អ្នក​ឃ្លាំ​មើល​ថា កម្ពុជា​ត្រូវ​បង្ហាញ​អព្យាក្រឹត្យ​ផ្នែក​នយោបាយ​ពេល​ធ្វើ​ជា​ប្រធាន​អាស៊ាន​ដើម្បី​ទទួល​បាន​តម្លៃ​ពី​សមាជិក​ផ្សេង​ទៀត

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក៣​ ស្តីពីបញ្ហាបង្កឡេីងដោយជំងឺកូវីដ-១៩ តាមប្រព័ន្ធអនឡាញ ​នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

អ្នកវិភាគនយោបាយ និងសង្គមស៊ីវិល លើកឡើងថា កម្ពុជា នៅពេល​ក្លាយ​ជាប្រធានប្ដូរវេនរបស់អាស៊ានចាប់ពីខែក្រោយនេះទៅ គប្បីត្រូវ​​បង្ហាញអព្យាក្រឹត្យ​ភាពផ្នែកនយោបាយ​របស់ខ្លួន ដើម្បីធានាធ្វើយ៉ាងណា​ទទួលបាននូវការផ្ដល់តម្លៃពីអន្តរជាតិ ក៏ដូចជាពី​សមាជិក​អាស៊ានផ្សេង​​ទៀត។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយផង លោកបណ្ឌិត សេង សារី ថ្លែងប្រាប់ វីអូឌី តាមបណ្ដាញ​តេឡេក្រាមនៅថ្ងៃទី២៧ ខែតុលា ​ថាអ្វីដែលកម្ពុជាត្រូវត្រៀមមុនក្លាយជាប្រធានប្ដូរវេនរបស់អាស៊ាននោះ គឺ​ការ​ដោះស្រាយបញ្ហាជាប់គាំងនយោបាយ។

ក្រៅពីនោះ លោកថា កម្ពុជាត្រូវត្រលប់មកគន្លងប្រជាធិបតេយ្យដែលអាចទទួល​យកបានដោយ​អន្តរជាតិ បើកលំហបរិយាកាសនយោបាយ ជាពិសេសសម្រាប់​គណបក្សនយោបាយ​ដែល​មាន​និន្នាការប្រកួត​​ប្រជែង​ជាមួយគណបក្សកាន់អំណាច អាចចូលរួមក្នុងការបោះឆ្នោតនាឆ្នាំ២០២២ និង​ឆ្នាំ​២០២៣បាន។ លើសពីនេះ លោកថា ត្រូវធានាឱ្យមានតម្លាភាពនិងភាពត្រឹមត្រូវក្នុងការបោះឆ្នោតផងដែរ។

លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា៖ «កម្ពុជាត្រូវតែបង្ហាញឱ្យពិភពលោក អន្តរជាតិ ឃើញច្បាស់ថា កម្ពុជាមិនបានងាកទៅរកប្រទេសណាទេ ជាពិសេសប្រទេសចិន។ កម្ពុជាត្រូវតែ​បង្ហាញអំពីអព្យាក្រឹត្យ​ភាព អធិបតេយ្យភាព បូរណភាពទឹកដី ដែលខ្លួនកំពុងតែមាន ជាពិសេសគឺ​អព្យាក្រឹត្យ​​ភាពផ្នែកនយោបាយ ដើម្បីធានាធ្វើម៉េចឱ្យនៅពេលខ្លួនក្លាយជាប្រធានប្ដូរវេនរបស់អាស៊ាន មានការផ្ដល់នូវតម្លៃពីអន្តរជាតិ ក៏ដូចជាពីសមាជិកផ្សេងៗទៀត»។

យ៉ាងណា លោកថា ការធ្វើជាប្រធានអាស៊ានប្ដូរវេននេះមិនមែនជារឿងថ្មីសម្រាប់កម្ពុជាទេ ព្រោះ​កម្ពុជា​ធ្លាប់មានបទពិសោធន៍ធ្វើជាប្រធានអាស៊ានរួចមកហើយដែរ។

លោក សេង សារី​ បន្ថែមថា កម្ពុជាអាច​នឹងជួបប្រទះបញ្ហាប្រឈម២ធំៗ អំឡុងពេល​ក្លាយជា​ប្រធាន​អាស៊ានប្ដូរវេន គឺបញ្ហាភូមា និង​ការប្រទាញប្រទង់នៃការប្រកួតប្រជែងអំណាចរវាងចិន-អាមេរិក ជាពិសេសជម្លោះសមុទ្រចិនខាងត្បូង។

បណ្ឌិតរូបនេះបន្ថែមថា គោលដៅនៃការប្រកួតប្រជែងអំណាច ​គឺគេមក​សម្លឹងមើល​តំបន់អាស៊ានជាទីលានឬសង្វៀនសម្រាប់ការប្រកួតប្រជែងអំណាច។ លោក​បន្តថា បើមាន​ការប្រទាញប្រទង់កើតឡើងនាឆ្នាំ២០២២​មែន និង​​ស្របពេលដែល​កម្ពុជាជាប្រធានអាស៊ាននោះ គឺ​​កម្ពុជា​​មានតួនាទីធំណាស់​​ក្នុងការសម្របសម្រួល ដឹកនាំ និងដោះស្រាយបញ្ហាទាំងនោះ។

​នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ លើកឡើងថា បើសិនជាកម្ពុជាមិនអាចដោះស្រាយបញ្ហាវិបត្តិផ្ទៃក្នុងនយោបាយរបស់ខ្លួនឯងឱ្យបានល្អប្រសើរទេ កម្ពុជានឹងអាចជួបបញ្ហាមួយចំនួនដូចជា ការរឹតបន្តឹងពីអន្តរជាតិ ជាពិសេសប្រទេសលោកសេរីដែលកាន់លទ្ធិប្រជាធិបតេយ្យ។ លើសពីនេះ លោកថា ​សូម្បីប្រទេសជាសមាជិកអាស៊ានខ្លួនឯង ក៏នឹងមើលមកកម្ពុជាក្នុងផ្លូវផ្សេង​ពីប្រទេសដែលមាននីតិរដ្ឋនិងមានការគោរពសិទ្ធិមនុស្សពិតប្រាកដ។

លោកបាន​ថ្លែងថា៖ «ក្នុងនាមយើងជាប្រទេសអាស៊ាន យើងត្រូវតែដោះស្រាយបញ្ហាជាប់គាំងនយោបាយ [របស់ប្រទេសខ្លួន]។ ហើយបើកាលណាដោះវាមិនបាន មុខមាត់អាស៊ានវាមិនសូវជាមានភាពល្អប្រសើរប៉ុន្មានទេ ដោយសារប្រទេសដទៃទៀត គេនឹងមើលមុខប្រធានអាស៊ាននៅក្នុងផ្លូវផ្សេងខុសពីប្រទេសដែលគេមាននីតិរដ្ឋ គេមានលទ្ធិប្រជាធិបតេយ្យ ហើយនិងមានការគោរពសិទ្ធិមនុស្ស។ ដូច្នេះក ម្ពុជាត្រូវផ្លាស់ប្តូរឥរិយាបថត្រង់ចំណុចនេះឱ្យបានល្អ ហើយតម្កល់ខ្លួនឱ្យនៅជាប្រទេសក្នុងនាមជាប្រធានអាស៊ាន»។

ចំណែកនាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ថ្លែងថា ស្ថានភាពសិទ្ធមនុស្សនៅ​កម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ មានបញ្ហាប្រឈមខ្លាំង ក្នុងនោះ តួអង្គសំខាន់ៗនៃសសរស្ដម្ភ​​លទ្ធិប្រជាធិបតេយ្យ បាន​រងនូវការគំរាមកំហែងឬការបង្ក្រាបជាបន្តបន្ទាប់ តួយ៉ាងដូចជា អតីត​​​​បក្សប្រឆាំង អង្គការសង្គមស៊ីវិល សហជីព និងសូម្បីតែអ្នកសារព័ត៌មានផងដែរ។

លោកស្រីថា មិនមែន​តែសិទ្ធិនយោបាយទេដែលមានបញ្ហា សូម្បី​ការការពារ​ធនធានធម្មជាតិ​របស់យុវជនក៏មានបញ្ហាប្រឈមផងដែរ ​ដូចជា រងនូវការចោទប្រកាន់ ការចាប់ខ្លួន និង​ការផ្ដន្ទាទោសជាដើម។

លោកស្រី ចក់ សុភាព បញ្ជាក់ថា មែនទែនទៅ មិនចាំបាច់ទាល់តែកម្ពុជាក្លាយជាប្រធានអាស៊ាន ទើបត្រូវធ្វើ​ការឆ្លើយតបនឹង​ស្ថានភាពសិទ្ធិមនុស្សនេះទេ ត្បិតកម្ពុជាមាន​កាតព្វកិច្ចក្នុងការ​ធានានូវសិទ្ធិពលរដ្ឋ​ទៅ​​តាមរដ្ឋធម្មនុញ្ញរួចទៅហើយ។

លោកស្រីគូសបញ្ជាក់​ថា៖ «យើងឃើញហើយ ស្ថានភាពសិទ្ធិមនុស្សប្រឈម ហើយការងារដែលកម្ពុជាយើងត្រូវព្យាយាមធ្វើ ដើម្បីក្លាយ​ជាគំរូភាពក្នុងនាមជាប្រធានអាស៊ាននោះ​ យើងគួរតែស្ដារនូវស្ថានភាពសិទ្ធិមនុស្សឱ្យបានប្រសើរ ធ្វើជាគំរូសម្រាប់ប្រទេសដទៃ ដែលយើងមើលឃើញថា [ជា] សិទ្ធិពលរដ្ឋ រាប់ទាំងសិទ្ធិក្នុងការបញ្ចេញមតិ ការជួបជុំដោយសន្តិវិធី ឬក៏ការចងក្រងជាសមាគមអីហ្នឹង ត្រូវបានធានាការពារ […]»។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា កម្ពុជាបានក្លាយជាផ្ទាំងស៊ីបរបស់ក្រុមមួយចំនួន​ ជាពិសេសក្រុមលោកខាងលិច។ លោកថា ពួកគេតែងតែយកកម្ពុជា​ធ្វើជានុយ ដើម្បី​ប្រឆាំងជាមួយចិនក្នុងការ​និយាយ​​ពី​ភូមិ​សាស្ត្រ​នយោបាយ។ យ៉ាងណា លោកថា កម្ពុជាមិនបានលូកលាន់ជាមួយ​បញ្ហាភូមិ​សាស្ត្រនយោបាយទេ ពោលគឺធ្វើទៅតាមអ្វីដែលជាច្បាប់​របស់អាស៊ានបានកំណត់។

លោក ផៃ ស៊ីផាន មានប្រសាសន៍ថា៖ «មុខមាត់របស់កម្ពុជា គឺធំបំផុត គឺសេចក្ដីសុខក្សេមក្សាន្ត ហើយនិងសន្តិភាព​របស់ប្រជាពលរដ្ឋកម្ពុជា ហើយនិងកំណើនសេដ្ឋកិច្ច រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ទោះបីអ្នក​ហ្នឹងស្អប់រាជរដ្ឋាភិបាល ទោះបីអ្នកហ្នឹងស្អប់កម្ពុជាយ៉ាងណាក៏ដោយ ក៏ប៉ុន្តែអ្នកហ្នឹងត្រូវ​ទទួលផលពី​សន្តិភាព ពីស្ថិរភាពនយោបាយ អំពីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើននៃការអភិវឌ្ឍ»។

លោក​បន្តថា៖ «អ្នកដែលចោទថាកម្ពុជាងាកទៅចិនទៅអីហ្នឹង គឺគ្រាន់តែថា [តែ]អត់ដឹងឮ អត់ពិនិត្យមើលសកម្មភាពរាជរដ្ឋាភិបាល និងគោលនយោបាយរបស់កម្ពុជាទេ»

​កម្ពុជា ត្រូវបានសហគមន៍អន្តរជាតិ លោកសេរី​ ចេញមុខថ្កោលទោសជាបន្តបន្ទាប់ និងបានមើលឃើញថាដើរចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យ ព្រមទាំងមានការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ ចាប់តាំងពីមានការរំលាយ​គណបក្សសង្រ្គោះជាតិ និង​ការ​​ចាប់ខ្លួនប្រធានអតីត​គណបក្សនេះ គឺលោក កឹម សុខា ដាក់ពន្ធនាគារកាលពីអំឡុងឆ្នាំ២០១៧។

បន្ថែមពីនេះ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង១១៨នាក់ត្រូវបានតុលាការកំពូលដាក់ឱ្យជាប់បម្រាមធ្វើនយោបាយរយៈពេល៥ឆ្នាំ ហើយតំណែងមន្ត្រីបក្សមួយនេះតាំងពីថ្នាក់មូលដ្ឋាន​រហូតដល់ព្រឹទ្ធសភា ត្រូវបានគណបក្សកាន់អំណាចដកហូតយកទៅចែកឱ្យបក្សផ្សេងនិងបក្សរបស់ខ្លួនពេលនោះ។  

មកទល់ពេលបច្ចុប្បន្ន សំណុំរឿងអតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា នៅមិនទាន់បញ្ចប់នៅឡើយ បើទោះបីជាលោកត្រូវបានតុលាការសម្រេចផ្ដល់សេរីភាពដើរហើរ​បានច្រើនជាងមុនក្ដី ប៉ុន្តែសិទ្ធិធ្វើនយោបាយនិងសិទ្ធិធ្វើដំណើរទៅក្រៅប្រទេស ត្រូវបាន​ហាមឃាត់ទាំងស្រុង។

ដោយឡែក ប្រធាន​អតីត​គណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់របស់ខ្លួន​ជាច្រើនទៀត​ ​កំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស ព្រមទាំងជាប់រឿងក្ដីក្ដាំជាច្រើននៅតុលាការផងដែរ ដោយមិនទាន់មានពន្លឺណាមួយក្នុងការវិលចូលស្រុកនៅឡើយ។

ក្រៅពីសំណុំរឿងអតីតមេបក្សប្រឆាំង និងមន្ត្រីរបស់ខ្លួនរាប់សិបបណ្ដឹងកំពុងស្ថិតនៅក្នុងដៃតុលាការនោះ ក៏មានសំណុំ​រឿងមន្ត្រីសង្គមស៊ីវិល សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន អ្នកសារព័ត៌មានជាច្រើនទៀតនៅមិនទាន់បញ្ចប់នៅឡើយ ហើយអ្នកខ្លះកំពុងជាប់ឃុំក្នុងពន្ធនាគារទៀតផង។

ជាមួយគ្នានេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (អ.ស.ប) បានចេញសេចក្ដីប្រកាស​ព័ត៌មានមួយនៅថ្ងៃទី៦ ខែតុលា ដោយអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបញ្ចប់ការកាន់កាប់អំណាចផ្ដាច់មុខ និងស្ដារសិទ្ធិនយោបាយសម្រាប់សមាជិកបក្សប្រ​ឆាំង និ​ងជំរុញកា​រផ្សះផ្សាគ្នាឡើងវិញ។ លើសពីនេះ តំណាងអង្គការសហប្រជាជាតិថា រដ្ឋាភិបាលកម្ពុជា​ដែលកំពុងងាកចេញពីគន្លងប្រជាធិបតេយ្យ ត្រូវធ្វើសកម្មភាពចាំបាច់មួយចំនួន ដើម្បីពង្រីកលំហប្រជាធិបតេយ្យនិងសិទ្ធិស៊ីវិលឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ