តុលាការ​សម្រេច​ឃុំខ្លួន​មន្ត្រី​អាវុធហត្ថ​ក្រុងក្រចេះ​២​នាក់​ជា​បណ្ដោះ​អាសន្ន ពាក់ព័ន្ធ​ករណី​ហិង្សា​លើ​កុមារី​២​នាក់

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះលោក ទេព ហ៊ុយ អង្គុយក្នុងបន្ទប់នៃបញ្ជាការដ្ឋានកាលពីខែកក្កដា ឆ្នាំ២០២១។(មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងក្រចេះ)។

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ សម្រេចឃុំខ្លួនមេបញ្ជាការ និងមេបញ្ជាការរងកងរាជអាវុធហត្ថក្រុង​ក្រចេះ ជាបណ្ដោះអាសន្ន ដោយចោទពី «បទប្រើហិង្សាដោយចេតនា បទទារុណកម្ម និងអំពើឃោរឃៅ មានស្ថានទម្ងន់ទោស» ដែលប្រព្រឹត្តទៅលើកុមារី២នាក់ កាលពីចុងខែតុលាកន្លងទៅ។ ​

ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួនពីរដាច់ដោយឡែកពីគ្នារបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ លោក ឡេង ស៊ុនសុជាតិ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ​បានសម្រេចឃុំខ្លួនមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ លោក ទេព ហ៊ុយ និងមេបញ្ជាការរងកងរាជអាវុធហត្ថក្រុងក្រចេះ លោក ​គឹ​ម​ សុវណ្ណ​រិ​ទ្ធ ដើម្បីធ្វើការស៊ើបសួរបន្ត ក្នុងសំណុំរឿងហិង្សាដោយចេតនាទៅលើក្មេងស្រី២នាក់ដែលជាអ្នក​បម្រើការ​ងារ​​នៅក្នុងផ្ទះ។

សេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តក្រចេះ កាលពីម្សិលមិញ អះ​អាង​ថា លោក ទេព ហ៊ុយ អាយុ៤២​ឆ្នាំ ត្រូវ​បាន​ចោទ៣បទល្មើស រួមមាន ទារុណកម្ម និង​អំពើ​ឃោរឃៅ​មាន​ស្ថាន​ទម្ងន់ទោស​ ​ហិង្សាដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ​និង​គំរាមកំហែង​ថា​នឹង​សម្លាប់ តាម​បញ្ញត្តិ​មាត្រា​២១១, ២១៩, ២៣៣ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា។

ប្រភពដដែលបន្តថា ចំណែក​មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងក្រចេះ លោក ​គឹ​ម​ សុវណ្ណ​រិ​ទ្ធ ដែលជាគូ​កន​នោះ ត្រូវ​បាន​ចោទ​​ពី «បទ​ហិង្សា​​ដោយ​​ចេតនា ​មាន​ស្ថាន​ទម្ងន់ទោស»​​ តាម​បញ្ញត្តិ​មាត្រា២១៩ នៃ​ក្រមព្រហ្មទណ្ឌ។

អយ្យការអមសាលាដំបូងខេត្តសរសេរថា៖ «បន្ទាប់ពីទទួលបានសំណុំរឿងខាងលើ ចៅក្រមស៊ើបសួរបានចាត់ការតាមនីតិវិធី និងសម្រេចឃុំខ្លួនបណ្ដោះអាសន្នលើជនត្រូវចោទ ឈ្មោះ ទេព ហ៊ុយ តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ២៦៣ ឃ.ខ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ និងឈ្មោះ គឹម សុវណ្ណរិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ២៦៤ ឃ.ខ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅពន្ធនាគារខេត្តក្រចេះ ដើម្បីធ្វើការស៊ើបសួរបន្ត»។

ស្ត្រីម្នាក់ដែលអះអាងថាជាម្ដាយរបស់កុមារីរងអំពើហិង្សាម្នាក់ក្នុងចំណោម២នាក់ អ្នកស្រី គិន សុខ ប្រាប់ វីអូឌី នៅ​ថ្ងៃទី២ ខែវិច្ឆិកានេះថា គាត់មិននឹកស្មានថាមានការអន្តរាគមន៍​ពីអាជ្ញាធរពាក់ព័ន្ធនោះទេ ដោយ​​គិតថាគ្រួសារ​ខ្លួន​ក្រីក្រ ខណៈជនបង្កនិងសាច់ញាតិវិញសុទ្ធតែជាអ្នកមានមុខតំណែងនិងតួនាទីធំៗក្នុងជួររដ្ឋាភិបាល។

យ៉ាងណា អ្នកស្រីថា គ្រួសាររបស់​គាត់នៅតែមានការព្រួយបារម្ភខ្លះដែរ ដោយសារមាន​ជន​មិនស្គាល់អត្តសញ្ញាណ​​ជិះតាមពីក្រោយនិងក្រវែលមុខផ្ទះ ក្រោយពីថ្ងៃមាន​បញ្ហាជាមួយ​មេប៉េអឹមក្រុងមក។

អ្នកស្រី គិន សុខ និយាយថា៖ «ពួកខ្ញុំឈប់ គេឈប់! ពួកខ្ញុំជិះមក គេតាមពីក្រោយ។ ដល់ពេលខ្ញុំឈប់ទៀត គេឈប់ទៀតដែរ! អ៊ីចឹងពួកខ្ញុំមានអារម្មណ៍អត់ស្រួលទេ មានគេ​តាមយើងហើយ។ អារម្មណ៍ខ្ញុំខ្លាចថា គេធ្វើសកម្មភាពមិនឱ្យយើងដឹង! តែអានេះ ​ពួកខ្ញុំមិន​បានចោទប្រកាន់គេទេ! យើងមិនដឹងដូចគ្នា តែតាំងពីមានរឿងជាមួយគាត់មក មានម៉ូតូតាម​ដានសកម្មភាពពួកខ្ញុំ មិនថាចេញឬចូលផ្ទះថ្មើរណា»។

អ្នកស្រីបន្តថា យុត្តិធម៌ដែលគាត់ចង់បាន គឺចង់ឃើញជនបង្កត្រូវបានផ្ដន្ទាទោសតាមច្បាប់ និងផ្ដល់សំណង​សមរម្យដល់​គ្រួសារពួកគាត់ដែលជាជនរងគ្រោះ។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ​សាទរចំពោះការឃុំខ្លួនជនបង្ក ដោយថា ករណីនេះជាបទល្មើសព្រហ្មទណ្ឌ ដែលសមត្ថកិច្ចត្រូវតែចាត់វិធានការតាមនីតិវិធី។ យ៉ាងណា លោកថា នឹងរង់ចាំមើលត​ទៅទៀត ដើម្បីឱ្យប្រាកដថា តុលាការចាត់ការស្របតាមច្បាប់ និងចៀសវាងនិទណ្ឌភាពកើតមានឡើង។

លោក​បន្តថា៖ «បើសិនជាមានការតាមអ៊ីចឹង ហើយគាត់មានអារម្មណ៍ចម្លែកក្នុងខ្លួន ហើយគាត់មិនទុកចិត្តពីសុវត្ថិភាពខ្លួនឯង គាត់គួរតែរាយការណ៍ប្រាប់ទៅសមត្ថកិច្ចនិងអង្គការផ្សេងៗដែលមានការពាក់ព័ន្ធ ដើម្បីឱ្យគេជួយតាមដាននិងជួយការពារសុវត្ថិភាពគាត់»។

លោក នី សុខា ថាដើម្បីបញ្ចៀសករណីហិង្សាលើកុមារបែបនេះទៀត រដ្ឋាភិបាលគួរពិនិត្យឡើងវិញនូវអនុសញ្ញា​ស្ដីពី សិទ្ធិកុមារ ដែលរដ្ឋាភិបាលកម្ពុជាក៏បានចុះហត្ថលេខាជាសមាជិកនៃអនុសញ្ញានោះផងដែរ។ លោក​ថា ការ​យកកុមារទៅប្រើប្រាស់ក្នុងន័យមួយដែលហួសពីលទ្ធភាព គឺជារឿងត្រូវចៀសវាង ហើយរដ្ឋាភិបាលត្រូវចាត់វិធានការ​ច្បាប់លើអ្នករំលោភសិទ្ធិកុមារទាំងនោះឱ្យខានតែបានផងដែរ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ