រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហើបពីបំណងកែច្បាប់ ដើម្បីបើកផ្លូវឱ្យមានការធ្វើតេស្តរកសារធាតុញៀន ក្នុងវិស័យឯកជន និងរដ្ឋ ដើម្បីកាត់បន្ថយហានិភ័យសង្គមពីការប្រើប្រាស់គ្រឿងញៀន។
ក្នុងពិធីមួយនៅខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែធ្នូនេះ លោក ស ខេង បានថ្លែងថា ការដាក់ចេញនូវវិធានការចាប់ចងអ្នកពាក់ព័ន្ធគ្រឿងញៀន និងបង្កើតមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន ក្នុងយុទ្ធនាការទប់ស្កាត់គ្រឿងញៀន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មិនទាន់គ្រប់គ្រាន់ ក្នុងការធានាសុខភាពសាធារណៈ និងសន្តិសុខសង្គមបាននៅឡើយទេ ខណៈពន្ធនាគារមានសភាពចង្អៀតណែនទៅហើយនោះ។
ជម្រើសថ្មីដែលលោកកំពុងគិត គឺត្រូវដាក់ធាតុចូលបន្ថែមទៅក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងច្បាប់ស្តីពីគ្រឿងញៀន ដោយតម្រូវឱ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទ រួមទាំងអ្នកបើកបរម៉ូតូ ត្រូវធ្វើតេស្តរកសារធាតុញៀនជាមុន ទើបអនុញ្ញាតឱ្យបើកបរ។
ក្នុងន័យនេះ លោកពន្យល់ថា អ្នកដែលធ្វើតេស្តហើយរកឃើញថាមានសារធាតុញៀនក្នុងខ្លួន នឹងមិនអនុញ្ញាតឱ្យពួកគេបើកបរនោះទេ។
ដោយឡែក សម្រាប់អ្នកប្រឡងចូលបម្រើការងាររាជការ និងវិស័យឯកជន រួមទាំងគ្រូបង្រៀន និងសិស្សានុសិស្សដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ក៏ត្រូវពិនិត្យរកសារធាតុញៀនដូចគ្នា ដែលជម្រើសនេះ លោកថា ជាការចូលរួមកាត់បន្ថយការប្រើប្រាស់គ្រឿងញៀនដែលជាហានិភ័យសង្គមបានមួយកម្រិតដែរ ក្រៅពីចាប់មនុស្សដាក់ពន្ធនាគារ។
លោកថា៖ «បើចង់បើកម៉ូតូ ចង់បើកឡាន ឡានឯកជនក៏ដោយ ឡានរដ្ឋក៏ដោយ អីក៏ដោយទាំងអស់គឺត្រូវតែមានវិក្កយបត្រ ឬវិញ្ញាបនបត្របញ្ជាក់ក្រោយពីការធ្វើតេស្តហើយ ថាអត់មានសារធាតុញៀន»។
លោកបានគូសបញ្ជាក់បន្ថែមថា៖ «ក្រុមហ៊ុនណាដែលទទួលយកមនុស្សអ៊ីចឹង ឃើញហើយតែមិនបានធ្វើតេស្ត ឬក៏មិនបានធ្វើតេស្ត អាហ្នឹងក្រុមហ៊ុនទទួលខុសត្រូវចំពោះមុខច្បាប់»។
ប្រធានសហភាពសហជីពកម្ពុជា (CCU) និងទីប្រឹក្សារបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានគាំទ្រចំពោះការព្យាយាមកាត់បន្ថយការប្រើប្រាស់គ្រឿងញៀន តាមរយៈការពិនិត្យសារធាតុញៀននេះ ប៉ុន្តែលោកថា វិធានការបែបនេះមានប្រសិទ្ធភាពតិចតួច និងមិនបានកាត់ផ្ដាច់ពីប្រភពគ្រឿងញៀនដ៏ធំនោះទេ។
លោកថា៖ «មិនសូវមានប្រសិទ្ធភាពទេ មានន័យថា បោសកាំជណ្ដើរឡើងទៅលើ ការជួញដូរគ្រឿងញៀនត្រូវរកប្រភពថាតើគ្រឿងញៀនហ្នឹងចូលពីប្រភពនរណា ហើយអ្នកដែលអាចនាំចូលគ្រឿងញៀនសុទ្ធតែមន្រ្តីមានអំណាចធំៗ»។
លោក រ៉ុង ឈុន បន្ថែមថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាពនោះ គឺការចុះអប់រំដល់ប្រជាពលរដ្ឋ និងសាងសង់ផ្លូវឱ្យបានល្អ មានគំនូសត្រឹមត្រូវបន្ថែមទៀត ទើបអាចលុបបំបាត់គ្រោះថ្នាក់បាន។
កាលពីខែសីហា ឆ្នាំ២០២២នេះ សមត្ថកិច្ចក៏បង្ក្រាបបានជនជាតិចិន៥នាក់ និងដកហូតបានគ្រឿងញៀនជាង៩០០គីឡូក្រាម នៅខេត្តព្រះសីហនុដែរ។
តាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅឆ្នាំ២០២២នេះ សមត្ថកិច្ចបង្ក្រាបបានគ្រឿងញៀនជាង ៥ពាន់គីឡូក្រាម ឬ៥តោន។ ប្រភពដដែលបន្តថា គ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបាននៅឆ្នាំ២០២២នេះ គឺមានទម្ងន់ប្រហាក់ប្រហែលគ្នានឹងឆ្នាំ២០២១ដែរ ក៏ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ពីចំនួនឧក្រិដ្ឋជនជួញដូរគ្រឿងញៀននៅឡើយ៕