ក្រសួង​វប្បធម៌​អនុញ្ញាត​ឱ្យ​ចូល​ទស្សនា​សារមន្ទីរ រោងភាពយន្ត និង​រោងសម្ដែង​សិល្បៈ​ឡើងវិញ

ទិដ្ឋភាពនៅរោងភាពយន្ត Major Cineplex ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។ (អ៊ុយ សុធា)

ក្រសួង​វប្ប​ធម៌​ និង​វិ​ចិត្រ​សិល្បៈ​ បាន​ប្រកាស​បើក​ដំ​ណើរ​ការ​ឡើង​វិញ​នូវ​ការ​ចូល​​ទស្សនា​​សារ​មន្ទី​រ រោង​​ភាព​​យន្ត និង​រោង​សម្ដែង​សិល្បៈ ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​ ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​តុ​លា ឆ្នាំ​២០២១​នេះ​​ទៅ។

យោង​តាម​សេចក្ដីជូន​ដំ​ណឹង​របស់​ក្រសួង​វប្បធម៌ ​និងវិចិត្រ​សិល្បៈ​ បាន​បញ្ជាក់​កាលពីថ្ងៃម្សិលមិញ​ថា ការ​​បើក​​ដំណើរ​ការ​ឡើង​វិញ​នូវ​ការ​​ទ​ស្សនា​សារមន្ទី​រ រោង​ភាព​យន្ត និង​រោង​សិល្បៈ​នេះ ត្រូវធ្វើឡើង​ដោយ​​​ប្រតិ​បត្តិនិង​អនុ​វត្តយ៉ាង​តឹង​រ៉ឹង​​នូវ​គោលការណ៍​ប្រ​តិបត្តិ​ស្ដង់​ដារ ​(SOP) និង​វិធាន​សុខា​ភិ​បាល ក្នុងនោះ​​​ អ្នកចូលទស្សនាចាប់ពីអាយុ៦ឆ្នាំ​ឡើងទៅ ត្រូវតែបង្ហាញកាតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងស្កេនកូដ QR។

បន្ថែម​ពី​នោះ​ ក្រសួងបានណែនាំឱ្យ​​​ពាក់​ម៉ាសការពារជានិច្ច​​ វាស់​កម្ដៅចំពោះ​​ទស្សនិកជន​គ្រប់រូប ដែល​ចេញចូល​ក្នុង​បរិវេណ​រោងភាពយន្តឬ​រោង​សម្ដែង​សិល្បៈ ខណៈការ​ទិញ​សំ​បុត្រ​ ក្រសួង​លើក​ទឹក​ចិត្ត​ឱ្យទស្សនិក​ជន​​ទិញ​តាម​​ប្រ​ព័ន្ធ​អនឡាញ (online) ឬតាម​អែប (App) របស់​រោង​ភាពយន្ត ​ឬរោង​​សម្ដែង ដើម្បី​​កាត់​​បន្ថយ​ការ​លក់​សំ​​បុត្រ​ដោយ​ផ្ទាល់។ ចំពោះ​ការ​ទិ​ញ​អាហា​រសម្រន់ ត្រូវរក្សា​អនាម័យ​ឱ្យ​​បាន​ខ្ពស់ រោង​ភាព​យន្តឬ​រោង​សម្ដែង ​ត្រូវ​រក​វិ​ធាន​ការ​បង់​ប្រាក់​ដែល​ចៀស​វាង​ការ​បង់​ប្រាក់​ដោយ​ផ្ទាល់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លើស​ពី​នេះ​ ក្រសួងបាន​​​​តម្រូវ​ឱ្យ​កាត់​បន្ថយ​ម៉ោង​បញ្ចាំង​ឬសម្ដែង ដើម្បី​ទុក​ចន្លោះ​ពេល​យ៉ាង​តិច​៣០​នាទី​​ដើម្បី​សម្អាត ​ត្រូវ​​អនុញ្ញាត​ឱ្យ​ទស្សនិកជន​ចូល​បានតែ៥០​ភាគរយនៃ​ចំនួន​កៅអី​សរុប​តែប៉ុណ្ណោះ​ នៅក្នុង​រោង​បញ្ចាំង​​ឬ​រោង​សម្ដែង​សិល្បៈនីមួយៗ និង​ត្រូវ​រក្សា​គម្លាតរវាង​ទស្សនិកជន​ពី​ម្នាក់​ទៅ​ម្នាក់ទៀតយ៉ាងតិចចន្លោះ​មួយ​ម៉ែត្រ​​កន្លះ។ ជាមួយគ្នា​នោះ ទ្វារ​នៃ​រោង​ប​ញ្ចាំង ​រោង​សម្ដែង​សិល្បៈ ត្រូវ​ទុក​ឱ្យ​ចំហ ​មុននឹង​ចាប់​ប​ញ្ចាំ​ង​ភាពយន្តឬ​សម្តែងសិល្បៈ​ម្តងៗ និងត្រូវ​រក្សា​សីតុណ្ហភាព​ក្នុង​រោង​ប​ញ្ចាំង​ឬ​រោង​សម្ដែង​សិល្បៈ ជា​មធ្យម​ចន្លោះ​ពី២៤ទៅ៣០អង្សា។

ដោយឡែក ​រដ្ឋបាលរាជធានីភ្នំពេញវិញ កាលពីថ្ងៃម្សិលមិញ បាន​ប្រកាស​បន្តផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រួមមាន ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក និងការជួបជុំឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ