក្ខខណ្ឌសុខភាពផ្លូវចិត្ត ផ្លូវកាយ និងសុខភាពទូទៅ និងព័ត៌មានដែលអាចចូលទៅប្រើបានដោយគ្រួសារ មេ​ធាវី និងកា​រគាំពារសុខុមាលភាពរបស់រូបគេ។   

ភ្ជាប់ជាមួយសំណើ ក្រុមអ្នកជំនាញសិទ្ធិមនុស្សទាំងនោះបានជំរុញឱ្យមានការចាត់វិធានការបណ្ដោះអាសន្នចាំ​បាច់នានា ដើ​ម្បី​​​ធានាការចោទប្រកាន់ និងការស៊ើបអង្កេត ដែលត្រូវបានធ្វើឡើង​ដោយ​មានគណនេយ្យ​ភាព​នៃបុគ្គលគ្រប់រូប និងផ្អែកលើមូលដ្ឋានត្រឹមត្រូវ។

ក្នុងលិខិតនោះ ពួកគេសម្ដែងក្ដីបារម្ភថា៖ «នាពេលអនាគតដ៏ខ្លី តាមទស្សនៈរបស់យើង ព័ត៌មានដែលសេចក្ដីប្រកាសព័ត៌មាននឹងមានមូលដ្ឋានអាចទុកចិត្តបានគ្រប់គ្រាន់ ដើម្បីចង្អុលបង្ហាញថា បញ្ហាមួយកំពុងធានាឱ្យមានការយកចិត្តទុកដាក់បន្ទាន់។ យើងក៏ជឿជាក់ថា សាធារណជនទូទៅ គួរតែត្រូវបានជូនដំណឹងអំពីផលប៉ះពាល់សក្ដានុពលនៃការចោទប្រកាន់ខាងលើ»

ក្រុមអ្នកការពារសិទ្ធិមនុស្សទាំងនេះបានលើកឡើងពីបទដ្ឋាននិងស្តង់ដារច្បាប់អន្តរជាតិសម្រាប់អនីតិជនថា ការឃុំខ្លួនបណ្ដោះអាសន្ន ការចាប់ខ្លួន ការឃុំខ្លួន និងការដាក់ពន្ធនាគារ គួរតែត្រូវបានធ្វើឡើងជាវិធានការចុងក្រោយ ត្រូវអនុលោមតាមច្បាប់ និ​ងធ្វើក្នុងរយៈពេលខ្លីបំផុត។ លើសពីនេះ ពេលដែលអនីតិជនត្រូវបានឃុំខ្លួន ករណីរបស់ពួកគេត្រូវតែផ្ដល់អាទិភាពខ្ពស់បំផុត និងដោះស្រាយឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីធានាថា រយៈពេលនៃការឃុំខ្លួនបណ្ដោះអាសន្នមានរយៈពេលខ្លីតាមដែលអាចធ្វើទៅបាន។

ការិយាល័យតំណាងកម្ពុជាប្រចាំនៅ អ.ស.ប លើកឡើងក្នុងលិខិតឆ្លើយតបថា អាជ្ញាធរប្រឆាំងបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិត​ បានទទួលព័ត៌មាននិងបើកការស៊ើបអង្កេតឃើញថា​ កុមារ កាក់ សុវណ្ណច្ឆ័យ បានប្រើបណ្ដាញសង្គមផ្ញើសំឡេងមានចរិតលក្ខណៈបង្ខូចការពិ​ត ញុះញង់ និងបង្កហេតុ ដែលធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពសង្គម ហើយក៏បានបង្ហោះរូបភាពកាត់តនិងសរសេ​រពាក្យសម្ដីមា​​ក់ងាយដល់ថ្នាក់ដឹកនាំរាជការជាសាធារណៈ។ 

កម្ពុជាឆ្លើយតបទៀតថា៖ «តាមរយៈការចាប់ខ្លួន អាជ្ញាធរមានសមត្ថកិច្ចបានរកឃើញក្នុងទូរសព្ទ​ចល័តដែលបានដកហូ​ត និងរ​កឃើញថា គាត់ពិតជាបានផ្ញើខ្សែអាត់សំឡេង បានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Telegram និង Facebook ដើម្បីចែកចាយនិង​ផ្សា​យព័ត៌មានជាសាធារណៈ ដែលមិនត្រឹម​តែបានជេរប្រមាថនិងធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់មេដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំ​​ង​បានញុះ​ញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គមទាំងមូលផងដែរ»។ 

វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបពាក់ព័ន្ធនឹងការបកស្រាយទាំងនេះពីលោក Vitit Montarbporn បានទេ នៅថ្ងៃអង្គារ ទី១៩ ខែតុលានេះ។ 

​យ៉ាងណា​ កាលពីដើមខែកញ្ញា លោក Vitit Montarbporn និង​អ្នករាយការណ៍ពិសេសអំពីបញ្ហាសិទ្ធិមនុស្ស៣រូបទៀតរបស់ អ.ស.ប ដែលមានស្នាក់កា​រនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានទទូចឱ្យសមត្ថកិច្ចកម្ពុជាដោះលែងកុមារ កាក់ សុវណ្ណច្ឆ័យ ដែលជាអនីតិជនមានជំងឺអូទីហ្សឹម និងត្រូវបានចាប់ខ្លួនដោយគ្មានដីកា នៅប្រមាណម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០២១ ខណៈរូបគេកំពុងស្ថិតនៅបន្ទប់ជាមួយម្តាយ ប្អូនប្រុស និ​ង​ជីដូន។

នៅថ្ងៃទី១៣ ខែតុលា តុលាការក្រុងភ្នំពេញ​បាន​សម្រេចពន្យារពេលប្រកាសសាលក្រមករណី កាក់ សុវណ្ណច្ឆ័យ ដោយគ្មានពេលកំណត់ ក្រោយហេតុផលចៅក្រមជាប់រវល់ប្រជុំ ដែលធ្វើឱ្យការឃុំខ្លួនជាបណ្ដោះអាសន្នទៅលើកុមាររូបនេះអស់រយៈពេលជាង៤ខែ បន្តអូសបន្លាយ។

កាលពីខែចុងខែមេសា កូនប្រុសអតីតមន្រ្តីក្រុមប្រឹក្សារាជធានីភ្នំពេញមកពីអតីតគណបក្សសង្គ្រោះជាតិ លោក កាក់ កុ​​​ម្ភារ ដែលកំពុងជាប់ឃុំឃាំងអស់ជាង១ឆ្នាំមកហើយ ពីបទ “រួមគំនិតក្បត់ និងញុះញង់ឱ្យយោធាមិនស្ដាប់បង្គាប់” និងមានម្តាយ​ឈ្មោះ ព្រំ ចាន់ថា ជាសកម្មជនការពារសិទ្ធិមនុស្ស “ស្ត្រីថ្ងៃសុក្រ” ត្រូវបានជនមិនស្គាល់មុខជិះម៉ូតូយកដុំឥដ្ឋគប់បណ្ដាលឱ្យរងរបួសក្បាល ។ 

កាលពីដើមខែតុលា ឆ្នាំ២០២០ ក្នុងវ័យ១៦ឆ្នាំ រូបគេត្រូវបានអាជ្ញាធរចាប់ខ្លួននិងយកទៅសាកសួរអស់រយៈពេល២ថ្ងៃ មុនដោះលែងឱ្យមានសេរីភាពវិញ ដោយសាររូបគេបានចូលស្នាក់ការកណ្ដាលរបស់អតីតគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ