កម្ពុជា-កូរ៉េ ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​បន្ទាប់ពី​ចរចា​ជាង​២​ឆ្នាំ

ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) ត្រូវបានចុះហត្ថលេខាជាផ្លូវការ តាមរយៈប្រព័ន្ធវីដេអូ ដោយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ។ (ហ្វេសប៊ុក៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce)

កម្ពុជានិង​កូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ទ្វេភាគី នៅថ្ងៃទី២៦ ខែ​តុលា ឆ្នាំ២០២១នេះ បន្ទាប់ពីចំណាយពេលចរចាអស់រយៈពេលជាង២ឆ្នាំ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និងរដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ​ខាង​​ត្បូង លោក YEO Han-Koo បានចុះហត្ថលេខាជាផ្លូវការតាមប្រព័ន្ធវីដេអូ លើកិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មសេរីទ្វេ​ភាគី​កម្ពុជា-កូរ៉េ (CKFTA) នៅព្រឹកមិញនេះ។

សេចក្ដីប្រកាសព័ត៌មាននោះបន្តថា ​កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង​​នេះមាន​ចំនួន​១០ជំពូក និង ១៣១មាត្រា រួមទាំង​បុព្វកថា និងឧបសម្ព័ន្ធចំនួន៩ ដែលគ្របដណ្ដប់​លើ​ពាណិជ្ជកម្ម​ទំនិញ។

តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជារំពឹងថានឹងជួយជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ព្រមទាំងជួយស្ដារឡើងវិញនូវសេដ្ឋកិច្ចរបស់​ប្រទេស​ទាំងពីរ​បានឆាប់រហ័ស ដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដោយ​នឹងពង្រីក​បន្ថែ​ម​លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាពិសេស កិច្ចព្រមព្រៀងនេះនឹងជំរុញការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូងបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិច កៅស៊ូ និងផលិតផលកសិកម្ម ជាដើម។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េនេះបានប្រកាសបើកការចរចានៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ តាមរយៈប្រព័ន្ធវីដេអូ ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសទាំងពីរ ចំនួន១២លើក បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់លោក មូន ចេអ៊ីន (Moon Jae-In) ប្រធានា​ធិបតីកូរ៉េខាងត្បូង នៅកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩។

កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ នឹងចូលជាធរមានក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីភាគីទាំងពីរបានជូនដំណឹងទៅវិញទៅមកតាមផ្លូវការទូត អំពីការបញ្ចប់នីតិវិធីផ្ទៃក្នុងនៃការផ្ដល់សច្ចាប័ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ