សង្គម​ស៊ីវិល​ថា អ្នកជាប់ឃុំ​ក្នុង​បទល្មើស​គ្រឿងញៀន​ខ្លះ​មាន​សំណាង​ជាង​សកម្មជន​ដីធ្លី

លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃជំនុំជម្រះអតីតសកម្មជនបក្សសង្គ្រោះជាតិ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

ក្រុមអង្គការសង្គមស៊ីវិល ជំរុញទៅក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាល​ឱ្យអនុវត្តច្បាប់ការឃុំខ្លួនសកម្មជន​សង្គម និងឧកញ៉ាមួយចំនួន ឱ្យស្មើភាពគ្នា ខណៈអង្គការសង្គមស៊ីវិល​សង្កេតឃើញថា ការអនុវត្តច្បាប់កន្លងមកមិនស្មើភាពគ្នា។

ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីសកម្មជនសង្គមនិងដីធ្លីម្នាក់ អ្នកស្រី សាត ផា ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញ កាលពីថ្ងៃទី២៨ ខែតុលា ម្សិលមិញនេះ ក្រោយពីអ្នកស្រីបានអនុវត្តទោសនៅក្នុងពន្ធនាគារគ្រប់ចំនួនក្នុងរយៈពេល១២ខែ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍​នៅ​ថ្ងៃ​សុក្រនេះ​ថា ការអនុវត្តច្បាប់នៅកម្ពុជាមានស្ដង់ដាពីរ ដោយអ្នកធ្វើការងារសង្គម រួមទាំងសកម្មជននយោបាយ តែងតែត្រូវតុលាការកាត់ទោសដាក់ពន្ធនាគាររហូតដល់គ្រប់ចំនួនទើបដោះលែង ខណៈខ្លះទៀតអនុវត្តទោសជាប់ពន្ធនាគារជិតគ្រប់ចំនួន ទើបត្រូវតុលាការដោះលែងឱ្យនៅក្រៅឃុំវិញ បើទោះបីពួកគាត់មិនមែនជាឧក្រិដ្ឋជនដែលប្រព្រឹត្តបទល្មើសឧក្រិដ្ឋក៏ដោយ។

លើសពីនេះ លោកថា ការដាក់ទោសលើសកម្មជនសង្គមនិងសកម្មជននយោបាយនាពេលបច្ចុប្បន្ន ហាក់មិនមែនជាការអនុវត្តច្បាប់នោះទេ ​ផ្ទុយទៅវិញ វាជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដោយសារអ្វីដែលពួកគាត់បានធ្វើ ជាការអនុវត្តសិទ្ធិ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិ។​

ចំណែកអ្នកដែលប្រព្រឹត្តបទល្មើសពាក់ព័ន្ធគ្រឿងញៀននិងឧក្រិដ្ឋជនវិញ លោក ស៊ឹង សែនករុណា ថា បែរ​ជា​ត្រូវ​បាន​ដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ខណៈអ្នកខ្លះទៀតទោសរបស់​ពួកគេត្រូវបានកាត់តម្រឹមទៅវិញ។ លោកបន្តថា ការអនុវត្តច្បាប់មានស្ដង់ដារពីរបែបនេះ ជាការជំរុញឱ្យអ្នកប្រព្រឹត្តបទល្មើសមិនរាងចាល ដោយសារអាងទឹកលុយនិងមានអំណាចជាដើម។

លោកថា៖ «ចំណែកពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនទាំងអស់ហ្នឹង ​បទល្មើស គឺយើងពិនិត្យមើលទៅ​ មិនគប្បីទទួលបាននូវការ​អនុគ្រោះអីពីការអនុវត្តច្បាប់បែបហ្នឹងទេ ពីព្រោះវាជារូបភាពបង្ហាញ​ ដូចជាការលើកទឹកចិត្តទៅដល់ការប្រព្រឹត្តនូវអំពើ​ឧក្រិដ្ឋទាំងអស់ហ្នឹង។ ទោះបីជា​ឧទាហរណ៍ករណីគ្រឿងញៀន​ដូចដែលបានសួរមកអ៊ីចឹង អត់​មានត្រូវបន្ធូបន្ថយឬឱ្យនៅក្រៅឃុំទេ​ ដើម្បីបង្ហាញថា ការអនុវត្តច្បាប់ ​វាតឹងរ៉ឹងចំពោះបទឧក្រិ​ដ្ឋទាំងអស់ហ្នឹង។ ប៉ុន្តែផ្ទុយទៅវិញ បែរជាបង្ហាញនូវភាពកម្សោយក្នុងការអនុវត្តច្បាប់​ ហើយជាការលើកទឹកចិត្តឱ្យក្រុមឧក្រិដ្ឋជនទាំងអស់ហ្នឹង​ប្រព្រឹត្តបទល្មើសទាំងអស់ហ្នឹងបន្តទៀត»

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព កត់សម្គាល់ថា​ កន្លងមក រដ្ឋាភិបាលតែងតែការពារ និងអះអាងថា កម្ពុជាបាននិងកំពុងអនុវត្តទៅតាមគោលការណ៍នីតិរដ្ឋ ប៉ុន្តែនីតិរដ្ឋដែលរដ្ឋាភិបាកកំពុងអនុវត្តនេះ បានដៅមុខសញ្ញា​ចំពោះអ្នកដែលចេញមុខតវ៉ានិងរិះគន់រដ្ឋាភិបាលជាដើម ហើយពួកគាត់ត្រូវបានចាប់ខ្លួននិងផ្ដន្ទាទោសដាក់ពន្ធនាគារ។ លោកស្រីបន្តថា ការចាប់ខ្លួននិងផ្ដន្ទាទោសលើពួកគេទាំងអស់នោះ កម្រនឹងត្រូវបានតុលាការទម្លាក់ចោល​និងដោះលែងឱ្យមានសេរីភាពណាស់។

លោកស្រី ចក់ សុភាព បន្តទៀត​ថា កន្លងមក បើរឿងនេះកើតឡើងចំពោះអ្នកមានអំណាចនិងមានទ្រព្យវិញ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌តែងចេញមុខអះអាងថា បុគ្គលគ្រប់រូបត្រូវទទួលបានសិទ្ធិ​​និងសន្មតថាគ្មានទោសដរាបណាតុលាការមិនទាន់បានកាត់ទោសជាស្ថាពរនោះ។ លោកស្រីចាត់ទុកការលើកឡើងនេះថា​ជារឿងត្រឹមត្រូវនិងសំខាន់ ប៉ុន្តែចំពោះអ្នកដែលធ្វើការ​ងារ​សង្គមនិងសកម្មជនដីធ្លីវិញ មន្ត្រីក្រសួងមិនដែលចេញមុខអះអាងឡើយ។​

លោកស្រីថា៖ «តួយ៉ាង​ដូចក្រសួងយុត្តិធម៌ និងខាងតុលាការអីហ្នឹង ក្នុងការអះអាងដូចគ្នា ចំពោះសកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយ ​គឺជាញឹកញយ រដ្ឋាភិបាល​តែងតែដាក់បន្ទុករួចហើយថា ពួកគាត់បានប្រព្រឹត្តល្មើស បានជាគេចាប់​ខ្លួនឬក៏អីអ៊ីចឹង។ អ៊ីចឹងកន្លែងនេះ យើងឃើញភាពខុសគ្នា ​គេហៅថា សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ​តាមរយៈសិទ្ធិដែលគេហៅសន្មតគ្មានទោស​ ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថានពរ»។​

អតីតម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ុក (ROCK) លោកឧកញ៉ា គិត ធាង ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីអំឡុងខែមីនា ឆ្នាំ២០១៩ ហើយត្រូវសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ ពាក់ព័ន្ធនឹងការផ្ដល់ទីតាំងឱ្យប្រើប្រាស់គ្រឿងញៀន​និងជួញដូរគ្រឿងញៀន​។ លោកត្រូវតុលាការសម្រេចដោះលែងឱ្យមានសេរីភាពវិញ កាលពីខែឧសភា ឆ្នាំ២០២១ ខណៈលោកឧកញ៉ា គិត ធាង ដែលត្រូវជាបងលោកឧកញ៉ា គិត ម៉េង រូបនេះ មិនបានអនុវត្តទោសនៅក្នុងពន្ធនាគារនៅឡើយ។

ចំណែកករណីលោកឧកញ៉ា ថោង សារ៉ាត់ និងបក្ខពួកចំនួន៣នាក់ទៀត ដែលជាប់ពាក់ព័ន្ធសំណុំរឿងបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីឆ្នាំ២០១៤ ក៏ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសម្អាងថា ពួកគេមានបញ្ហាសុខភាពទ្រុឌទ្រោម និងសំណុំរឿងមានភាពស្មុគស្មាញ។

លោកស្រី ចក់ សុភាព បន្តថា សម្រាប់លក្ខខណ្ឌនៃការឃុំខ្លួនដើម្បីរង់ចាំការជំនុំជម្រះក្ដីវិញ ក៏មានការអនុវត្តផ្សេងគ្នាដែរចំពោះសកម្មជនធ្វើការសង្គមនិងសកម្មជននយោបាយ។ ជាទូទៅ នៅពេល​ពួកគាត់ប្រឈមនឹងបទចោទនោះ តុលាការតែងសម្រេចឃុំខ្លួននៅពន្ធនាគារ ប៉ុន្តែ​អ្នកមានអំណាចនិងមានទ្រព្យសម្បត្តិវិញ កម្រនឹងត្រូវបានតុលាការឃុំខ្លួនណាស់ ជាក់ស្ដែងដូចជាករណីប្រើប្រាស់អំពើហិង្សាលើស្ត្រី និងការរំលោភបំពានផ្លូវភេទ ជាដើម។​

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចាត់ទុកការលើកឡើងរបស់សង្គមស៊ីវិលនេះថា ធ្វើឡើងផ្ទុយនឹងគោលការណ៍ច្បាប់ ដែលធ្វើឱ្យការសម្រេចសេចក្ដីមានការរើសអើង និងការបែងចែកទៅតាមប្រភេទបទល្មើស។

លោកថា៖ «ការសម្រេចសេចក្ដីមានការបែងចែកទៅតាមប្រភេទបទល្មើស តាមប្រភេទក្រុមជនល្មើស ជាគោលការណ៍ច្បាប់ គេមិនឱ្យបែងចែកអ៊ីចឹងទេ មិនសំខាន់ជនល្មើសជានរណាទេនិងប្រភេទបទល្មើសទេ សំខាន់ការសម្រេចសេចក្ដីផ្អែកទៅលើអង្គហេតុនិងអង្គច្បាប់ ស្ថានភាពនៃបទល្មើស រួមទាំងមូលដ្ឋានភស្តុតាង សក្ខីសកម្មផ្សេងៗដែលមានជាធរមាន ដែលកើតចេញពីការស្រាវជ្រាវនិងស៊ើបអង្កេតរបស់សមត្ថកិច្ច។ ហើយការសម្រេចសេចក្ដី វាអត់ដូចគ្នាទេ ទៅតាមស្ថានភាពនៃបទល្មើសនីមួយៗ ហើយការសម្រេចយ៉ាងម៉េច វាជាឆន្ទានុសិទ្ធិរបស់ចៅក្រម»

ការសិក្សាថ្មីមួយរបស់គម្រោងនីតិរដ្ឋពិភពលោក (World Justice Project) បានវាយតម្លៃថា នីតិរដ្ឋនៅកម្ពុជាបានធ្លាក់ចុះទាបជាងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ស្ថិតក្នុងចំណាត់ថ្នាក់ទី១៣៨ ក្នុងចំណោមប្រទេស១៣៩ នៃគម្រោងដែលបានសិក្សា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ