នាយក​រដ្ឋ​មន្ត្រី​ស្នើ​សាច់​ញាតិ​កុំ​ឱ្យ​បញ្ជូន​អ្នក​ជំងឺ​កូវីដ​មក​ព្យាបាល​នៅ​ភ្នំពេញ​ បើ​គ្មាន​ការ​ចាំបាច់

រថយន្តមន្ទីរពេទ្យចាកចេញពីមន្ទីរពេទ្យខ្មែរ-សូវៀត ទៅបំពេញការងារផ្សេងតាមគោលដៅកំណត់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋជឿជាក់លើការ​ព្យាបាល​អ្នក​​ជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យបង្អែកខេត្តរៀងៗខ្លួន ចៀសវាងការបញ្ជូនមកព្យាបាលនៅរាជធានី​ភ្នំពេញ បើ​គ្មាន​កា​រ​ចាំ​បាច់។

ការ​អំពាវនាវរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងតាមរយៈសារជា​សំឡេង​ពិសេស នៅ​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២១​នេះ ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ថា ការបញ្ជូនអ្នកជំងឺតាមរថយន្តផ្លូវឆ្ងាយ មិនមែនជាការជួយសង្គ្រោះអ្នកជំងឺនោះទេ តែអាច​ធ្វើឱ្យប៉ះពាល់ដល់អ្នកជំងឺទៅវិញ។ លោកថា ការធ្វើដំណើរផ្លូវឆ្ងាយ អាចធ្វើឱ្យអ្នកជំងឺកាន់​តែ​ធ្ងន់​ធ្ងរ និងពិបាកស្រោចស្រង់តែម្ដង។

លោកថា៖ «ខ្ញុំសូមអំពាវនាវទៅដល់បងប្អូនជនរួមជាតិរបស់យើង ទុកចិត្តលើមន្ទីរពេទ្យដែលយើងបានខិតខំកសាងឡើងក្នុងរយៈពេលកន្លងទៅ ជាមួយនឹងការពង្រឹង​​សមត្ថភាព​ព្យាបាលរបស់​មន្ទីរ​ពេទ្យ​នៅ​តាម​ខេត្ត។ ការធ្វើបែបនេះ គឺដើម្បីចៀសវាងការកកកុញអ្នក​ជំងឺ​សម្រាប់មន្ទីរ​ពេទ្យ​នៅ​ឯ​រាជធានីភ្នំពេញ តែបញ្ហានេះជាបញ្ហាបន្ទាប់បន្សំទេ។ អ្វីដែលជាបញ្ហាធំ គឺបញ្ហាការពារអាយុជីវិតអ្នកជំងឺ ដើម្បីកុំឱ្យគ្រោះថ្នាក់ដោយសារការបញ្ជូន ដោយមិនមានទំនួលខុសត្រូវច្បាស់លាស់ ហើយធ្វើឱ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺនោះវិញ»

ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីលោកបានបើកកិច្ចប្រជុំជាមួយអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ កាលពីថ្ងៃម្សិលមិញនេះ ស្តីពីស្ថានភាពជំងឺកូវីដ-១៩ បន្ទាប់​ពី​ពិធី​បុណ្យភ្ជុំបិណ្ឌ និងការត្រៀមរៀបចំបើកប្រទេសឡើងវិញ។

ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើបន្ទាប់ពីលោកបានបើកកិច្ចប្រជុំជាមួយអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ កាលពីថ្ងៃម្សិលមិញ​ ស្តីពីស្ថានភាពជំងឺកូវីដ-១៩ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ និងការត្រៀមរៀបចំបើកប្រទេសឡើងវិញ។

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ លោកស្រី លឹម សាមាន ថ្លែងប្រាប់វីអូឌីតាមប្រព័ន្ធទំនាក់​ទំនង​តេឡេក្រាមនៅថ្ងៃអង្គារនេះថា លោកស្រីគាំទ្រការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលើកទឹកចិត្តឱ្យពលរដ្ឋមានជំងឺកូវីដ-១៩ព្យាបាលនៅខេត្តរបស់ខ្លួនជាជាង​ធ្វើដំណើរទៅ​រាជធានីភ្នំពេញ​។

លោកស្រីបន្តថា ក្នុងយុទ្ធនាការប្រយុទ្ធនឹងកូវីដ-១៩ រយៈពេលជិត ២ ឆ្នាំមកនេះ ខេត្តព្រះសីហនុបានរៀបចំហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលបានយ៉ាងរឹងមាំ ទាំងធនធានមនុស្ស មណ្ឌលព្យាបាល សម្ភារៈបរិក្ខារពេទ្យគ្រប់គ្រាន់ និងទំនើបដូចមន្ទីរពេទ្យថ្នាក់ជាតិដែរ។ លោកស្រីថាខេត្តនេះមានប្រព័ន្ធសង្គ្រោះប្រកបដោយប្រសិទ្ធភាព ពោលមានធនធានមនុស្ស និងសំភារៈត្រៀមបំរុងទុកជានិច្ចរាល់ពេលមានករណីសង្គ្រោះបន្ទាន់។

លោកស្រី លឹម សាមាន មានប្រសាសន៍ថា «មន្ទីរពេទ្យខេត្ត [ព្រះសីហនុ] មានម៉ាស៊ីនផលិតអុកស៊ីសែនផ្ទាល់ខ្លួន មានម៉ាស៊ីនជំនួយផ្លូវដង្ហើម មានម៉ាស៊ីនថតសួតចល័ត មានឱសថបរិក្ខារពេទ្យដូចមន្ទីរពេទ្យជាតិដែរ។ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តក៏ត្រូវបានបណ្តុះបណ្តាលពីក្រុមគ្រួពេទ្យថ្នាក់ជាតិស្តីពីការគ្រប់គ្រងថែទាំអ្នកជំងឺ។  បច្ចុប្បន្នខេត្តយើងមានធនធានគ្រប់គ្រាន់លើគ្រប់ទម្រង់នៃការឆ្លើយតបនឹងកូវីដ ១៩ ។ ក្រុមគ្រូពេទ្យមានសមត្ថភាព និងបទពិសោធ៍ថែទាំ ព្យាបាល គ្រប់គ្រាន់ ដោយសារតែមានឆ្លងកាត់អ្នកជំងឺប្រមាណជាង ១ម៉ឺននាក់រួចមកហើយ»។

​ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី មានប្រសាសន៍ថា ក្រុមគ្រួសារចេះតែចង់បញ្ជូនអ្នកជំងឺកូវីដ-១៩ មកភ្នំពេញដោយសារគិតថា មិនមានសម្ភារៈគ្រប់គ្រាន់នៅតាមខេត្ត ដូចជាម៉ាស៊ីន PCR ម៉ាស៊ីនផ្តល់អុកស៊ីសែនស្វ័យប្រវត្តិ ជាដើម។

លោកថា «សំខាន់បំផុតគឺចំពោះអ្នកដែលជាមន្ត្រីជំនាញសុខាភិបាលហ្នឹង ត្រូវមានកាយល់ដឹងខ្ពស់សម្រាប់ព្យាបាលគាត់ កុំឲ្យគាត់ចង់តែមកភ្នំពេញ។ ភ្នំពេញ និងខេត្តដូចតែគ្នាទេ បើពេទ្យយើងពង្រឹងបានល្អ ជួយផ្តល់យោបល់ចិត្តសាស្ត្រ កុំឲ្យគាត់ភ័យខ្លាច»។


ដោយឡែក ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព លោក យង់ គិមអេង លើកឡើងថា ពលរដ្ឋនៅតាមខេត្តចេះតែចង់បញ្ជូនសមាជិកគ្រួសារដែលមានជំងឺមកព្យាបាលនៅរាជធានីភ្នំពេញ ដោយគិតថានៅទីក្រុងមានគ្រូពេទ្យ​ជំនាញ សេវាសុខាភិបាលល្អជាង មានភាពកក់ក្តៅជាងការព្យាបាលនៅតាមខេត្ត ម្យ៉ាង​ឧបករណ៍ក៏ទំនើប គ្រូពេទ្យក៏មានជំនាញ។

លោក យង់ គិមអេង បន្តថា «បើសិនកម្ពុជាអាចដោះស្រាយបានថា ធ្វើម៉េចឱ្យគ្រូពេទ្យព្យាបាលកូវីដ១៩មានលទ្ធភាព មានសមត្ថភាពព្យាបាល ការយល់ដឹងមានកម្រិតស្មើគ្នា [រវាងពេទ្យនៅខេត្ត និងទីក្រុង] មានប្រជុំចែករំលែកបទពិសោធន៍ជាប្រចាំ ប្រហែលជាគ្រូពេទ្យនៅតាមខេត្តហ្នឹង ក៏ត្រូវបានប្រជាជនផ្តល់ទំនុកចិត្តដូចគ្នាដែទៅលើការព្យាបាល»។

លោក គិមអេង បន្តថា ការជំរុញរបស់លោកនាយករដ្ឋមន្ត្រី នឹងអាចមានប្រសិទ្ធភាពបាន លុះត្រាណា សមត្ថភាពរបស់គ្រូពេទ្យ កម្រិតនៃការព្យាបាល ការយកចិត្តទុកដាក់ ឧបករណ៍នៅតាមមន្ទីរពេទ្យមានលក្ខណៈប្រហាក់ប្រហែលនឹងនៅរាជធានីភ្នំពេញ។ លោកថា បើពលរដ្ឋឃើញកន្លែងណាក៏ដូចគ្នា ពួកគាត់នឹងលែងបារម្ភ ហើយក៏មិនចង់មកភ្នំពេញដែរ។

​ពលរដ្ឋនៅខេត្តតាកែវ ដែលអះអាងថាទើបនឹងធ្វើតេស្តរហ័សមានវិជ្ជមានកូវីដ-១៩ លោក គង់ ធូ និយាយថាលោកនឹងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកអង្គរបុរីក្នុងខេត្តដដែល។ លោកថា បើគ្រូពេទ្យមានសមត្ថភាព និងមានសម្ភារៈគ្រប់គ្រាន់ដូចនៅទីក្រុង នោះពលរដ្ឋតាមខេត្តចង់បានការព្យាបាលនៅពេទ្យបង្អែកខេត្តជាងទៅភ្នំពេញ ព្រោះមានភាពកក់ក្តៅពីគ្រួសារដូចជាការមើលថែបាយទឹកជាដើម។

លោក គង់ ធូ ថា៖ «តាមខ្ញុំឮមកគាត់ [អ្នកភូមិ] ថា ពេទ្យនៅភ្នំពេញពូកែជាង ហើយសេវាកម្មគេនៅភ្នំពេញមានសម្ភារៈគ្រប់គ្រាន់សម្រាប់ព្យាបាល តែបើនៅខេត្តមានសម្ភារៈតិច ហើយពេទ្យខ្លះគាត់ថាត្រូវតែបញ្ជូន [អ្នកជំងឺទៅទីក្រុង] គាត់អត់ហ៊ានមើល [ព្យាបាលទេ]។ តាមមើលស្ថានភាពជាក់ស្តែងនៅភ្នំពេញគ្រូពេទ្យជំនាញច្រើនជាង»។

លោក គង់ ធូ ថាបើចង់ឱ្យពលរដ្ឋជឿជាក់លើគ្រូពេទ្យបង្អែកខេត្ត លុះត្រាគ្រូពេទ្យធ្លាប់បានព្យាបាលអ្នកឈឺធ្ងន់ឱ្យជាសះស្បើយ មានសេវាដិតដល់ មានសម្ភារៈគ្រប់គ្រាន់ នោះពលរដ្ឋនឹងទុកចិត្ត ហើយឈប់មានបំណងមកព្យាបាលនៅរាជធានីភ្នំពេញទៀតហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ