មីយ៉ាន់ម៉ា សម្រេច​ដោះលែង​អ្នកទោស​នយោបាយ​បន្ទាប់​ពី​រង​សម្ពាធ​ដោយ​អាស៊ាន

ខ្នោះដៃត្រូវបានភ្ជាប់នឹងចម្រឹងរបងដែក ដែលនៅខាងក្រោយជាទិដ្ឋភាពនៃសកម្មភាពតវ៉ាក្រុមបាតុករមីយ៉ាន់ម៉ាតទល់នឹងអាជ្ញាធរ ប្រឆាំងនឹងរបបផ្ដាច់ការយោធា អំឡុងខែកុម្ភៈ ឆ្នាំ២០២១។ (HRW)

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បានសម្រេចដោះលែងអ្នកទោសនយោបាយ​រាប់រយនាក់ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលរួមមាន​ទាំង​អ្នក​នាំពាក្យគណបក្ស​របស់លោកស្រី អ៊ុងសាន ស៊ូជី និងតារាកំប្លែងដ៏ល្បីមួយរូបផងដែរ។

ទូរទស្សន៍រដ្ឋបានប្រកាសកាលពីល្ងាចថ្ងៃចន្ទថា មនុស្សជាង៥ ៦០០នាក់ដែលត្រូវចាប់ខ្លួនឬ​កំពុង​​តាម​ចាប់ខ្លួន ជុំវិញការតវ៉ាប្រឆាំងរដ្ឋប្រហារ នឹងត្រូវបានលើកលែងទោសបន្ទាប់ពីសុន្ទរកថាមួយរបស់​ប្រមុខរបបយោធាមីយ៉ាន់ម៉ាដែលលើកឡើងថា រដ្ឋាភិបាលរបស់លោកប្តេជ្ញាចិត្តដើម្បីសន្តិភាពនិងលទ្ធិប្រជាធិបតេយ្យ។

ទោះជាយ៉ាងណា សកម្មជន​មួយចំនួនបានចាត់ទុក​ការដោះលែងនេះថាជាល្បិចកលរបស់របបយោធា​ដែលកំពុងព្យាយាមកសាងកេរ្តិ៍ឈ្មោះជា​អន្តរជាតិ​របស់ខ្លួនឡើងវិញ បន្ទាប់ពី​សមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កាលពីពេលថ្មីៗនេះ បានសម្រេចដកវត្តមានមេដឹកនាំយោធាមី​យ៉ាន់ម៉ា មិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពច្របូកច្របល់ គិតចាប់តាំងពីក្រុមយោធាបាន​ដណ្ដើម​យកអំណាចមកគ្រប់គ្រង កាលពីថ្ងៃ​ទី​១ ខែកុម្ភៈ និង​បាន​ផ្ដួល​រំលំរដ្ឋាភិបាល​ជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលបង្កឱ្យ​មានជាបាតុកម្មកើត​ឡើង​ជាញឹកញាប់​នៅក្នុងប្រទេស។

យោងតាមអង្គការសហប្រជាជាតិ បានឱ្យដឹងថា ជនស៊ីវិលជាង១ ០០០នាក់ត្រូវបានសម្លាប់ដោយ​កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា និងមនុស្សរាប់ពាន់នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនទាក់ទងទៅនឹងការបង្ក្រាបលើកូដកម្មនិងការតវ៉ានានានៅក្នុងប្រទេស ខណៈដែលតួលេខនេះត្រូវបានចាត់ទុកដោយរបបយោធាថាជាការបំផ្លើសការពិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ