តុលាការ​នឹង​ដោះលែង​សកម្មជន​សង្គម​និង​អតីត​សមាជិក​បក្សប្រឆាំង​១០​នាក់​ចាប់​ពី​ខែ​ក្រោយ

អ្នកនាង ឈឿន ដារ៉ា​វី (កោរសក់​) និង​អ្នកជាប់ចោទ​ផ្សេងទៀត ឡើងឡាន​ចាកចេញ​ក្រោយ​បញ្ចប់​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។ (អ៊ូច សូ​នី​)

តុលាការក្រុងភ្នំពេញ នឹងដោះលែងសកម្មជនសង្គម និងសមាជិកអតីតបក្សប្រឆាំង សរុប១០​នាក់​ ចាប់ពីខែក្រោយនេះ ខណៈមន្ត្រីសិទ្ធិមនុស្សបានចាត់ទុកការកាត់ទោសពួកគេ​ឱ្យ​ជាប់​​ពន្ធនាគារ​កន្លង​មកថា ជាសារនៃការគំរាមកំហែងដល់សិទ្ធិសេរីភាពនៃការជួបជុំដោយសន្តិវិធី។

តុលាការក្រុងភ្នំពេញ នៅថ្ងៃទី២៦ ខែតុលានេះ បានសម្រេចផ្ដន្ទាទោសសកម្មជនសង្គម សកម្មជននយោបាយ និងយុវជន ដែលកំពុងជាប់ឃុំ ឱ្យជាប់ពន្ធនាគារចំនួន២០ខែ និងពិន័យជាប្រាក់ម្នាក់ៗចំនួន២លានរៀល (២ ០០០ ០០០ រៀល) ពីបទ «ញុះញង់» តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

សកម្មជនសង្គម និងយុវជន ដែលត្រូវបានផ្ដន្ទាទោសទាំងនោះ រួមមាន កញ្ញា ឈឿន ដារ៉ាវី, លោក ហ៊ុន វណ្ណៈ, លោក មាន ព្រហ្មមុនី, ព្រះតេជគុណ កើត សារ៉ាយ, លោក ថា ឡាវី, លោក មួង សុភ័ក្ត្រ និងកញ្ញា អេង ម៉ាឡៃ។

ប៉ុន្តែសម្រាប់កញ្ញា ឈឿន ដារ៉ាវី និងលោក ហ៊ុន វណ្ណៈ ត្រូវបានកាត់ទោសម្នាក់ៗឱ្យអនុវត្តទោសជាប់ពន្ធនាគារចំនួន១៥ខែ ខណៈ​អ្នក​ផ្សេង​ទៀតត្រូវអនុវត្តទោសជាប់ពន្ធនាគារចំនួន​១៤ខែ ចំណែកទោសដែលនៅសល់ផ្សេងទៀតត្រូវបានព្យួរ ក្រោមការសាកល្បងសម្រាប់​រយៈ​ពេល​២ឆ្នាំ។ ក្នុងរយៈពេល​២ឆ្នាំនេះ តុលាការបានតម្រូវឱ្យពួកគេជូនដំណឹងទៅតុលាការ ប្រសិនបើពួកគេផ្លាស់ប្ដូរអាសយដ្ឋាន ផ្លាស់ប្ដូរការងារ ឬចង់ចាកចេញពីប្រទេស ព្រមទាំងលក្ខខណ្ឌផ្សេងៗទៀត។

ពួកគេទាំងនេះត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងខែសីហា និងខែកញ្ញា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការ​ជួបជុំគ្នាសម្ដែងមតិនៅក្បែរសាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីទា​មទារឱ្យមានការដោះលែងលោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហជីព។ បើគិតលើការជាប់ពន្ធនាគារកន្លងមក ពួកគេនឹងត្រូវដោះលែងវិញនៅអំឡុងពាក់កណ្ដាល​ខែវិច្ឆិកា ឬ​ខែធ្នូ ខាងមុខនេះ។

ទោះជាយ៉ាងនេះក្ដី សាច់ញាតិនិងមេធាវីរបស់ពួកគេមួយចំនួនបានអះអាងថា ការកាត់ទោស​នេះ គឺជារឿងអយុត្តិធម៌។

ម្តាយរបស់កញ្ញា ឈឿន ដារ៉ាវី គឺលោកស្រី ថាច់ ធីតា បានថ្លែងមកពីខេត្តបាត់ដំបងថា លោកស្រីមិនអាចទទួលយកបានទេ ចំពោះការកាត់ទោសនេះ។ លោកស្រីថា កូនរបស់លោកស្រីនិងយុវជនផ្សេងទៀតមិនត្រូវមានទោសនោះទេ។

លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំទទួលស្គាល់ហើយថា ខ្ញុំរំភើបដែរចំពោះកូនខ្ញុំដែលនឹងត្រូវ​ចេញ​មក​នៅពាក់កណ្ដាលខែ១១ហ្នឹង ប៉ុន្តែការដែលតុលាការកាត់ទោសគាត់ហ្នឹង គឺមិនយុត្តិធម៌! នាងខ្ញុំមិនអាចទទួលយកបានទេ អ៊ីចឹងចាំពេលដែលកូនខ្ញុំចាកចេញមកហ្នឹង យើងនឹងធ្វើការទៅតាមហ្នឹង ខ្ញុំនឹងពិភាក្សាជាមួយមេធាវី ថាតើត្រូវធ្វើយ៉ាងម៉េច»។

ចំណែកកញ្ញា អេង វ៉ាន់ឌី ប្អូន​ស្រីបង្កើតរបស់កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ជា​សកម្មជន​​សិទ្ធិមនុស្ស​នៅក្នុង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ បានថ្លែងដែរថា នាងក៏មិនអាចទទួលយកបានដែរចំពោះការកាត់ទោសនេះ។

កញ្ញា​បញ្ជាក់ថា៖ «បើគិតតាមផ្លូវច្បាប់ហ្មង គាត់អត់មានទោសកំហុសអ្វីទេ អានេះគេឃុំខ្លួនគាត់ ផ្ដន្ទាទោសគាត់១៤ខែ ហើយធ្វើឱ្យពួកខ្ញុំឈឺចាប់យ៉ាងខ្លាំង។ ដល់ពេលគាត់ជាប់រយៈពេល១ឆ្នាំជាងមកនេះ ធ្វើឱ្យជីវភាពគ្រួសារខ្ញុំធ្លាក់ចុះ»។

ទាក់ទងករណីនេះ ​នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូ​ លោក អំ សំអាត បានចាត់ទុកការកាត់ទោសនេះ គឺជាសារមួយដែលគំរាមកំហែងដល់សិទ្ធិសេរីភាពនៃការជួបជុំ និងការប្រមូលផ្ដុំដោយសន្តិវិធី។

លោកបញ្ជាក់ថា៖ «អ៊ីចឹងអាការដែលកាត់ទោសឱ្យគាត់ជាប់ [ពន្ធនាគារ] ២០ខែ តែអនុវត្ត១៤ឬក៏១៥ខែនេះ យើងមើលទៅថាជាសារមួយដែលគំរាមកំហែងទៅលើសេរីភាពនៃការជួបជុំ នៃការប្រមូលផ្ដុំដោយសន្តិវិធី ឬក៏ការបញ្ចេញមតិដោយសន្តិវិធីរបស់ពួកគាត់»។

ទោះជាយ៉ាងណាក្ដី មេធាវីការពារក្ដីឱ្យសកម្មជនសង្គម លោក សំ សុគង់ នឹងពិភាក្សាជាមួយកូនក្ដីរបស់ខ្លួនថាតើត្រូវប្ដឹងឧទ្ធរណ៍បន្តទៀតឬបញ្ចប់នៅត្រឹមនេះ។

លោកមេធាវីបញ្ជាក់យ៉ាងដូច្នេះថា៖ «ទាក់ទងនឹងការផ្ដន្ទាទោសនេះ គឺខ្ញុំក៏មានការខកចិត្តដែរ បើសិនជាតុលាការសម្រេចឱ្យពួកគាត់រួចផុតពីបទចោទ អាហ្នឹងវាល្អជាង! ដោយសារយើងមើលពីសកម្មភាពរបស់គាត់ហ្នឹង គឺសកម្មភាពហ្នឹងមិនមែនជាបទល្មើសញុះញង់ទេ គ្រាន់តែជាការបង្ហាញអំពីការបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធី។ ហើយជាពិសេស គឺគោលបំណងដែលសំខាន់នោះ គឺស្នើសុំឱ្យមានការដោះលែងលោកគ្រូ រ៉ុង ឈុន តែប៉ុណ្ណោះ។ អ៊ីចឹងវាអត់មានពាក់ព័ន្ធអីជារឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមអីទេ»។

ក្រៅពីការកាត់ទោសសកម្មជនសង្គមនិងយុវជនទាំងនោះ​ តុលាការក្រុងភ្នំពេញ នៅថ្ងៃនេះ ក៏បានកាត់ទោសសមាជិកអតីតគណបក្សប្រឆាំង៣នាក់ទៀត​ ​រួម​មាន ​លោក​ ​ជុំ​ ពុទ្ធី ​លោក​ ឈួ ​ផេង​ ​និង​លោក​ ​គង់​ ​សំ​អាន​ ដោយចោទប្រកាន់​​និង​ផ្ដន្ទាទោស​នៅ​ក្នុង​សំណុំរឿង​តែមួយ​នេះ​ដែរ​ ក្នុងនោះ​ លោក​ ​ជុំ​ ពុទ្ធី ​និង​លោក​ ឈួ ​ផេង​ ​ត្រូវ​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​ចំនួន​១​៥​ខែ​ ​ខណៈ​លោក​ ​គង់​ ​សំ​អាន​ ​នឹង​ត្រូវ​អនុវត្ត​ទោស​ចំនួន​១​៤​ខែ​។​

លើស​ពី​នេះ​ ​មនុស្ស​៤​នាក់​ផ្សេងទៀត​ដែល​ត្រូវជាសមាជិកអតីតគណបក្សប្រឆាំង ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញសម្រេចផ្ដន្ទាទោស​​​ដោយកំបាំង​មុខ​​ ក្នុង​នោះ​រួម​មាន ​​លោក​ ​សេង​ ​ម៉េង​ប៊ុន​រ៉ុ​ង​, ​លោក​ ហូ ​វ៉ាន់​, ​លោក​ ​អ៊ូ​ ​ចាន់​រិទ្ធ​ ​និង​លោក​ ​គង់​ ​សុភា​ ពីបទ ​«ញុះញង់» និងចេញដីកាឱ្យតាមចាប់ខ្លួន​។​ ​អ្នក​ទាំងនេះ​​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ​ចំនួន​២​ឆ្នាំ​ ​ព្រមទាំង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន​​៤​លាន​រៀល​។​

ចំណែក​បទ​ចោទ​ប្រឆាំង​នឹងអតីតតំណាងរាស្ត្រ​អូស្ត្រាលីដើមកំណើតខ្មែរ លោក​ ​ហុង​ ​លី​ម​ ​ត្រូវ​បាន​តុលាការទម្លាក់​ចោលការចោទប្រកាន់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ