អតីត​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប​ទៀត​ស្នើ​សុំ​បង្កើត​បក្សថ្មី

ពលរដ្ឋធ្វើដំណើរពីមុខក្រសួងមហាផ្ទៃ កាលពីពេលកន្លងទៅ (រូបថត៖ ហួត វុទ្ធី)

អតីតតំណាងរាស្រ្តគណបក្សសមរង្ស៊ី មណ្ឌលខេត្តកណ្ដាល និងជា​សមាជិក​គណៈកម្មាធិការ​នាយក ​និង​ជា​ស​មាជិក​ក្រុម​កា​រងារ​ខេត្តមួយនេះ គឺលោក ឃឹម ឡាគី បានដាក់ពាក្យសុំបង្កើតគណបក្សថ្មីនៅក្រសួងមហាផ្ទៃ បន្ទាប់ពីលោកបានសិទ្ធិធ្វើន​យោបាយឡើងវិញនៅខែសីហា។ 

តាមលិខិតស្នើសុំដែល វីអូឌី ទទួលបាន លោក ឃឹម ឡាគី បានស្នើទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃទី២៤ ខែ​តុលា ឆ្នាំ២០​២១ ដោយសុំបង្កើតគណបក្សនយោ​បា​យឈ្មោះ “គណបក្សអនាគតជាតិ” (គ.អ.ជ) ក្នុងនាមលោកជាតំណាងស្ថា​បនិករបស់គណបក្ស​។ 

ក្នុងសំណើនោះ លោកបានភ្ជាប់ជាមួយចំនួន​​ប្រ​ជាពលរ​ដ្ឋឯកភាពគាំទ្រ៨០​នាក់ និង​បាន​បញ្ជាក់​ពី​ទីតាំង​ស្នាក់​ការ​កណ្ដាល​រប​​ស់គណបក្ស ស្ថិតនៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

វីអូឌី មិនអាចស្វែងរកការទំនាក់ទំនងអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងវ័យ៤៦ឆ្នាំរូបនេះ ដើម្បីសុំការអធិប្បាយបន្ថែមជុំវិញការស្នើ​​សុំបង្កើតគណបក្សបានទេ គិតត្រឹមថ្ងៃទី២៨ ខែតុលានេះ។    

ដោយឡែក អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ផាត សុផានិត ថ្លែងថា ក្រសួងមហាផ្ទៃបាន​ទទួលពាក្យស្នើសុំនេះហើយ​កា​ល​ពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ លោកបន្ថែម​ថា ក្រសួងមិនទាន់សម្រេច​យ៉ាងណាចំពោះសំណើនោះនៅឡើយ ដោយសារពាក្យស្នើទើបទ​ទួលបាន។

លោក ផាត សុផានិត ថ្លែងតាមសារ Telegram ថា៖ «សំណើនេះកំពុងត្រូវបានអង្គភាពជំនាញពិនិត្យ ដើម្បីឱ្យស្របតាមច្បាប់និងនីតិវិធីជាធរមាន។ ដំណើរការមិនទាន់រួចរាល់នោះទេ ដោយសារឯកសារទើបតែបញ្ជូនមកដល់ក្រសួង។ ក្រសួងនឹងជូនដំណឹងទៅសាម៉ីសំណើអំពីលទ្ធផល»

លោក ឃឹម ឡាគី ត្រូវបានព្រះមហាក្សត្រឡាយព្រះហត្តលេខាព្រះរាជទាននីតិសម្បទាយោបាយឡើងវិញ ជាមួយអតីតប្រ​ធា​នប្រតិបត្តិអតីតគណបក្សសង្គ្រោះជាតិប្រចាំខេត្តតាកែវ​មួយរូបទៀត គឺលោក ម៉ៅ សុផល នៅថ្ងៃទី១៤ ខែ​សីហា ឆ្នាំ២០​២​១។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូល​បាន​ចេញ​ដីការំ​លាយគណបក្សសង្គ្រោះជាតិ និងដកហូ​តសិទ្ធិធ្វើនយោ​បាយរយៈពេល៥ឆ្នាំពីមន្រ្តីក្នុងជួរថ្នាក់ដឹកនាំរបស់គណប​ក្សចំនួន១១៨រូប។

យ៉ាងណា គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ក្នុងចំណោមមន្រ្តីទាំងនោះប្រមាណជាជាង២០រូបហើយបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ និងមានមួយចំនួនបានបង្កើតគណបក្សថ្មីៗជាបន្តបន្ទាប់ ដើម្បីត្រៀម​ប្រកួតក្នុងការបោះឆ្នោតជាមួយបក្សកាន់អំណាចនៅពេលខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ