កម្ពុជា​នឹង​ចុះ​ត្រជាក់​រយៈពេល​មួយ​សប្ដាហ៍​ចាប់​ពី​ថ្ងៃ​ទី៩ ខែវិច្ឆិកា

ចរាចរណ៍តាមដងផ្លូវមួយកន្លែងនៅក្រុងភ្នំពេញ ខណៈមេឃកំពុងបង្អុរភ្លៀងនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។ (ហង់ សុខហុង)

ក្រសួងធនធាន​ទឹក​ និងឧតុនិយម ឱ្យដឹងថា កម្ពុជានឹងចុះត្រជាក់ក្នុងរង្វង់​២០-២២អង្សា រយៈពេលមួយសប្ដាហ៍ ដោយគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក នៅថ្ងៃទី​០២​ ខែវិច្ឆិកា ឆ្នាំ២០២១ បាន​ឱ្យដឹងថា​ កម្ពុជានឹង​​ទទួល​​ឥទ្ធិល​ចំនួន៣​ជាបន្ត​បន្ទាប់ ​ដូចជា ឥទ្ធិពល​សម្ពាធខ្ពស់ចិន ចាប់ពីថ្ងៃទី​៣ ដល់ថ្ងៃទី៤ ខែវិច្ឆិកា, ឥទ្ធិពលជ្រលង​​សម្ពាធ​ទាបប៉ាស៊ីហ្វិក ចាប់​ពី​ថ្ងៃទី​​៥ ដល់​ថ្ងៃទី៨ ខែវិច្ឆិកា និង​​ឥទ្ធិពល​​ពីមូសុង​​ឦសានក្នុងកម្រិតមធ្យម ដែលអាចធ្វើឱ្យសីតុណ្ហភាពអប្បបរមាធ្លាក់ចុះរយៈពេលមួយសប្ដាហ៍​ ក្នុងរង្វង់២០-២២អង្សា​ រួមទាំងខ្យល់ត្រជាក់បក់ពីទិសឦសានផងដែរ។

ស្ថានភាពនេះ ក្រសួងថា នឹងធ្វើឱ្យ​បណ្ដាខេត្តនៅទំនាបកណ្ដាល​​អាចមានភ្លៀងលាយឡំផ្គរ រន្ទះ ក្នុងកម្រិត​ខ្សោយ​ទៅមធ្យម ក្នុងនោះ បណ្ដាខេត្ត-រាជធានី​នៅផ្នែក​ខាង​ក្រោម និង​ខេត្តជាប់ព្រំប្រទល់ជាមួយប្រទេសវៀតណាម នឹងអាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ ពីកម្រិតតិចទៅបង្គួរ។ ដោយឡែក បណ្ដាខេត្តជាប់​ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ​អាចមានភ្លៀងតិចតួច និងតំបន់មាត់សមុទ្រ​អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ។

​​​កាលពីថ្ងៃទី​០៨​ ខែមករា ឆ្នាំ២០២១ ក្រសួងធនធាន​ទឹក​ និងឧតុនិយម ធ្លាប់ចេញ​សេចក្ដីជូនដំណឹង​ម្ដងរួចមក​ហើយអំពីការចុះត្រជាក់នៅកម្ពុជា ដោយធ្លាក់ចុះដល់​​១១អង្សាទៅ១៣​អង្សា សម្រាប់​តំបន់ជួរភ្នំដងរែក និង​តំបន់​ខ្ពង់​រាប​ភាគ​ឦសាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ