សង្គម​ស៊ីវិល​និង​អាណា​ព្យាបាល​ខ្លះ​នៅ​តែ​បារម្ភ​ចំពោះ​ការ​ដាក់​ឱ្យ​ដំណើរការ​រៀន​ក្នុង​ថ្នាក់​ឡើង​វិញ

យុវសិស្សម្នាក់ធ្វើការវាស់កម្ដៅនិងលាងសម្អាតដៃនឹងអាល់កុល មុននឹងធ្វើដំណើរចូលទៅថ្នាក់រៀននៅសាលារៀនមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ (គួយ ឡង់ឌី)

សង្គមស៊ីវិលនិងអាណាព្យាបាលសិស្សមួយចំនួននៅមាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ដាក់​ឱ្យ​ដំណើរ​ការ​រៀន​ក្នុង​ថ្នាក់​ឡើងវិញ បើទោះបី​ជាការរៀន​ក្នុងថ្នាក់​ផ្ទាល់មាន​ប្រសិទ្ធភាពជាង​ការ​រៀនតាមអនឡាញយ៉ាងណាក្ដី​។

អ្នក​ស្រី​ ហេង គឹមស៊្រង ដែលមាន​កូន​តូច​រៀន​នៅ​សាលា​បឋម​សិក្សា​ព្រះ​នរោត្ដម រាជធានី​ភ្នំពេញ បាន​សម្ដែង​​​ក្ដីព្រួយ​បារម្ភ​ពីសុវត្ថិភាពរបស់​កូន​ ទោះបីជា​អ្នកស្រី​យល់​ឃើញថា ការ​រៀន​ផ្ទាល់​ប្រសើរ​ជាងការ​រៀន​តាមអន​ឡាញ (online) ​ក្ដី។

លោកស្រី​លើកឡើង​ថា​៖ «សិស្ស​ច្រើន​ពេក​ អ៊ីចឹង​ខ្លាច​មាន​បញ្ហា​ វាលេងជាមួយគ្នា​ វាអត់​សូវ​ដឹង​ វាអត់​ដូចមនុស្ស​ធំ​ ។ ហើយ​សាលារដ្ឋ​ ដឹង​ហើយ ​សិស្ស​ច្រើន​ណាស់​ ខ្លាច​ហានិភ័យ​អ៊ីចឹង»។​​

​ការលើកឡើងរបស់​អ្នកស្រីបានធ្វើឡើងក្រោយពីក្រសួង​អប់​រំ​ យុវជន​ និង​កី​ឡា​​ បានប្រកាសនៅ​ថ្ងៃទី២១ ​ខែតុលា​ ម្សិលមិញ​ ​ឱ្យ​ត្រៀមបើក​ដំណើរការ​ឡើង​វិញ នូវ​គ្រឹះស្ថាន​សិក្សាចំណេះទូទៅ​គ្រប់កម្រិត គ្រឹះស្ថានឧត្ដម​សិក្សា ទាំងសាធារណៈ​និង​ឯកជន នៅតាមក្រុង-ស្រុក​ដែល​ជំងឺ​កូវីដ-១៩អាចគ្រប់គ្រងបាន​ និងតាមបណ្ដុំមនុស្សក្នុងថ្នាក់ចាប់ពី១៥នាក់ទៅ២០នាក់​ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

និស្សិតផ្នែកគណិតវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា ហាំ ស្រីហ៊ាង ក៏មានការព្រួយបារម្ភដែរចំពោះ​ការឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីប្រជាពលរដ្ឋជាច្រើន​បានដើរលេង​នៅ​អំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ ហើយចំនួន​អ្នកស្លាប់នៅតែបន្តមានជារៀងរាល់ថ្ងៃ។

កញ្ញាលើកឡើងថា៖ «យើងបានសង្កេតឃើញហើយថា កូវីដឥលូវ វាមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ប៉ុន្តែខណៈដែលកូវីដមិនទាន់ស្ងប់ស្ងាត់ ហើយពេលភ្ជុំបិណ្ឌ ក្រសួងបានប្រកាសឱ្យគោរពតាមវិធានការរបស់ក្រសួង តែយើងឃើញប្រជាជនយើងមួយចំនួនមិនបានគោរពតាមវិធានការហ្នឹងទេ»។

ចំណែកអាណាព្យាបាលសិស្សម្នាក់ទៀត អ្នកស្រី សុផាត មករា ដែលមានកូនរៀននៅថ្នាក់ទី៣វិញ បានសម្ដែងអារម្មណ៍​រីករាយ នៅពេលទទួលបានដំណឹងថា ក្រសួងអប់រំនឹងបើកសាលារៀនឡើងវិញ ចាប់ពីខែវិច្ឆិកា​ខាង​មុខ។ ប៉ុន្ដែជុំវិញការរីករាយនេះ អ្នកស្រីក៏នៅតែមានក្ដីបារម្ភខ្លះដែរចំពោះការឆ្លងជំងឺកូវីដ-១៩ ដោយអ្នកស្រីបានសង្កត់ធ្ងន់ថា សកម្មភាពរបស់កូនសិស្សថាតើអាចគោរពតាមគោលការណ៍ «៣កុំ ៣ការពារ» ដែរឬទេ។

អ្នកស្រីថា៖ «ប៉ុន្ដែក្នុងនាមជាម្ដាយ យើងអត់អាចបន្តឱ្យកូនយើងរៀនតាមរយៈអនឡាញទៀតបានទេ ពីព្រោះការរៀនតាមអនឡាញ គឺកូនយើងមិនអាចរៀនចេះដូចយើងរៀននៅផ្ទាល់បានទេ […] ហើយ​ទន្ទឹមនឹង​នេះ​ដែរ​ ខ្ញុំ​​ក៏ចង់ឱ្យខាងសាលាពង្រឹងវិន័យទៅលើការការពារនិងអនាម័យ​ឱ្យបានខ្ពស់»

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី ហាក់​​មិន​យល់​ស្រប​ចំពោះ​ការ​បើក​ឱ្យ​ដំណើរការ​​រៀន​ក្នុង​ថ្នាក់ឡើងវិញ​​ទេ​ ខណៈដែល​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​-១៩​នៅតែបន្តមានជា​រៀង​រាល់ថ្ងៃ។ បន្ថែម​ពី​នេះ ​លោកស្រីស្នើឱ្យ​រដ្ឋាភិបាលពិចារណាឡើ​ងវិញក្នុងការបើកសាលាឡើងវិញនេះ។

លោកស្រី​លើក​ឡើង​ថា​៖ «ការដែលពួកគាត់ស្និទ្ធស្នាលជាមួយមិត្តភក្តិនេះ ជាកត្តាប្រឈមខ្លាំង! ជាធម្មតា សិស្សានុសិស្សតែងតែទៅជួបជុំគ្នា ទោះបីប្រើអាល់កុល ​ប្រើម៉ាស់ តាមសាលា ប៉ុន្តែជួយបានភាគតិចទេ»​

ចំណែកប្រធាន​​អង្គការ​គណនេយ្យ​សង្គម​កម្ពុជា​ ​លោក សន ជ័យ មាន​ប្រសាសន៍​ថា ការបើក​សាលា​រៀនឡើង​វិញ គឺជាដំណោះស្រាយមួយល្អ ខណៈពេលដែលការផ្អាកដំណើរការរៀនសូត្របានបន្តអស់រយៈពេលជាច្រើនខែ និងមួយវិញទៀត ការយល់ដឹងទៅលើវិធានការបង្ការកូវីដ-១៩ ហាក់បីជាដឹងជ្រួតជ្រាបច្រើនក្នុងស្រទាប់មហាជន។ តែយ៉ាងណា លោកថា ​ការប្រុងប្រយ័ត្នខ្ពស់ក៏នៅតែជាអ្វីដែលយើងចង់ឃើញដែរ។

លោក​លើក​ឡើង​ថា​៖ «យើងកំពុងតែឆ្ពោះទៅកាន់រដូវរងា អ៊ីចឹងរដូវរងានេះ គួរតែប្រយ័ត្នប្រយែងខ្ពស់ដែរ បន្ថែម​ទៅ​លើពេល​វេលាធម្មតា ភ្លៀងលាយក្ដៅ ព្រោះរដូវរងា​មានលក្ខណៈស៊ីសង្វាក់គ្នាដូចកូវីដ-១៩ដែរ ពីព្រោះកូវីដ-១៩ ជាមេរោគរលាកផ្លូវដង្ហើម និងមានទម្រង់ដូចនឹងជំងឺផ្ដាសាយ»

ទោះជាយ៉ាងនេះក្ដី នាយកសាលាវិទ្យាល័យបាក់ទូក លោក តូច កន្តាល់ មាន​ប្រសាសន៍ថា ​ដើម្បីធានាឱ្យ​មាន​​សុវត្ថិ​ភាព​សុខភាព​ដល់​គ្រូនិងសិស្ស សាលាបានដាក់ចេញ​​វិធានការខ្ជាប់ខ្ជួនតាមវិធានការ «៣កុំ ៣ការពារ» ជាពិសេសមានការបែងចែកចំនួនសិស្ស និងបែងចែកថ្នាក់រៀនផ្ទាល់ និងបន្តរៀនអនឡាញខ្លះផងដែរ។ តែអ្វីដែលលោកមានការព្រួយបារម្ភជាពិសេសនោះ គឺចំពោះសិស្សតូចៗដែលមិនបានអនុវត្តតាមវិធាន​ការការពារ ដែលងាយក្នុងការឆ្លងអំឡុងពេលចេញលេង។

លោកលើកឡើងថា៖ «បញ្ហាសិស្ស​គាត់​នៅ​ពេល​ចេញ​លេង​ គាត់​នៅ​ក្បែរ​គ្នា​ កៀកកើយ​គ្នា​ សិស្សតូចៗគាត់​មិន​ទាន់​យល់​ តែ​សិស្សធំគាត់យល់​បាន​ល្អ​»

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានមានប្រសាសន៍ថា ជាទូទៅ ការបើកដំណើរការគ្រឹះស្ថានសិក្សាគ្រប់កម្រិត សម្រាប់ការរៀននិងបង្រៀនតាមបណ្ដុំនៅរាជធានី-ខេត្ត ដែលមានហានិភ័យទាប បាននិងកំពុងប្រព្រឹត្តទៅដោយមានលទ្ធផលអាចទទួលយកបានតាមការគ្រោងទុក ទន្ទឹមនឹងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) និងវិធានការសុខាភិបាល។

លោកបន្តថា៖ «ក្រសួងអប់រំ យុវជន និងកីឡា បន្តយកចិត្តទុកដាក់កម្រិតខ្ពស់ តាមដាននិងវាយតម្លៃស្ថានភាពកូវីដ-១៩ និងកត្តាធម្មជាតិ ដោយយោងទៅលើកិច្ចសហការជាមួយក្រសួងសុខាភិបាល និងរួមទាំងទិដ្ឋ​ភាព​ជាក់​ស្តែង»

យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ នៅល្ងាចថ្ងៃទី២១ ខែតុលា បានឱ្យ​ដឹងថា ចាប់ពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួង​នឹង​ពង្រីក​វិសាលភាព​នៃការ​បង្រៀននិង​រៀនតាម​បណ្ដុំសម្រាប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ​និង​ឯកជននៅគ្រប់​កម្រិត ក្នុង​ភូមិសាស្ត្រ​ទូទាំង​រាជធានី-ខេត្ត​ទាំង​អស់។

បើតាម​ក្រសួងអប់រំ​ ការ​សម្រេច​ឈាន​ទៅបើក​សាលារៀន​ឡើងវិញ​នេះ បន្ទាប់​ពី​ក្រសួង​បាន​វាយតម្លៃ​ទៅលើ​ដំណើរការ​បង្រៀន​និង​រៀន​​តាម​បណ្ដុំ​សម្រាប់គ្រឹះស្ថាន​សិក្សាសាធារណៈនិង​ឯកជន​នាពេល​កន្លង​មក ដោយ​មិនមាន​បញ្ហា​ឆ្លងរាលដាល​ជំងឺកូវីដ-១៩​ធ្ងន់ធ្ងរ​នោះ​ទេ។ ក្រសួង​ក៏បាន​វាយតម្លៃដែរ​ថា ការ​ឆ្លង​ជំងឺកូវីដ-១៩ ទៅលើ​គ្រូបង្រៀននិង​សិស្សានុសិស្សក្នុងរយៈពេល​៧​ថ្ងៃមុន​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ និង​៧ថ្ងៃក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កន្លង​​មក មាន​​កម្រិត​តិចតួចនិង​អាច​គ្រប់គ្រង​បាន ខណៈមាតាបិតា អាណាព្យាបាល គ្រូបង្រៀន និងសិស្សានុសិស្ស-និស្សិត ក៏បាន​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ ក្នុង​អត្រា​ខ្ពស់​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ