រដ្ឋសភា​នឹង​ប្រជុំ​អនុម័ត​លើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​នៅ​ដើម​សប្ដាហ៍​ក្រោយ

ប្រធានរដ្ឋសភា និងសមាជិកសភា ចូលរួមក្នុងកិច្ចប្រជុំសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ National Assembly Of Cambodia​)

រដ្ឋសភានឹងប្រជុំអនុម័តលើសេចក្ដីព្រាងច្បាប់ស្តីពី «វិសោធនកម្មរដ្ឋធម្មនុញ្ញ» កំណត់ថ្នាក់ដឹកនាំជាតិកំពូលៗមាន «សញ្ជាតិខ្មែរតែមួយ» នៅថ្ងៃចន្ទ ទី២៥ ខែតុលា សប្ដាហ៍ក្រោយនេះ បើទោះបីជាសេចក្ដីព្រាងច្បាប់នេះមានការរិះគន់ក្ដី។

យោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅព្រឹកមិញនេះ បានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ដោយពិភាក្សាទៅលើរបៀបវារៈសំខាន់ៗចំនួន៤ ក្នុងនោះក៏មានការពិភាក្សានិងអនុម័តទៅលើសេចក្ដីព្រាងច្បាប់ស្តីពី «វិសោធនកម្មរដ្ឋធម្មនុញ្ញ» កំណត់សញ្ជាតិខ្មែរតែមួយចំពោះប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ផងដែរ។

សេចក្ដីព្រាងច្បាប់ស្តីពី វិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយ បានទៅដល់ដៃរដ្ឋសភា កាលពីថ្ងៃទី១៤ ខែតុលា បន្ទាប់ពីគណៈរដ្ឋមន្រ្តីបាន​អនុ​ម័តកាលពីព្រឹកថ្ងៃសុក្រ ទី​៨ ខែតុលា។ សេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញនេះ កំពុងរងការរិះគន់ពីមជ្ឈដ្ឋានអ្នកនយោបាយក្រៅប្រទេសនិងសង្គមស៊ីវិលផងដែរ ខណៈស្ថាប័នរដ្ឋនិងឯកជនដែលគាំទ្ររដ្ឋាភិបាលបានចេញញត្តិនិងសេចក្ដីថ្លែងការណ៍គាំទ្រឱ្យមានការអនុម័តលើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញនេះ។

ក្រៅពីរបៀបវារៈខាងលើនេះ កិច្ចប្រជុំនៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ រដ្ឋសភាក៏នឹងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការតែងតាំងលោក ប៉ា សុជាតិវង្ស អតីតអភិបាលរាជធានីភ្នំពេញ ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស, ពិភាក្សានិងអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្ដីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្ដីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ និងសេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ