តៃវ៉ាន់​នឹង​ពង្រឹង​វិស័យ​ការពារជាតិ​បន្ថែម​ទៀត ខណៈ​ភាព​តានតឹង​ជាមួយ​ចិន​កើន​ឡើង

មេដឹកនាំ​តៃវ៉ាន់ លោកស្រី Tsai Ing​-Wen ចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបទី២៣ «សមរភូមិកាំភ្លើងធំ (砲戰追思)» ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០។ (ហ្វេសប៊ុក 蔡英文 Tsai Ing-wen)

ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួននឹងជំរុញការហ្វឹកហ្វឺនកងកម្លាំងបម្រុងរបស់ខ្លួនបន្ថែមទៀតនៅឆ្នាំក្រោយ ដែលរួមទាំងការពង្រឹងលំហាត់ប្រយុទ្ធនិងបាញ់ ខណៈប្រទេសចិនបានបង្កើនសកម្មភាពយោធានានានៅជិតដែនកោះរបស់ខ្លួន។

ភាពតានតឹងរវាងតៃវ៉ាន់ និងចិន បានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ខណៈ​ចិនបានព្យាយាមបង្កើនសម្ពាធយោធាមួយចំនួន រួមមាន សកម្មភាពពីសំណាក់កងទ័ពអាកាសរបស់ខ្លួនម្ដងហើយម្ដងទៀតនៅក្នុងដែនអាកាសតៃវ៉ាន់។

កាលពីខែមុន រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ ​លោក​ Chiu Kuo-cheng​ ធ្លាប់​​ចាត់​ទុកស្ថានភាពនេះថាជាករណី «ធ្ងន់ធ្ងរបំផុត» ក្នុងរយៈពេលជាង៤០​ឆ្នាំ ហើយ​​លោកក៏បានជំរុញឱ្យមានការចំណាយ​លើវិស័យយោធាបន្ថែមទៀតផងដែរ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់ការលើកឡើងរបស់ក្រសួងការពារជាតិ​តៃវ៉ាន់ ដែលបានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ចាប់ពីឆ្នាំក្រោយទៅ ការហ្វឹកហ្វឺនបន្ថែមដែលជាកាតព្វកិច្ចសម្រាប់កងកម្លាំងបម្រុងមួយចំនួន នឹងត្រូវបង្កើនដល់រយៈពេល១៤​ថ្ងៃ ពី៥ទៅ៧​ថ្ងៃ​នាពេលបច្ចុប្បន្ន ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធប្រកបដោយប្រសិទ្ធភាពនៃកងកម្លាំងបម្រុងរបស់ខ្លួន។

សេចក្ដីថ្លែងការណ៍ដដែលបន្តថា ការបន្ថែមរយៈពេលនៃការហ្វឹកហ្វឺននេះក៏នឹងត្រូវបង្កើនការចំណាយទ្វេដងលើចំនួនគ្រាប់កាំភ្លើង​ដែលពួកគេត្រូវបាញ់ក្នុងសមយុទ្ធនានារបស់ពួកគេផងដែរ។

គួរបញ្ជាក់ថា ប្រទេសចិននៅតែបន្តអះអាងថា កោះតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន ហើយបាននិងកំពុងបង្កើនសម្ពាធកាន់តែខ្លាំងឡើងលើដែនកោះមួយនេះ ខណៈដែលសកម្មភាពរបស់ចិននេះក៏ត្រូវបាន​ថ្កោលទោសដោយអន្តរជាតិផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ