ខេត្ត-ក្រុង​ចំនួន​១៤ អាច​នឹង​មាន​ជំនន់​ទឹកភ្លៀង ខណៈ​កម្ពុជា​រង​សម្ពាធ​ទាប​ជា​បន្ត​បន្ទាប់​ពេញ​១​សប្តាហ៍

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ក្រុមមន្ត្រីនៃស្នងការនគរបាលរាជធានីភ្នំពេញ និងអាជ្ញាធររាជធានីភ្នំពេញ ចុះត្រួតពិនិត្យមើលលស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ខេត្ត-ក្រុង​ចំនួន​១៤នៅតំបន់ទំនាបកណ្ដាល ជាប់ជួរភ្នំ និង​តំបន់​មាត់​សមុទ្រ អាចនឹងមានជំនន់ទឹកភ្លៀង ដោយសារកម្ពុជានឹងទទួលរង​ឥទ្ធិពលជាបន្តបន្ទាប់ពីសម្ពាធទាប និងទ្រនុងសម្ពាធខ្ពស់ ពេញមួយសប្ដាហ៍ ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា។

សេចក្ដីជូនដំណឹងរបស់​ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី២៦ ​ខែតុលា​នេះ បានព្យាករថា ក្នុងសប្ដាហ៍​ខាងមុខ កម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ ក្នុងនោះ រងឥទ្ធិពលពីសម្ពាធទាបចាប់ពីថ្ងៃទី២៧-២៨ ខែតុលា និងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា។

ក្រសួងបន្ត​ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ​បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នៅថ្ងៃទី២៧-២៨ ខែតុលា អាចនឹងមានភ្លៀងក្នុងកម្រិតពីបង្គួរ​ទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ ដែលអាចបង្កជាជំនន់ទឹកភ្លៀងនៅខេត្តព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងរាជធានីភ្នំពេញ។ បន្ទាប់ពីនោះ ភ្លៀងអាចនឹងបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមតែប៉ុណ្ណោះ។

ចំណែក បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នៅថ្ងៃទី២៧-២៨ ខែតុលា អាចនឹងមានភ្លៀងក្នុងកម្រិតពីបង្គួរ​ទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ អាចបង្កជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្ត មណ្ឌល​គិរី​ ត្បូង​ឃ្មុំ និង​កំពង់ចាម។ បន្ទាប់ពីនោះ ភ្លៀងអាចនឹងបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមតែប៉ុណ្ណោះ។

តំបន់មាត់សមុទ្រវិញ គឺអាចនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ អាចបង្កជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងខ្យល់និងរលកសមុទ្រខ្ពស់ បន្ទាប់ពីនោះ ភ្លៀងនឹងធ្លាក់ចុះក្នុងកម្រិតពីខ្សោយទៅមធ្យមតែប៉ុណ្ណោះ។

យោងលើស្ថានភាពអាកាសធាតុនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវ​ដល់​សាធារណជនឱ្យបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើង​ជាយថាហេតុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ