ក្រសួង​ថា​តម្លៃ​ជ្រូក​រស់​បន្ត​ធ្លា​ក់ចុះ​ដោយសារ​តម្រូវ​ការ​សាច់​ជ្រូក​អំឡុង​វិបត្តិ​កូវីដ-១៩​មាន​ការ​ប្រែប្រួល ​

កសិដ្ឋានចិញ្ចឹមជ្រូករបស់អ្នកភូមិម្នាក់ ស្ថិតនៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ រូបភាព៖ ហួត វុទ្ធី

ក្រសួងកសិកម្ម ឱ្យដឹងថា តម្លៃជ្រូករស់បន្តធ្លាក់ថ្លៃនាពេលបច្ចុប្បន្ន ដោយសារ​តម្រូវការសាច់ជ្រូក ក្នុង​អំឡុងវិបត្តិ​កូវីដ-១៩មាន​ការប្រែប្រួល ម៉្យាង​រដ្ឋាភិបាលបាន​សម្រេចផ្អាករៀបចំ​កម្មវិធីបុណ្យភ្ជុំបិណ្ឌ ដែល​ធ្វើឱ្យសត្វ​​ជ្រូកមាន​ការកកស្ទះលក់មិនចេញនៅលើទីផ្សារ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ​បានបង្ហោះសារជូនដំណឹងលើហ្វេសប៊ុករបស់ខ្លួន កាល​ពីថ្ងៃ​​ម្សិលមិញ ថាវិបត្តិ​កូវីដ-១៩បានធ្វើឱ្យ​​តម្រូវការ​សាច់​ជ្រូក​មាន​ការ​ប្រែប្រួល​មិន​ទៀង​ទាត់ ដោយ​សារមាន​ការ​បិទ​ខ្ទប់ ហើយ​កម្មវិធី​បុណ្យ​ទាន មង្គលការ ឬពិធីជប់លៀងផ្សេងៗ មិនអនុញ្ញាតឱ្យបើកដំណើរការ ​ដែលធ្វើឱ្យជ្រូករស់មានការកកស្ទះលក់បានតម្លៃទាបរហូតដល់ពេលបច្ចុប្បន្ន។

លោក វេង សាខុន បញ្ជាក់ថា៖ «វិបត្តិជំងឺកូវីដ-១៩ តម្រូវការសាច់ជ្រូកមានការប្រែប្រួលមិនទៀងទាត់ ដោយសារមានការបិទខ្ទប់ ពុំមានកម្មវិធីតាមបុណ្យទាន កម្មវិធីជួបជុំផ្សេងៗ ជាពិសេសពុំមានភ្ញៀវទេសចរធ្វើដំណើកម្សាន្តតាមតំបន់រមណីយដ្ឋាននានា​ក្នុងព្រះរាជាណាចក្រកម្ពុជា»។

រដ្ឋមន្ត្រីដដែល​បញ្ជាក់ថា តម្លៃសាច់ជ្រូករស់នាពេលបច្ចុប្បន្នមានតម្លៃចន្លោះពីចំនួន៩ ៥០០រៀល ទៅចំនួន១០ ១០០​រៀល​ក្នុង​មួយ​គីឡូក្រាម ខណៈប្រទេសវៀតណាម​លក់​បាន​តម្លៃត្រឹមតែ៦ ៥០០រៀល​ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។

លោក វេង សាខុន បន្ថែមទៀតថា ស្ថិតិកសិដ្ឋានចិញ្ចឹមជ្រូកមានការកើនចំនួន៣៦កន្លែង ឬស្មើនឹងជាង៧ភាគរយ (៧,២%) ពោលគឺកើនពីចំនួន៥០៣កន្លែង នៅឆ្នាំ២០២០ ឡើងដល់ចំនួន៥៣៩កន្លែង ក្នុងឆមាសទី១ ឆ្នាំ២០២១។ បច្ចុប្បន្ននេះ ការនាំចូលជ្រូករស់ពីបរទេស នៅថ្ងៃខ្លះ មានត្រឹម៣០០ក្បាលក្នុងមួយថ្ងៃប៉ុណ្ណោះ។

ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ មានប្រសាសន៍ថា ដើមចមដែលជ្រូករស់ធ្លាក់ចុះតម្លៃ ដោយ​សារ​​រដ្ឋាភិបាល​សម្រេចផ្អាករៀបចំកម្មវិធីបុណ្យភ្ជុំបិណ្ឌ​​ ចាប់​ពីបិណ្ឌទី៤​ ម៉្យាងជ្រូករស់នាំចូលពីវៀតណាម​មកកម្ពុជា ធ្លាក់ថ្លៃត្រឹម៦ ៥០០រៀលក្នុងមួយគីឡូក្រាម។

លោក ស្រ៊ុន ពៅ សង្កេតឃើញដែរ​ថា ទោះបីជាជ្រូករស់ធ្លាក់ចុះតម្លៃ​យ៉ាង​នេះក្ដី ប៉ុន្តែបញ្ហាតម្លៃលក់សាច់ជ្រូកនៅលើទីផ្សារ​នៅតែថ្លៃ ចម្លោះពី២០ ០០០រៀល ដល់២៥ ០០០រៀលក្នុងមួយគីឡូក្រាមដដែល។

ករណីនេះ លោកស្នើទៅអាជ្ញាធរពាក់ព័ន្ធ ត្រូវចុះស្រាវជ្រាវដល់កន្លែងសត្តឃាត​ និងអាជីវករទាំងអស់ មិនត្រូវឱ្យពួកគេលក់សាច់ជ្រូកថ្លៃហួសហេតុនាអំឡុងពេលជួបវិបត្តិកូវីដ-១៩នេះ ដែលនាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកក្រីក្រ។

លោកថា៖ «ខ្ញុំអំពាវនាវថា បងប្អូនអាជីវករ ក៏ដូចជាសត្តឃាតដ្ឋានទាំងអស់​នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទិញជ្រូកបានថោកហើយ គឺត្រូវតែលក់ថោកទៅតាមជ្រូកដែលទិញពីកសិករមក។ បើសិនណាគាត់ទិញថោកហើយ គាត់នៅតែលក់ថ្លៃ សុំឱ្យក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធនឹងទីផ្សារនេះ គឺសុំឱ្យលោកធ្វើការទប់ស្កាត់ ធ្វើការស្រាវជ្រាវ រកមូលហេតុ ដូចថាជ្រូក១គីឡូ តែ១០ ០០០រៀល​ កុងស៊ីអ្នកឯងម៉េចលក់២០ ០០០រៀល ឬទីផ្សារលក់២៥ ០០០រៀល។ អាហ្នឹងហើយខុសក្រឹត្យក្រមតម្លៃនៃទីផ្សារ ងាប់តែកសិករ វារស់តែកុងស៊ីនិងអាជីវករអ្នកលក់»។

ជនពិការជើងទាំងគូ និងអតីតទាហានម្នាក់ នៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍ ស្រុកទឹកផុស ខេត្តកំពង់​​ឆ្នាំង លោក ឈឺន ខន អះអាងថា បច្ចុប្បន្ននេះ គាត់ចញ្ចឹមជ្រូក២០ក្បាល ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ។ ប៉ុន្តែលោកថា នៅភូមិរបស់គាត់​នាពេលបច្ចុប្បន្ន តម្លៃជ្រូករស់មួយគីឡូលក់បានតម្លៃត្រឹមតែ៨ ០០០រៀលតែប៉ុណ្ណោះ។ 

ករណីនេះ លោកថា បើតម្លៃសាច់ជ្រូក​បន្តធ្លាក់ក្រោមមួយម៉ឺនរៀល នោះ​រូបគាត់និងអ្នកភូមិផ្សេងទៀតនឹងនាំគ្នាឈប់​ចិញ្ចឹម​ជ្រូក ព្រោះតម្លៃកូនជ្រូកទិញមកចិញ្ចឹម​១ក្បាលមានតម្លៃជិត៤០ម៉ឺន​រៀល។

លោក ឈឺន ខន ក៏បាន​​ស្នើ​ទៅ​ក្រសួង​ពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម ជួយរក្សាតម្លៃជ្រូករស់ឱ្យបានយ៉ាងតិច១០ ០០០​ក្នុងមួយគីឡូក្រាម ដើម្បីឱ្យកសិករអាចបន្តមុខរបរនេះទៅមុខទៀត។

លោកថា៖ «ខ្ញុំយល់ថា បើធ្លាក់ចុះខ្លាំងណាស់ ឱ្យនៅសល់១គីឡូ [តម្លៃ]១០ ០០០រៀល គឺអាចនឹងទប់ទល់បាន។ ហើយខាងក្រសួងហ្នឹង​ ក៏លោកជួយកាត់បន្ថយផ្នែកដូចជាចំណីកន្ទក់បន្តិចទៅ យើងជួយម្នាក់បន្តិចទៅ គឺអាចនឹងរួច! តែបើក្រោមពីហ្នឹងឆ្ងាយ មិនអាចទៅរួច»។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ឱ្យដឹងទៀតថា ការនាំចូលកូនជ្រូកពូជក្នុងឆ្នាំ២០១៩ មានត្រឹមចំនួន២២ ០០០ក្បាល ហើយនៅឆ្នាំ២០២០ មានការកើនឡើងដល់ចំនួន២៧៥ ៩២៥ក្បាល។ ចំណែកឯជ្រូកពូជមេ-បា នាំចូលមានចំនួន៧ ៨៤០ក្បាល ក្នុងឆ្នាំ២០១៩ និងកើនដល់ចំនួន២៨ ១៤៣ក្បាល ក្នុងឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ការនាំចូលជ្រូកពូជមេ-បា មានចំនួន២៤ ៨៦៥ក្បាល និងកូនជ្រូកពូជមានចំនួន១២៦ ១១៦ក្បាល។

យ៉ាងនេះក្ដី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០២០ ក្រសួងកសិកម្ម​បានចេញលិខិតមួយបញ្ជាក់ពីការកាត់បន្ថយការនាំជ្រូកចូលពីបរទេស ពីចំនួន២០ ៤០០ក្បាលក្នុងមួយថ្ងៃ នៅខែមករា ឆ្នាំ២០២០ មកនៅត្រឹម៦ ៧០០ក្បាលក្នុងមួយថ្ងៃ ត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។ ក្រសួងបញ្ជាក់ពេលនោះថា ការ​​អនុញ្ញាតឱ្យ​​នាំចូលតែជាង៦ ០០០ក្បាលនោះ ​ក្នុងន័យបង្កើនផលិតកម្មសត្វជ្រូកក្នុងស្រុក និងរកទីផ្សារជូនកសិករ ក្រុមហ៊ុនចិញ្ចឹមជ្រូក និងសមា​គម​អ្នកចិញ្ចឹមសត្វកម្ពុជា ដើម្បីបំពេញនូវកង្វះខាតប្រមាណ ១៨%​ ទៀតប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ