សង្គម​ស៊ីវិល​ថា កង្វះ​កម្លាំង​ពលករ​នៅ​ថៃ​កំពុង​ជំរុញ​ពលករ​ខ្មែរ​ឆ្លងដែន​ដោយ​ខុស​ច្បាប់

កងកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានឃាត់ខ្លួនមេខ្យល់ចំនួន២នាក់ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ខណៈពេលដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួន២៥នាក់ ក្នុងនោះ ស្រីចំនួន១៧នាក់ ក្មេង២នាក់ ត្រង់ភូមិសាស្ត្រអូរព្រំដែន ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅចន្លោះម៉ោង១ ទៅម៉ោង៧ទៀបភ្លឺ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ (កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army)

សង្គមស៊ីវិលដែលធ្វើការផ្ដោតលើសិទ្ធិពលករចំណាកស្រុក បានលើកឡើង​​ថា កង្វះ​ខាតការ​ងារ​ក្នុង​ស្រុក និងតម្រូវការកម្លាំងពលករនៅក្នុងប្រទេសថៃ​ ស្រ​បពេលរដ្ឋាភិបាលប្រទេសនេះផ្ដល់​​​ភាពស្របច្បាប់ដល់ពលករអន្តោប្រវេសន៍ជាថ្មីផង​នោះ កំពុង​ជំ​រុញកំណើនពលករខ្មែរឱ្យប្រថុយប្រថានឆ្ល​ងដែនទៅធ្វើការនៅក្នុង​ប្រទេសក្បែរខាងកម្ពុជាមួយនេះ។

មន្រ្តីគម្រោងនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ប្រចាំប្រទេសថៃ លោក លឹង សុផុន លើកឡើងនៅ​​ថ្ងៃពុធ​នេះ​ថា នៅអំឡុងមាន​វិបត្តិ​កូវីដ-១៩ ប្រភេទបំប្លែងថ្មី ក្នុងប្រទេសថៃ ចាប់ពីខែកក្កដា ដល់ខែក​ញ្ញា ឆ្នាំ២០២១ ពលករអន្តោប្រវេសន៍ខ្មែរ ឡាវ និងភូមា រាប់សែននាក់បានត្រលប់ទៅស្រុកកំណើតវិញ ដើម្បីគេចពីជំងឺ​ឆ្លង និ​​ង​ដោយ​សារបាត់​បង់​ការ​ងារ​ក្រោម​វិធាន​ការ​បិទ​ខ្ទប់របស់អាជ្ញាធរថៃ។

ប៉ុន្តែលោកថា ក្រោយរដ្ឋាភិបាលថៃបន្ធូរវិធានការនេះ និងគ្រោងបើកទ្វារប្រទេសឡើងវិញនោះ រោ​ងចក្រឧស្សាហកម្មនិ​ងការដ្ឋានសាងសង់​ក្នុងប្រទេសនេះ​ជាច្រើនដែលបានផ្អាកដំណើរការ​កន្លងមក កំពុងត្រូវការកម្លាំងពលកម្មឡើងវិញ ទាំ​​ង​ពីក្នុងស្រុកនិងពីក្រៅប្រទេស។ លោកបន្ថែម​ថា បញ្ហានេះ បានជំរុញឱ្យរដ្ឋាភិបាលថៃបើកឱ្យពលករបរទេសខុសច្បាប់ចុះឈ្មោះ​ស្នើ​សុំបណ្ណធ្វើការបណ្ដោះអា​សន្នជាលើកទី២ និងពន្យារសុពលភាពបណ្ណចាស់​ដែលហួសសុពលភាពរហូតដល់ឆ្នាំ២០២២។

បើតាមប្រភពដដែល មានរោងចក្រមួយចំនួន​បានបើកឱ្យមេខ្យល់ខ្មែរ​និងថៃជួយស្វែងរកកម្លាំង​ពលករ ដោយ​មិន​ចាំបាច់មានឯ​ក​សា​រផ្លូវច្បាប់ ដូចជា លិខិតឆ្លងដែន ឬបណ្ណការងារអ្វីនោះ​ទេ។ លោកថា កត្តានេះបានធ្វើឱ្យពលករខ្មែរមួយចំនួនជឿតាមការអូសទាញថា ពួកគេនឹង​ទទួ​លបានការងារ ប្រសិនបើអាចឆ្លងផុតការត្រួតពិនិត្យ​របស់អាជ្ញាធរ​តាមខ្សែបន្ទាត់ព្រំដែន។

​លោក លឹង សុផុន ថ្លែងថា៖ «មេខ្យល់ខ្មែរ-ថៃហ្នឹង ផ្សព្វផ្សាយទទួលយកពលករខ្មែរគ្រប់ទីកន្លែងនៅក្នុងប្រទេសថៃ ដោយសារតែអំឡុងពេលដែលមានការខ្វះខាតពលករច្រើន។ អ៊ីចឹងហើយបានជាមេខ្យល់ថៃ-ខ្មែរហ្នឹងផ្សព្វផ្សាយតាមប្រព័ន្ធ Social media ដូចជាតាម Facebook តាមផេកជាដើម»

លោកបន្ថែមថា៖ «ការអំពាវនាវឱ្យពួកគាត់ចូលធ្វើការហ្នឹង អ្នកខ្លះឱ្យតែដល់ថៃ ឬអ្នកនៅក្នុងប្រទេសថៃ គឺឱ្យចូលធ្វើការបានតែ​​ម្ដង មិនចាំបាច់មាន Passport ឬក៏មានមុខ Passport ឬក៏បណ្ណការងារដាច់ហើយ ក៏គេទទួលយកដែរ។ ភាគច្រើន គឺគាត់អំពាវនាវឱ្យតែមានកម្លាំងមកធ្វើការ គឺគាត់យកទាំងអស់»

មន្រ្តីឃ្លាំមើលសិទ្ធិពលកររូបនេះបន្តថា ការឆ្លងដែនទៅប្រទេសថៃនៅពេលនេះនៅតែប្រឈម​នឹងបញ្ហាឆ្លងជំងឺកូវីដ-១៩ ដោយសារករណីឆ្លងនិងស្លាប់ដោយសារជំងឺនេះ​នៅក្នុង​ប្រទេសថៃ​នៅមានអត្រាខ្ពស់ ហើយការធ្វើដំណើរឆ្លងខេត្តរបស់ពលករបរទេសនៅមានការរឹតត្បិតនៅឡើយ។

អ្នកនាំពាក្យក្រសួងការងារកម្ពុជា លោក ហេង សួរ បាន​ចាត់ទុក​ការលើកឡើងរបស់ក្រុមសង្គមស៊ីវិលពីបញ្ហាចំណាកស្រុកដោយខុសច្បាប់ ថា​ជាទស្សនៈយល់ឃើញរបស់បុគ្គលប៉ុណ្ណោះ។

លោកបានលើកឡើង​តាមសារ Telegram ថា៖ «ចំពោះមុខ មិនមានយោបល់ទេ ពីព្រោះបច្ចុប្បន្នកម្ពុជាយើងចាប់ផ្ដើមខ្វះខាតកម្លាំងពលកម្ម មិនមែនលើសកម្លាំងពលកម្មទេ»

វីអូឌី មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ជុំវិញវិធានការទប់ស្កាត់ចលនាចំណាកស្រុករបស់ពលរដ្ឋកម្ពុជាបានទេ នៅថ្ងៃពុធនេះ។

យ៉ាងណា​ លោកបានលើកឡើងកាលពីសប្តាហ៍មុនថា ក្រសួង​តែងសហការសម្រប​សម្រួលជាមួយអាជ្ញាធរថៃ ដើម្បីនាំពលករឆ្លងដែនខុសច្បាប់​ឱ្យបានត្រលប់មកប្រទេសកម្ពុជាវិញជាហូរហែ។  

ពលករខ្មែរ លោក ថេត ប៊ុនផាត វ័យ៣៨ឆ្នាំ​ ថ្លែង​ថា អ្នកភូមិក្បែរខាងលោក​ជាច្រើន​ចង់​ទៅ​ថៃធ្វើការនៅថៃ តែមិនហ៊ានឆ្លងដែនដោយខុសច្បាប់។ លោកថា សម្រាប់គ្រួសារ​របស់លោកវិញ មាន​បងប្អូនចំនួន​៧នាក់ ហើយ​មានដីស្រែតែ២ហិកតា​​ប៉ុណ្ណោះសម្រាប់បង្កបង្កើនផល​ ដែល​ធ្វើ​​ពួកគេត្រូវឆ្លាស់គ្នាចេញទៅធ្វើការ​នៅថៃ ដើម្បីរកប្រាក់ចំណូលបន្ថែម។

អ្នកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យរូបនេះ បន្តថា លោកនិងភរិយាបានត្រលប់មកស្រុកកំណើតវិញក្នុងខែសីហា បន្ទាប់ពីធ្វើការបាន៣ឆ្នាំនៅថៃ ហើយថា លោកគ្រោងនឹងត្រលប់ទៅវិញនៅដើមឆ្នាំក្រោយ បន្ទាប់ពីភរិយាសម្រាលកូនរួច ហើយព្រំដែ​នបើ​កឡើងវិញ។

លោក ថេត ប៊ុនផាត និយាយថា៖ «ខ្ញុំក៏មិនហ៊ានទៅវិញដែរ ព្រោះអីខ្មែរនិងថៃគេបិទច្រកបិទអីទៅ។ អត់ហ៊ានទៅវិញ ទាល់តែថារង់ចាំគេបើកច្រក បើកអីស្រួលបួល គេថាត្រូវអនុវត្តច្បាប់គេម៉េចៗទៅ បានឡើងទៅ»

ពលករមួយរូបទៀត ឈ្មោះ គា វីន វ័យ២៤ឆ្នាំ ដែលទើបត្រលប់ពីធ្វើការនៅប្រទេសថៃដែរនោះ ថ្លែងថា លោកមិនទាន់សម្រេចថានឹងទៅវិញឬយ៉ាងណាទេ ដោយសារបច្ចុប្បន្ន ព្រំដែនបិទ ហើយបើទៅ ខ្លាចឆ្លងជំងឺកូវីដ-១៩។ លោកថា លោកចាំបាច់នៅផ្ទះជួយធ្វើស្រែឪពុកម្តាយសិន ដោយសារមិនមានជំនាញឬបទពិសោធន៍​ការងារដែលអាចរកចំណូលបានដូចក្នុងប្រទេសថៃ។

លោកថា៖ «ដូចថាយើងអត់ដែលស្គាល់ពីណាគេ ដែលថាយើងអាចធ្វើការហ្នឹងកើត។ ដូចថាយើងអត់មានបទពិសោធន៍ខាងការងារនៅស្រុកខ្មែរ»

កាលពីដើមសប្ដាហ៍ មន្រ្តីទេស្តប្រវេសន៍នៃអង្គការសង់ត្រាល់ កញ្ញា ព្រំ សុភា បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៧ ខែតុលា ពលរដ្ឋខ្មែរយ៉ាងហោច ៥៣៦នាក់ រួមមានទាំងកុមារ ត្រូវបានអាជ្ញាធរតាមព្រំដែន ដែលភាគច្រើននៅខាងភាគីថៃ ឃាត់ខ្លួនបានក្នុង២១ករណី អំឡុងពួកគេកំពុងព្យាយាមឆ្លងដែនដោយខុសច្បាប់។ តួលេខនេះកើនឡើងខ្ពស់ជាងតួលេខសរុបក្នុងរយៈពេល២ខែចុងក្រោយ គឺខែសីហា និងកញ្ញា ដែ​លមនុស្សត្រឹម ៣៦៦នាក់​ ក្នុងការបង្រ្កាបសរុប២៨ក​រណី។

ដោយឡែក តាមរបាយការណ៍ពីអង្គការទេស្តប្រវេសន៍អន្តរជាតិ ចេញផ្សាយក្នុងខែកញ្ញា បានឱ្យដឹងថា គិតចាប់ពីខែមីនា ឆ្នាំ២០២០ ពោលគឺចាប់ពីមានការរីករាលដាលជំងឺកូវីដ-១៩ លើពិភពលោកមក ដល់ដំណាច់ខែសីហា ឆ្នាំ២០២១ មានពលករខ្មែរជាង២៣០ ០០០នាក់ បានវិលត្រលប់ពីប្រទេសថៃវិញ។

បើតាមប្រភពពីក្រសួងការបរទេសកម្ពុជាវិញ ឱ្យដឹងកន្លងមកថា មានពលរដ្ឋខ្មែរប្រមាណ១លាននាក់ កំពុងរស់នៅនិងធ្វើការក្នុងប្រទេស​ថៃ​​។ តួលេខនេះ គឺតិចជាងការប៉ាន់ប្រមាណរបស់អង្គការសង់ត្រាល់ ដែលថាពលរដ្ឋខ្មែរប្រមាណជិត២លាននាក់កំពុងរស់នៅនិងធ្វើការក្នុងប្រទេសក្បែរខាងកម្ពុជាមួយនេះ ទាំងស្របច្បាប់និងមិនស្របច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ