ដី​ព្រៃ​សហគមន៍​នៅ​កំពង់ស្ពឺ​ដែល​ការពារ​ដោយ​ព្រះសង្ឃ​អតីត​ស្ថាបនិក​មាតា​ធម្មជាតិ រង​ការ​ឈូសឆាយ​ពី​ទាហាន

ពលរដ្ឋជាច្រើននាក់ចេញទៅតវ៉ា ដោយថាអាជ្ញាធរឈូសឆាយលើដីព្រៃសហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

​ប្រជាពលរដ្ឋប្រមាណ១៥០នាក់ នៅឃុំត្រពាំង​ជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្រមូលផ្ដុំតវ៉ា​នៅថ្ងៃពុធនេះ ខណៈទាហានដាក់គ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍​ដែល​ពួកគេ និង​ព្រះសង្ឃ​ជាស្ថាបនិក​មាតា​ធម្ម​ជាតិ បាន​ការពារ​ជាង​២០ឆ្នាំនោះ ទៅ​បែងចែកឱ្យក្រុមគ្រួសារកងទ័ព។

លោក ឃន សារិទ្ធ ជាសមាជិកសហគមន៍ បានឱ្យដឹង​ថា ដីព្រៃសហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ត្រូវបានអាជ្ញាធរដាក់​គ្រឿងចក្រឈូសឆាយរយៈពេល២ថ្ងៃមក​​ហើយ ​ចាប់តាំងពីថ្ងៃទី១៩​ ខែតុលានេះ។ លោក​ថា នៅថ្ងៃពុធនេះ ប្រជាពលរដ្ឋប្រហែល១៥០នាក់ មកពីភូមិ​ចំនួន៣ នៃឃុំត្រពាំងជោ បាននាំគ្នាបន្តប្រមូលផ្ដុំតវ៉ា និងហាមឃាត់ការឈូសឆាយបន្តទៀត។

សមាជិកសហគមន៍រូបនេះ ឱ្យដឹងទៀត​​ថា ដើមឡើយ «ព្រៃមេត្តាធម្មជាតិ» មានផ្ទៃដីទំហំជាង២ ០០០ហិកតា ប៉ុន្តែ​ក្រោយមក ក្រុមហ៊ុនឯកជនមួយបានរំលោភយកអស់ជាច្រើនហិកតា ដោយបច្ចុប្បន្ននៅសល់ប្រហែល៨០០ហិកតា​ប៉ុណ្ណោះ។ ហើយ​ពេលនេះ អាជ្ញាធរគ្រោងឈូសឆាយយកដី​ចំនួន​ជាង២៦២ហិកតា​ទៀត ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពចំនួន៤១គ្រួសារ។

លោក ឃន សារិទ្ធ បន្តថា ប្រសិនជាព្រៃសហគមន៍មួយនេះត្រូវឈូសឆាយអស់ នឹងធ្វើឱ្យប៉ះពាល់ដល់ការអាស្រ័យរបស់ប្រជាពលរដ្ឋចំនួន៣ភូមិ រួម​មាន ភូមិពោធិ៍មាស ភូមិត្រពាំងគ្រង ភូមិច្រកទាក និងប៉ះពាល់ដល់ជម្រកសត្វព្រៃជាច្រើនប្រភេទនៅទីនោះផងដែរ។

លោកបន្ថែមថា៖ «ការឈូសឆាយនេះ ពួកខ្ញុំមិនសប្បាយចិត្តទេ ព្រោះដីព្រៃនេះ ប្រជាពលរដ្ឋខំការពារជាច្រើនឆ្នាំហើយ។ ម៉្យាងទៀត ដីនេះជាកន្លែងពួកយើងឃ្វាលគោ រកផ្សិត រកអុស​ និង​រក​អនុផល​ព្រៃ​ឈើផ្សេង​ទៀត។ ដល់ពេលគាត់មកយកអ៊ីចឹង គឺប៉ះពាល់ដល់ប្រជាពលរដ្ឋខ្លាំងណាស់ ពិសេសកន្លែងឃ្វាលគោ​ ឃ្វាល​ក្របី គឺ​អស់​ហើយ។ បើសត្វព្រៃវិញ មិនដឹងរត់ទៅនៅអីណាទេ។ នៅក្នុងព្រៃនេះមានសត្វស្វា ទោច ក្ងោក មាន់ព្រៃ និងសត្វព្រៃផ្សេងៗទៀតកំពុងរស់នៅ។ ខ្ញុំស្ដាយសត្វព្រៃណាស់ បើគេឈូសអស់ ពួក​វា​អត់​កន្លែង​នៅ​ទៀត​ទេ»

សមាជិកសហគមន៍ម្នាក់ទៀត អ្នកស្រី ឈួន សុំ បានឱ្យដឹងបន្ថែមថា អាជ្ញាធរបានដាក់គ្រឿងចក្រមួយគ្រឿងសម្រាប់​ការឈូសឆាយ​ដីនេះ អមដោយកម្លាំងទាហាននិងមន្ត្រីបរិស្ថានប្រមាណជាង១០នាក់ នៅ​ចាំការពារ។ អ្នកស្រីថា រយៈពេល២ថ្ងៃនេះ គឺសកម្មភាពឈូសឆាយអស់ព្រៃប្រហែល១,៥ហិកតា​​ទៅ​ហើយ។

អ្នកស្រីបន្ត​ថា ពេល​ដែល​ប្រជាសហគមន៍​មកតវ៉ាច្រើន អ្នកឈូសឆាយ​បានផ្អាកសកម្មភាព ប៉ុន្តែពេល​ដែល​ប្រជាពលរដ្ឋត្រលប់ទៅផ្ទះវិញ ពួកគេបានធ្វើសកម្មភាពឈូសឆាយបន្តទៀត។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំស្ដាយព្រៃនេះខ្លាំងណាស់។ សហគមន៍យើងខំការពារជាយូរមកហើយ ហើយប្រសិន​ជា​មានការឈូសឆាយអស់ដី អស់ព្រៃ ពួកខ្ញុំនឹងពិបាកវេទនាហើយ។ ពិបាកអត់កន្លែងអាស្រ័យផល មើលគោ មើលក្របី ធ្វើស្រែ ធ្វើភ្លឺ។ ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរ រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័ន ជួយទប់ស្កាត់និងជួយរក្សាដីព្រៃនេះទុកសម្រាប់ពួកខ្ញុំនិងសត្វព្រៃអាស្រ័យផង»

មេឃុំត្រពាំងជោ លោក ទេព ណែម មានប្រសាសន៍យ៉ាងខ្លីថា ដីដែលអាជ្ញាធរកំពុងធ្វើសកម្មភាពឈូសឆាយនោះ មិនស្ថិតក្នុងព្រៃសហគមន៍ទេ ប៉ុន្តែជាប់ព្រំប្រទល់ដីសហគមន៍។ លោកថា ដីនោះ រដ្ឋាភិបាលបានចេញអនុក្រឹត្យ​កាត់ទៅឱ្យគ្រួសារកងទ័ពរួចទៅហើយ។

លោកបន្ថែមថា៖ «ដីនេះជាដីរបស់គ្រួសារកងទ័ព។ ដីនេះ ខាងថ្នាក់លើ គេចេញច្បាប់ត្រឹមត្រូវឱ្យមានការឈូស​ឆាយ»

មេភូមិពោធិ៍មាស លោក ភោគ ជុំ មានប្រសាសន៍ថា កន្លងមក គ្រួសារកងទ័ព​បាន​ស្នើសុំ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធនិងរដ្ឋាភិបាល សុំកាត់ដីនៅតំបន់នោះជាង២៦២ហិកតា ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ព ដោយមាន​ការឯកភាពពីក្រសួងបរិស្ថាន និងរដ្ឋាភិបាលផងដែរ។ លោក​បន្តថា កន្លងមក លោក​ធ្លាប់​បានពន្យល់និងបង្ហាញឯកសារឱ្យពលរដ្ឋ​​បាន​​ដឹង​ផងដែរ ប៉ុន្តែពលរដ្ឋទាំងនោះមិនព្រមឡើយ ដោយពួកគេចង់រក្សាដីព្រៃនោះទុក​ជាដីសហគមន៍វិញ។

កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្សមួយ ដោយសម្រេចកាត់ដីទំហំ២៦២,២៤ហិកតា ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រ ភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីប្រទានកម្មជាកម្មសិទ្ធិជូនគ្រួសារយោធិនបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងប្រជាពលរដ្ឋសរុប៤១គ្រួសារ សម្រាប់កសាងលំនៅឋាន និងបង្កបង្កើនផល។

ជុំវិញរឿងនេះ ព្រះតេជគុណ ព្រំ សុជាតិ ជាអតីតស្ថាបនិកមាតាធម្មជាតិ និងបានចូលទៅគង់នៅក្នុងព្រៃសហគមន៍នេះតែមួយអង្គឯង​តាំងពីឆ្នាំ២០០០ មានសង្ឃដីកាថា៖ «អាត្មាសុំមិនដឹងឮរឿងនេះទេ។ រឿងព្រៃនេះ អ្នកណាយកទៅណា យកទៅ។ អាត្មានៅតែក្នុងព្រៃ នៅជាមួយតែសត្វ បើគេឈូស គេយកអស់ ឱ្យទៅធ្វើម៉េច! បើញោមមើលឃើញថា​ល្អ ទុកក៏ទុកទៅ បើញោមមើលឃើញថាចង់យកឬសម្លាប់ ក៏សម្លាប់ទៅ»

សមាជិកសហគមន៍ លោក ឃន សារិទ្ធ ប្រាប់ វីអូឌី ថា កន្លងមក អាជ្ញាធរមិនសប្បាយចិត្តចំពោះព្រះ​តេជគុណ ព្រំ សុជាតិ ដែលបានទៅគង់នៅក្នុងព្រៃសហគមន៍ ដើម្បីការពារព្រៃនិងសត្វព្រៃនៅទីនោះទេ ដោយចោទ​ព្រះអង្គថាបានធ្វើសកម្មភាពបម្រើផលប្រយោជន៍នយោបាយ។

កាលពីចុងឆ្នាំ២០២០ ព្រះតេជគុណ ព្រំ សុជាតិ មានសង្ឃដីកាប្រាប់ក្រុមការងាររបស់ វីអូឌី ដែលចុះទៅដល់ទីនោះផ្ទាល់ថា ព្រះអង្គបានរងការគំរាមកំហែងនិងត្រូវបានជនមិនស្គាល់មុខលប​ធ្វើគុត​ជាច្រើន​ដង ប៉ុន្តែ​ព្រះអង្គបានគេចព្រះកាយរួចផុតរហូត។

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ស្ពឺ លោក រ័ត្ន ថាវី មានប្រសាសន៍ថា ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ គឺ​ការពារដោយព្រះរាជក្រឹត្យ​។ លោកថា ប្រសិនបើរដ្ឋាបាល​ចង់ដកហូតឬកាត់ចេញដើម្បីធ្វើអ្វីមួយនោះ លុះត្រាតែមានការយល់ព្រមពីព្រះមហាក្សត្រ តាមរយៈការស្នើសុំនិងអនុវត្តទៅតាមច្បាប់អនុប្រយោគ ដោយមិនចេញជាអនុក្រឹត្យ ហើយកាត់ចេញបាននោះទេ។

លោកបន្ថែមថា៖ «អនុក្រឹត្យហ្នឹង មិនដឹងថាគាត់[រដ្ឋាភិបាល]ធ្វើយ៉ាងម៉េច​ ពីព្រោះអនុក្រឹត្យ វាសម្រេចលើព្រះ​រាជក្រឹត្យ ពីព្រោះដីក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ការពារដោយព្រះរាជក្រឹត្យ។ អ៊ីចឹង​ខ្ញុំគិតថា ការយកអាតូចទៅរំលាយអាធំ វាដូចមិនត្រូវ! វាគួរតែធ្វើតាមច្បាប់អនុប្រយោគ ដោយស្នើសុំទៅព្រះមហាក្សត្រ ដើម្បីឡាយព្រះហស្ថ​កាត់ដី​នោះ​វិញ ខ្ញុំគិតថា ត្រឹមត្រូវ​ទៅតាមគោលការណ៍ច្បាប់ជាង»


អត្ថបទ៖ លោក ចាន់ ឌឿន និងលោក ឃុត សុគន្ធ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ