ក្រសួង​យុត្តិធម៌ រក​ឃើញ​ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​គ្រឿងញៀន​ខ្លះ​ខ្វះ​ភាព​ត្រឹមត្រូវ

រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​មួយ​ស្តី​ពី​«យុទ្ធនាការ​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​ទូទាំង​ប្រទេស» នៅទីស្ដីការក្រសួងយុត្តិធម៌ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រសួងយុត្តិធម៌ រំឭកតុលាការឱ្យពង្រឹងនីតិវិធីជំនុំជម្រះសំណុំរឿងបទល្មើសគ្រឿងញៀន ដើ​ម្បី​ធានាសុក្រឹត​ភាព​នៃ​ការ​ស្វែង​រក​ការ​ពិត​ស្រប​តាម​ច្បាប់ ក្រោយ​ពី​រក​ឃើញ​ថា ករណី​ខ្លះ​បានដំណើរការទៅដោយមិនអនុលោមទៅតាមមាត្រា៧៤នៃច្បាប់។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានលើកឡើង​​ក្នុង​លិខិត​ចុះ​ថ្ងៃទី​២៥​ ខែ​​តុលា ​​ថាក្នុងយុទ្ធនាការដោះស្រាយ​ការ​កក​ស្ទះសំណុំរឿង​ព្រហ្មទណ្ឌនៅតាម​សាលា​ដំបូ​ងរាជធានី-ខេត្ត នាពេលកន្លងមក​នេះ ក្រសួង​បាន​ពិនិត្យ​ឃើញ​ថា សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត​ទាំង​អស់ បាន​ខិត​ខំប្រឹង​ប្រែង​ចាត់​ការ​សំណុំរឿង​ព្រហ្ម​ទណ្ឌ​ភាគ​ច្រើនដែល​ជាសំណុំរឿងពាក់ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន បានយ៉ាងឆាប់រហ័ស និងជាច្រើនករណី ស្របតាមនីតិវិធីនៃច្បាប់ជាធរមាន។

ប៉ុន្តែលោកថា ទន្ទឹមនេះ ការ​កោះហៅឱ្យចូលរួមនិងការស្ដាប់ចម្លើយ​​មន្ត្រី​នគរបាល ឬ​ភ្នាក់ងារ​ន​គរ​បា​ល​យុត្តិ​ធម៌ ក្នុង​ឋានៈ​ជា​សាក្សី ក្នុង​នីតិវិធី​ស៊ើប​សួរ និង​ការ​ជំនុំ​ជម្រះ​របស់តុលាការ​នៅក្នុងសំណុំរឿង​ពា​​ក់​ព័ន្ធនឹង​​បទល្មើសគ្រឿង​ញៀន​មួយ​ចំនួន នៅមិនទាន់​បាន​អនុវត្តឱ្យបានត្រឹមត្រូវស្របតាមនីតិវិ​ធី​ច្បាប់ ដែលមានចែងក្នុងមាត្រា៧៤ កថាខណ្ឌទី១ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀននៅឡើយទេ។

បញ្ហានេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា វត្តមានចូលរួមរបស់​នគរបាល​យុត្តិធម៌ក្នុង​ឋានៈ​ជាសាក្សី​នៅ​ក្នុង​ដំណើរការនីតិវិធីរបស់តុលាការ ចំពោះសំណុំរឿងបទល្មើសគ្រឿងញៀន «មានសារៈសំខាន់និងមានភាពចាំបាច់ក្នុងការធានាសុក្រឹតភាព​នៃ​ការ​ស្វែងរក​ការ​ពិត ប្រសិទ្ធភាព​នៃការអនុវត្តច្បាប់ ក៏ដូចជាធា​​នា​​បាននូវចំណា​ត់​ការរឿងក្ដីប្រកបដោយភាពត្រឹមត្រូវស្របតាមច្បាប់»។

លោក កើត រិទ្ធ បានរំឭកទៅមន្ត្រីតុលាការឱ្យពិនិត្យនិងចាត់ចែងពង្រឹងការអនុវត្តនីតិវិធីស្របតាមខ្លឹមសារនៃមាត្រា៧៤ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀននេះឱ្យមានប្រសិទ្ធភាពខ្ពស់។

យ៉ាងណា ក្រសួងមិនបានបញ្ជាក់ថា ការជំនុំជម្រះសំណុំរឿងបទល្មើសគ្រឿងញៀនដែលមិនបានអនុវត្តត្រឹមត្រូវ​តាម​ច្បាប់មានប៉ុន្មានភាគរយ និងភាគច្រើនបានកើតឡើងនៅសាលាដំបូងរាជធានី-ខេត្ត​ណាពិតប្រាកដ​ទេ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មិនអាចសុំការបញ្ជាក់បន្ថែមបានទេ នៅថ្ងៃពុធនេះ។

ដោយឡែក អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងជាព្រះរាជអាជ្ញារង លោក ហួត វិចិត្រ សុំមិនធ្វើអត្ថាធិប្បាយ ជុំវិញភាពមិនប្រក្រតីដែលក្រសួងយុត្តិធម៌រកឃើញនេះទេ ដោយថា ក្រសួងមិនបានសំដៅដ​ល់​សាលាដំបូងណាមួយ រួមទាំងខេត្តព្រះសីហនុ។ 

លោកថា៖ «បងបានព័ត៌មានមកពីណាដែលថាសាលាដំបូងខេត្តព្រះសីហនុមិនបានគោរពទៅតាមមាត្រាក្នុងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន [អត់ទេបង! គាត់និយាយជាទូទៅទេ ប៉ុន្តែក្នុងនាមសាលាដំបូងខេត្តមួយដែរ បងនឹងពិនិត្យឡើងវិញយ៉ាងម៉េចដែរជុំវិញការរកឃើញនេះ?] ធម្មតា សេចក្ដីសម្រេចរបស់ថ្នាក់ដឹកនាំ ពិសេសរបស់ឯកឧត្ដមរដ្ឋមន្ត្រី គ្រប់សាលាដំបូងទាំងអស់ត្រូវតែអនុវត្ត»។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ និងជាអង្គការឃ្លាំមើលសិទ្ធិអ្នកជាប់ឃុំ គឺលោក អំ សំ​អាត ​មានប្រសាសន៍​ថា សេចក្ដីណែនាំ វាគ្រាន់តែជាសារក្រើនរំឭកប៉ុណ្ណោះ។ លោ​កផ្ដល់ជាយោ​​បល់ថា ដើ​ម្បីទប់ស្កាត់បញ្ហានេះឱ្យមានប្រសិទ្ធភាព ទាល់តែក្រសួងមានចំណាត់ការទៅលើមន្ត្រីដែលបានប្រ​ព្រឹ​ត្ត​​ខុស។

លោកថា៖ «ខ្ញុំគិតថា ជាប្រសិទ្ធភាព វាគួរតែចែងអំពីកាតព្វកិច្ចតែម្ដង ធ្វើជាសាក្សីក្នុងពេលជជែក​ដេញដោល​តែម្តង។ ហើយទី២ ក្រសួងមហាផ្ទៃក៏ដូចគ្នាដែរ គួរតែណែនាំយ៉ាងណាដើម្បីឱ្យក្លាយជាកាតព្វកិច្ចទៅដល់​មន្ត្រីដែល​កសាង​សំណុំរឿង​គ្រឿង​ញៀន​ហ្នឹង […] បើសិនជាមិនអនុវត្ត វាទាល់តែមានវិធានការរដ្ឋបាល»។

យ៉ាងណា អំឡុង​បិទ​​បញ្ចប់យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី​-​ខេត្ត ក្រសួងយុត្តិធម៌បានលើកឡើង​នៅ​ក្នុងសេចក្ដីប្រកាស​របស់ខ្លួន ចុះថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ២០២១ ថារយៈពេលជាង​១​​ឆ្នាំ គិតពី​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​​២០២១ ភាគីពាក់​ព័ន្ធបាន​ដោះស្រា​យ​សំណុំរឿង​ព្រ​ហ្មទណ្ឌដែល​កកស្ទះ ទាំង​ដំណាក់កាល​អយ្យការ ​ដំណាក់កាល​ស៊ើបសួរ និង​​ដំ​ណាក់កាល​ជំនុំជ​ម្រះ​ បាន​ចំនួនសរុបជាង៣៧ ៩០០សំណុំរឿង ស្មើនឹង​៩៦ភាគរយ នៃ​សំណុំរឿង​ព្រហ្មទ​ណ្ឌ​ដែល​កកស្ទះ​សរុប​ជាង៣៩ ៥០០សំណុំរឿង​។ 

តែសេចក្ដីប្រកាស​នោះមិនបានញែកសំណុំរឿងព្រហុ្មទណ្ឌពាក់ព័ន្ធទៅនឹងបទល្មើសគ្រឿងញៀនថា មានប៉ុន្មានទេ ដោយគ្រាន់តែភ្ជាប់សារថា យុទ្ធនាការនោះប្រកាន់ខ្ជាប់នូវអភិក្រមការងារ «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ