មន្ត្រីថា តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​ឡើង​ខ្ពស់​ដោយសារ​ថ្លៃ​ប្រេង​ទីផ្សារ​អន្តរជាតិ​ប្រែប្រួល

តារាងតម្លៃប្រេងឥន្ធនៈនៅស្ថានីយប្រេងឥន្ធនៈរបស់ក្រុមហ៊ុនកាល់តិចមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។ (ហេង វិចិត្រ)

មន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើង​ថា តម្លៃ​ប្រេងឥន្ធ​នៈ​នៅកម្ពុជាបានហក់ឡើងខ្ពស់ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃកន្លងមកនេះ ដោយសារតែការប្រែប្រួលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ។

ការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលបានធ្វើឡើងក្រោយពីប្រជាពលរដ្ឋ​បានត្អូញត្អែរពីតម្លៃប្រេងឡើងថ្លៃ ដែលធ្វើឱ្យ​ពួកគាត់​ជួបការលំបាកក្នុងជីវភាព ជាពិសេស​ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ​ មានប្រសាសន៍កាលពីថ្ងៃទី២០ ខែតុលា ថាតម្លៃប្រេងឥន្ធនៈនៅកម្ពុជាហក់ឡើង ដោយសារតែថ្លៃប្រេងនៅលើទីផ្សារអន្តរជាតិមានការប្រែប្រួល ខណៈប្រេងឥន្ធនៈដែល​ប្រើ​​​ប្រាស់នៅកម្ពុជាបច្ចុប្បន្នបាននាំចូលពីបរទេស។

លោកបន្តថា៖ «ដូចនៅលើសេចក្ដីជូនដំណឹងដែលក្រសួងពាណិជ្ជកម្មបានចេញជារៀងរាល់១៥ថ្ងៃម្ដង ការគណនាថ្លៃលក់រាយប្រេងនៅកម្ពុជា គឺយកថ្លៃប្រេងនៅទីផ្សារសិង្ហបុរី បូកប្រាក់ពន្ធដែលត្រូវបង់ជូនរដ្ឋ បូកចំណាយប្រតិបត្តិការរបស់ក្រុមហ៊ុន និងប្រាក់ចំណេញសមរម្យ បន្ទាប់មកគុណនឹងអត្រាប្ដូរប្រាក់ដែលចេញដោយធនាគារជាតិនៃកម្ពុជា នឹងបានថ្លៃលក់រាយក្នុងមួយលីត្រ»។

អ្នកនាំពាក្យរូបនេះអះអាងថា ក្នុងសេចក្ដីជូនដំណឹង ថ្លៃដែលប្រែប្រួលក្នុងរយៈពេល១៥ថ្ងៃម្ដង គឺមានតែថ្លៃប្រេងនៅលើទីផ្សារអន្តរជាតិតែប៉ុណ្ណោះ ក្រៅពីនោះគឺនៅដដែល។

ស្រដៀងគ្នានេះដែរ ​នាយកមជ្ឈមណ្ឌលនវានុវត្តន៍​ និងប្រជាធិបតេយ្យ នៃវិទ្យាស្ថានចក្ខុវិស័យ​អាស៊ី លោកបណ្ឌិត ឆេង គឹមឡុង មានប្រសាសន៍នៅថ្ងៃពុធម្សិលមិញ​ថា ការ​ពិត ប្រទេសកម្ពុជាជាប្រទេសនាំចូលស្ទើរតែទាំងស្រុងនូវប្រេងឥន្ធនៈគ្រប់ប្រភេទ​ពី​ខាងក្រៅ។

តារាងតម្លៃប្រេងឥន្ធនៈនៅស្ថានីយប្រេងឥន្ធនៈរបស់ក្រុមហ៊ុនតូតាល់មួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។
តារាងតម្លៃប្រេងឥន្ធនៈនៅស្ថានីយប្រេងឥន្ធនៈរបស់ក្រុមហ៊ុនតូតាល់មួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។ (ហេង វិចិត្រ)
តារាងតម្លៃប្រេងឥន្ធនៈនៅស្ថានីយប្រេងឥន្ធនៈរបស់ក្រុមហ៊ុន PTT មួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។
តារាងតម្លៃប្រេងឥន្ធនៈនៅស្ថានីយប្រេងឥន្ធនៈរបស់ក្រុមហ៊ុន PTT មួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។ (ហេង វិចិត្រ)
ស្ថានីយប្រេងឥន្ធនៈក្រុមហ៊ុន តេឡា មួយកន្លែងនៅក្នុងក្រុងភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។
ស្ថានីយប្រេងឥន្ធនៈក្រុមហ៊ុន តេឡា មួយកន្លែងនៅក្នុងក្រុងភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។ (គួយ ឡង់ឌី)

លោកបន្តថា តម្លៃប្រេងសាំងនៅ​កម្ពុជាពឹងអាស្រ័យទៅលើប្រេងសាំងនៅទីផ្សារអន្តរជាតិ ហើយ​កត្តា​ដែល​ធ្វើ​​ឱ្យ​​តម្លៃ​ប្រេងហក់ឡើងខ្ពស់ អាចបណ្ដាល​មកពី​មានតម្រូវការកើនឡើង​ប្រេង​ឥន្ធនៈ​ជាសកល​ និង​​ប្រហែល​ដោយ​សារ​បញ្ហាប្រឈមមួយចំនួន​នៃក្រុមបណ្ដាប្រទេសដែលផលិតប្រេងសាំង ដែល​ធ្វើឱ្យ​ប៉ះពាល់​​ទៅ​ដល់​ការ​ផលិត និងការដឹកជញ្ជូនចែកចាយ​ ព្រមទាំង​ការផ្គត់ផ្គង់មិនបានពេញលេញ។

លោកបណ្ឌិតបន្ត៖ «ខ្ញុំមិនអាចព្យាករបានទាំងស្រុង​ពីតម្លៃនៃការកើនឡើងប្រេងសាំងទេ។ បើយើងមើលទៅទិន្នន័យនៃប្រវត្តិ​សាស្រ្ត​ កន្លង​មក​ ឃើញ​ថា ថ្លៃប្រេងសាំងឡើងថ្លៃមិនជារៀងរហូតទេ​​ ដល់ពេលដំណាក់កាលមួយក្នុងរយៈពេលណាសមស្រប ថ្ងៃខាងមុខនេះ​អាច​នឹងចុះថ្លៃវិញ។ ជាសកល គេមិនអាចទុកឱ្យ​ប្រេងសាំងឡើងថ្លៃ ហើយប៉ះពាល់ដល់ខ្សែសង្វាក់ផលិតកម្មបានទេ ជាពិសេសប៉ះពាល់ទៅដល់សុខុមាលភាពសង្គមសេដ្ឋកិច្ចបានទេ»។

​បណ្ឌិតរូបនេះនិយាយទៀតថា បច្ចុប្បន្ន​​ជាពេលវេលាដែល​ពលរដ្ឋ​​ទទួលរងផលប៉ះពាល់ទាំងអស់គ្នា ប៉ះពាល់​ដោយ​ជំងឺ​កូវី​ដ​-១៩​ផង និងតម្លៃទំនិញឡើងថ្លៃជាសកល​ផង​ ព្រមទាំងប៉ះពាល់ដោយសារ​តម្លៃប្រេងសាំង​ហក់ឡើងខ្ពស់ថែមទៀតផង​។

យ៉ាងណា លោកសង្ឃឹមថា ​ពេលខាងមុខ ​​ទាំងរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលប្រទេសក្នុងតំបន់ និងសកលលោក នឹងអាចដោះស្រាយ​បញ្ហា​នេះបាន ដើម្បីធ្វើយ៉ាងណារក្សា​តម្លៃប្រេងឥន្ធនៈឱ្យមានស្ថិរភាព​ឡើង​វិញ។​​

មានមុខរបរជាអ្នកបោះដុំបន្លែនៅផ្សារដើមគរ លោក សុខ ភក្ដី មាន​វ័យ៣៨​ឆ្នាំ ​បង្ហាញការព្រួយបារម្ភជាខ្លាំង​ចំពោះកា​រឡើងថ្លៃប្រេងសាំងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ។ លោក​​ថា សម្រាប់លោក​មានបញ្ហាខ្លាំងចំពោះការ​ចំណាយ​ទៅលើការចាក់សាំង ត្បិតលោក​ត្រូវ​ធ្វើដំណើរពីកន្លែងដឹកបន្លែ​ទៅកន្លែងបោះឱ្យ​ម៉ូយនៅតាម​​ផ្សារដទៃទៀតនិងតាមបណ្ដាខេត្ត។

លោកថា៖ «ពិបាកគឺពិបាក ក្មួយ! ​ដោយសារអី? ការត្រូវចំណាយការធ្វើដំណើរ មិនថាគេ មិនថាយើងទេ ពិសេសដូចពូអ៊ីចឹង! ពូរាល់ថ្ងៃត្រូវធ្វើដំណើរច្រើន ចំណាយលើការចាក់សាំងច្រើន ព្រោះពូត្រូវបោះដុំ ដឹកជញ្ជូនបន្លែទៅឱ្យ​ម៉ូយនៅតាមកន្លែងនិងតាមខេត្តនានា។ សួរថាក្នុងសម័យកូវីដនេះ យើងមិនសូវជារកប្រាក់ចំណេញបានច្រើនទេ ហើយរបស់របរផ្សេង​ចេះតែឡើងថ្លៃ ពិសេសសាំងហ្នឹងតែម្ដង។ ពីមុនកូវីដ យើងអាចថាយើងរកបានគួរសមដែរ ហើយរបស់របរអីវាសមតម្លៃដែរក្នុងការចំណាយ។ យ៉ាប់ណាស់តែប៉ុន្មានឆ្នាំចុងក្រោយ សម័យកូវីដហ្នឹងឯង»។

បញ្ហានេះ លោក​បាន​អំពាវនាវដល់​​រដ្ឋាភិបាលជួយ​អន្តរាគមន៍បញ្ចុះតម្លៃប្រេងសាំងនៅកម្ពុជាក្នុងបរិបទកូវីដ-១៩នេះ ដើម្បីសម្រួលដល់ជីវភាពប្រជាជនដែល​កំពុងជួបការលំបាកក្នុងការរកប្រាក់ចំណូល។

លោកបន្ថែមថា៖ «មិនបានអ្វីច្រើនពេកទេ សុំតែឱ្យ​រដ្ឋាភិបាលជួយព្យាយាម ដើម្បីជួយសម្រួលដល់ប្រជាជនយើងតែប៉ុណ្ណឹង។ ហើយយើងសង្ឃឹមថា នឹងឆ្លងកាត់បញ្ហានេះបានឆាប់ៗ ព្រោះអីយើងចង់បានស្ថានភាពពីឆ្នាំមុនៗមកវិញ»។

អ្នកស្រី ឆោម សុផានិត អាយុ៣០ឆ្នាំ សព្វថ្ងៃជាអ្នកដឹកជញ្ជូនអាហារឱ្យ​​ភ្ញៀវរបស់​ក្រុមហ៊ុន Food Penda ក៏បាន​លើកឡើងថា ​​ក្នុងបរិបទកូវីដ-១៩កំពុងរាលដាលនាពេលបច្ចុប្បន្ន ធ្វើឱ្យពលរដ្ឋជាច្រើនបាត់បង់ចំណូលឬមុខរបរ ហើយបញ្ហាប្រេងសាំងឡើងថ្លៃ កាន់តែធ្វើឱ្យពួកគាត់ជួបការលំបាកថែមទៀត។ ​

អ្នកស្រី​ថា៖ «អ្នកដែលមានលុយ គេមិនសូវមានបញ្ហាទេ តែសម្រាប់គ្នាដែលជានិស្សិត អ្នកដែលក្រីក្រ​អ៊ីចឹងទៅ គ្នាមិនសូវមានលុយទេ។ ហើយសាំង[ឡើងថ្លៃ] គិតមើល! មួយថ្ងៃ អ្នកខ្លះទៅរកបានតែ៥ដុល្លារ ឬក៏១០ដុល្លារអីច្រើន! ហើយសាំងឡើងថ្លៃ ហើយគាត់គ្រាន់តែចំណាយលើសាំងហ្នឹង អស់ទៅហើយ»។

គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ប្រេងម៉ាស៊ូតតម្លៃ៤ ០០០រៀល ប្រេងឥន្ធនៈធម្មតាមានតម្លៃ៤ ៣០០រៀលក្នុងមួយលីត្រ និងប្រេងឥន្ធនៈស៊ូពែ តម្លៃ៤ ៨៥០រៀលក្នុងមួយលីត្រ។ នេះបើយោងតាមតារាងតម្លៃប្រេងឥន្ធនៈតាមបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងមួយចំនួនដូចជា តូតាល់(Total) កាល់តិច (Caltex) តេឡា (Tela) និង ភីធីធី (PTT) ក្នុងរាជធានីភ្នំពេញ។

កាលពីអំឡុងខែឧសភា ឆ្នាំ២០២០កន្លងទៅ តម្លៃប្រេងសាំង​ធម្មតា​ក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះដល់​២​ ២៥០រៀល​​ក្នុង​មួយ​លីត្រ ហើយ​ប្រេង​ម៉ាស៊ូត​ធ្លាក់​ចុះដល់​តម្លៃ២ ១៥០រៀល​ក្នុងមួយលីត្រ។ ការធ្លាក់ចុះនោះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលប្រកាសឱ្យ​​ប្រេងសាំងក្នុងប្រទេសបញ្ចុះតម្លៃ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋអំឡុងវិបត្តិជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ