តុលាការ​ខេត្ត​ព្រះវិហារ កាត់ទោស​អ្នក​កាសែត​៨​នាក់​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំ​ទៅ​២ឆ្នាំ​៦ខែ​ពី​បទ​កំហែងយក

អ្នកសារព័ត៌មានចំនួន៨នាក់ត្រូវបានសមត្ថកិច្ច​ស្រុកត្បែងមានជ័យ ចាប់ឃាត់ខ្លួនដោយចោទពីបទ «កំហែងយក» បន្ទាប់ពីពួកគេរងការចោទថា បានជំរិតទារប្រាក់​ក្នុងម្នាក់ចំនួន១០០ដុល្លារ ពីម្ចាស់​​សិប្បកម្មឈើមួយកន្លែងនៅចំណុចអូរទីទុយ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

តុលាការខេត្តព្រះវិហារ បានសម្រេចផ្តន្ទាទោសអ្នកសារព័ត៌មានចំនួន៧នាក់ដាក់ពន្ធនាគារចំនួន២ឆ្នាំ និងម្នាក់ទៀតដាក់ពន្ធនាគារចំនួន២ឆ្នាំ​៦ខែ​ ក្រោមការចោទប្រកាន់ពីបទ «កំហែងយក» ប៉ុន្តែទោស​ជាប់ពន្ធនាគារត្រូវ​បានព្យួរ ដោយ​តុលាការ​សម្រេចឱ្យ​ឃុំខ្លួនត្រឹមជាង​៤​ខែ​ប៉ុណ្ណោះ។

កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ច​ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានចាប់ខ្លួនអ្នកសារព័ត៌មានចំនួន៨នាក់ ក្នុងនោះមានស្ត្រី២នាក់ ​ដោយចោទប្រកាន់ពីបទ «កំហែងយក» បន្ទាប់ពីពួកគេរងការចោទថាបានជំរិតទារប្រាក់​ក្នុងម្នាក់ចំនួន១០០ដុល្លារ ពីម្ចាស់​​សិប្បកម្មឈើមួយកន្លែង ស្ថិតនៅចំណុចអូរទីទុយ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ក្រោយមក តុលាការខេត្តនេះសម្រេចឱ្យឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារចំនួន៧នាក់ ខណៈម្នាក់ទៀតបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។

សហមេធាវីការពារក្ដីឱ្យអ្នកសារព័ត៌មានទាំង៨​នាក់ លោក នួន ផានិត ប្រាប់ វីអូឌី ថាកាលពីម្សិលមិញ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តព្រះវិហារបានប្រកាសសាលក្រម​ផ្ដន្ទាទោសអ្នក​សារព័ត៌មាន​ចំនួន៧​នាក់ឱ្យជាប់ពន្ធនាគារក្នុងម្នាក់ៗចំនួន២​ឆ្នាំ ប៉ុន្តែអនុវត្តទោសតែ៤​ខែ២០ថ្ងៃ ខណៈ​អ្នកសារព័ត៌មានម្នាក់ទៀតដែលនៅក្រៅឃុំនោះ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ​​៦​ខែ ប៉ុន្តែអនុវត្តទោសតែ៨ថ្ងៃ​ប៉ុណ្ណោះ ដោយទោសនៅសល់គឺត្រូវព្យួរ។

បើតាមមេធាវីរូបនេះ ​អ្នកសារព័ត៌មានទាំង៨​នាក់ត្រូវ​តុលាការខេត្តព្រះវិហារចោទប្រកាន់ពីបទ «កំហែងយក»។

របាយការណ៍របស់អង្គការអ្នកកាសែតនៅកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២០កន្លងទៅ មានអ្នកសារព័ត៌មានចំនួ​ន៥៩​នាក់បាន​ទទួល​​រងនូវការធ្វើ​ទុក្ខបុកម្នេញក្នុងរូបភាពផ្សេងៗ រួមមាន ការប្រើអំពើហិង្សា ការចាប់ខ្លួន និងការរងបណ្ដឹងពីតុលាការ ក្នុងនោះមានអ្នកសារព័ត៌មានចំនួន២៧នាក់ត្រូវបានចាប់ខ្លួន ៧នាក់​ជាជនរងគ្រោះនៃការប្រើអំពើហិង្សា និងម្នាក់បានស្លាប់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ