អត្ថបទ​ទស្សនៈ​៖ សុបិន​ចង់​ក្លាយ​ជា​មហា​អំណាច​ភូមិភាគ​កណ្ដាល​របស់​ចិន​ក្រោម​អធិរាជ​ក្រហម ស៊ី ជីនពីង

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើរកាត់ក្បួនទ័ព ខណៈលោកមកដល់ពិធីមួយនៅទីលាន ធានអានម៉ិន (Tiananmen Square) ទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ REUTERS/Carlos Garcia Rawlins)

ចិន ស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ពេញចិត្ត​នយោបាយការបរទេសបុរេសកម្ម (proactive)​ ដើម្បីចិនខ្លាំងក្លា​ និងជាប្រទេសអ្នកមាន​ ព្រមទាំងមានសមត្ថភាពការពារខ្លួនឯងផង​ ហើយអាចក្ដោបក្រសោបជោគវាសនារបស់ខ្លួននៅចំកណ្ដាលបេះដូងនៃសុបិនរបស់ចិនផង​។​ ចិនដែលក្លាយជាប្រទេសអ្នកមាននិងមានអំណាច​ កំពុងមានបំណងជំនួសអាមេរិកជាមហាអំណាចអាស៊ី​។ អត្ថបទនេះនឹងវិភាគពីយុទ្ធសាស្ត្ររបស់ ស៊ី ជីនពីង និងផលបច្ច័យរបស់វាដែលរារាំងដល់ការសម្រេចក្ដីសុបិនជាម្ចាស់អាស៊ីនេះ។

ប្រធានាធិបតីចិន ស៊ី ជីនភីង បានដាក់ចេញយុទ្ធសាស្ត្រភូមិសាស្ត្រសេដ្ឋកិច្ច ដែលគេស្គាល់ជាទូទៅថា “គម្រោង​ខ្សែក្រវាត់និងផ្លូវ” (Bell and Road Initiative)​ ​ដែលត្រូវបានអ្នកសិក្សាយុទ្ធសាស្ត្រមើលឃើញថា​ ជាការប្រើប្រាស់ភូមិសាស្ត្រសេដ្ឋកិច្ចដើម្បីបំពេញមហិច្ឆតាភូមិសាស្ត្រនយោបាយ។

គម្រោងនេះមាន៩០០គម្រោង ដែលមានទឹកប្រាក់រហូតដល់១,៤ទ្រីលានដុល្លា​រ។​ វាអាចត្រូវបានគេមើលឃើញថា ជាផែនការកេណ្ឌ (Marshal Plan) របស់ចិន។ គោលដៅរបស់ចិន​ គឺបង្កើតសំណាញ់សម្ព័ន្ធមិត្តមិនផ្លូវការ​ ដែលត្រូវបានចាក់ប្រេងរំអិលដោយលុយមហាសាលរបស់ចិន​ ហើយនៅពេលដែលប្រទេសជិតខាងរបស់ខ្លួនកាន់តែពឹងអាស្រ័យខ្លាំងឡើងៗទៅលើសេដ្ឋកិច្ចរបស់ខ្លួន​ ក្រុងប៉េកាំង​ជឿជាក់យ៉ាងមុតមាំថា ទម្ងន់ភូមិសាស្ត្រនយោបាយរបស់​ខ្លួននឹងត្រូវបានពង្រឹងឡើងវិញ។ បេសកកម្ម​របស់អធិរាជក្រហមចិន ​គឺធ្វើឱ្យ​ចិនក្លាយជាអនុត្តរភាពតំបន់អាស៊ីប៉ាស៊ីហ្វិក​ ដែលលោក ស៊ី ជីនពីង​ ចាត់ទុកថា​ជាទីតាំងធម្មជាតិនិងប្រវត្តិសាស្ត្ររបស់ខ្លួន។​

តើចិនអាចសម្រេចក្ដីសុបិននេះបានដែរឬទេ?

ក្រោយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ចិន ដើម្បីបើកលទ្ធភាពឱ្យលោក ស៊ី ជីនពីង កាន់អំណាចគ្មានពេលកំណត់ គេមើលឃើញថា លោកស៊ីបានក្ដោបអំណាចចិនទាំងស្រុង ដែលដើរខុសពីគោលនយោបាយរបស់បិតាកំណែទម្រង់ចិន លោក តេង ស៊ីវពីង ដែលចែងអំពីវិធាននៃ “ភាពជាអ្នកដឹកនាំរួម និងការបែងចែកការងារ” នៅក្នុងការិយាល័យនយោបាយមជ្ឈិមរបស់បក្សកុម្មុយនីស្តចិន។

ជាការពិតណាស់ លោក ស៊ី មានគោលដៅស្នូល “១០០ឆ្នាំពីរ” ពោលគឺទីមួយ ដើម្បីកសាងសង្គមដែលមានភាព​​​​​​​​រីកចម្រើនល្មមសម្រាប់ប្រទេសចិននៅឆ្នាំ២០២១ នៅពេលដែលបក្សកុម្មុយនីស្តចិនប្រារព្ធខួប១០០ឆ្នាំនៃការបង្កើតរបស់ខ្លួន និងទីពីរ ដើម្បីកសាងប្រទេសចិនមួយដែលជា “ប្រទេសដ៏រឹងមាំ ស្ដុកស្ដម្ភ និងទំនើប” នៅឆ្នាំ២០៤៩ នៅពេលដែលសាធារណរដ្ឋប្រជាមានិតចិនប្រារព្ធខួបរបស់ខ្លួននោះ។

ប៉ុន្តែលោក ស៊ី បានចាកចេញពីយុទ្ធសាស្ត្រឆ្លាតវៃ ដែលអាចនាំចិនបន្តរះត្រដែតឡើងដោយសន្តិភាព។ និយាយឱ្យ​ចំ ចិនរបស់លោក ស៊ី មិនបានដើរតាមយុទ្ធសាស្ត្ររបស់លោក តេង ស៊ីវពីង ដែលដាក់ចេញនូវគោលនយោបាយដាក់ខ្លួនឱ្យទាប រង់ចាំឱកាសល្អ និងចៀសវាងការជាប់ទាក់ទិននឹងជម្លោះអន្តរជាតិ។

មុនឆ្នាំ២០០៩ ចិនបានអនុវត្តគោលនយោបាយរបស់ តេង ស៊ីវពីង ដ៏មានប្រសិទ្ធភាព ដោយមិនបានបង្កើតការភ័យខ្លាចដល់ប្រទេសជិតខាងនិងសហរដ្ឋអាមេរិកនោះទេ។ ប៉ុន្តែក្រោយឆ្នាំ២០០៩ ចិនបានពាក់ព័ន្ធនឹងជម្លោះទឹកដីបន្តឥតដាច់ជាមួយប្រទេសជិតខាង រួមមាន ប្រទេសជប៉ុន ឥណ្ឌា និងប្រទេសមួយចំនួននៃសមាជិកអាស៊ាន។

អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ លោក រ៉ូប៊ឺត ចេ. អាត (Robert J. Art) បានអះអាងថា សង្គ្រាមមហាអំណាចភាគច្រើន ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ បណ្ដាលមកពីការកើនឡើងនូវមហិច្ឆតានៃមហាអំណាចដែលកំពុងរះឡើង ដើម្បីផ្លាស់ប្ដូរបទដ្ឋាននិងវិធាននៃនយោបាយអន្តរជាតិតាមការចង់បានរបស់ខ្លួន។

ប្រទេសចិនសព្វថ្ងៃ គឺជាមហាអំណាចតំបន់មួយដែលកំពុងតែរះឡើង ដើម្បីប្រជែងជាមួយសហរដ្ឋអាមេរិក។ ហេតុដូច្នេះ អ្វីដែលចិននឹងព្យាយាមធ្វើដំបូងគេ គឺត្រូវក្លាយខ្លួនជាប្រទេសអនុត្តរភាពតំបន់អាស៊ី ដែលមានន័យថា ចិនចង់មានអំណាចខ្លាំងជាងប្រទេសជិតខាងទាំងអស់ជាមុនសិន ហើយទើបរុញច្រានសហរដ្ឋអាមេរិកចេញពីតំបន់អាស៊ីប្រកបដោយប្រសិទ្ធភាព។

នៅពេលដែលចិនអាចធ្វើបាន ចិននឹងចាប់ផ្ដើមគិតអំពីការពង្រាយអំណាចរបស់ខ្លួននៅជុំវិញពិភពលោក។ ប្រទេសចិនកំពុងព្យាយាមពង្រីកឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ខ្លួនហួសពីដែនសមុទ្រអាស៊ីបូពា៌​ ដោយការកសាង “ខ្សែគុជ” ដែលលាតសន្ធឹងពីឆ្នេរសមុទ្រចិនឆ្លងកាត់តាមសមុទ្រចិនខាងត្បូង, ច្រកសមុទ្រម៉ាឡា, មហាសមុទ្រឥណ្ឌា និងការធ្វើទំនើបកម្មយោធារបស់ចិន ជាពិសេសកងទ័ពជើងទឹកវាយលុក ដើម្បីគ្រប់គ្រងនិងការពារព្រំដែនសមុទ្ររបស់ខ្លួន ប្រសិនបើសង្គ្រាមមិនអាចជៀសរួចនាពេលអនាគតកើតមានឡើងនោះ។

នៅក្នុងប្រព័ន្ធអន្តរជាតិពហុប៉ូលដែលចរិតដោយការប្រជែងសន្តិសុខស្រួចស្រាវរបស់មហាអំណាច និងការមិនទុកចិត្តគ្នាក្នុងចំណោមមហាអំណាច ការរះត្រដែតឡើងរបស់ចិនជាមហាអំណាចអនុត្តរភាពតំបន់ថ្មី ក្នុងសតវត្សរ៍ទី២១ នឹងប្រហែលជាមិនរះឡើងដោយសន្តិភាពនោះទេ។

យោងតាមប្រវត្តិសាស្ត្រ សហរដ្ឋអាមេរិកមិនដែលអត់ឱនចំពោះការរះឡើងនៃដៃគូប្រជែងរបស់ខ្លួននោះទេ ដូច​ដែលសហរដ្ឋអាមេរិកបានធ្វើចំពោះចក្រភពអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី១, ណាហ្ស៊ីអាល្លឺម៉ង់, ចក្រភពជប៉ុន ក្នុងសង្គ្រាមលោកលើកទី២ និងសហភាពសូវៀត ក្នុងសម័យសង្គ្រាមត្រជាក់ ជាដើម៕

រៀបរៀងដោយបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
——————
សូមបញ្ជាក់ថា រាល់ខ្លឹមសារនៃអត្ថបទនេះមិនឆ្លុះបញ្ចាំងពីទស្សនៈឬគោលជំហររបស់ វីអូឌី ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ