តុលាការ​ដំណើរការ​នីតិវិធី​សំណុំរឿង​ប្រើហិង្សា​លើ​អ្នកសារព័ត៌មាន​នៅ​ខេត្តសៀមរាប

ទិដ្ឋភាពីមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប-Siem Reap Provincial Police)

សាលាដំបូងខេត្តសៀមរាប ចេញដីកាកោះហៅជនសង្ស័យ៤រូបនិងបក្ខពួកឱ្យបង្ហាញខ្លួននៅតុលាការ ដើម្បីឆ្លើយបំភ្លឺពីដំ​ណើររឿងហិ​ង្សា​​​​ដោ​យ​ចេ​តនា​មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុងស្រុកសូទ្រនិគម កាលពីជាង៧ខែមុន ទៅ​លើអ្នកសារព័ត៌មាន។

កា​លពី​ថ្ងៃទី២៩ ​​ខែ​​មីនា ​ឆ្នាំ២០២១ អ្នកសារព័ត៌មាន៣រូបបានចុះទៅថតរូបកន្លែងបើកឱ្យលេង​ល្បែង​បៀរ​ខុសច្បា​​​​ប់​មួយ​ក​ន្លែ​ង ​នៅភូមិ​ឈូក​ ឃុំ​ខ្នារពោធិ៍ ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប។ ក៏ប៉ុន្តែនៅពេលចុះថត អ្នកសារព័ត៌មានទាំងនោះ​ត្រូវបាន​មនុស្សមានគ្នា​​ពី​៦ទៅ៧នាក់ព្រួតវាយនិងដកហូតយកកាមេរ៉ា ដែលហិង្សានៅពេលនោះបង្កឱ្យអ្នករាយការណ៍ព័ត៌មានឱ្យទូរទស្សន៍ B​​TV ឈ្មោះ​ បូ សាវី រងរបួស ខ​​ណៈ​អ្នកសារព័ត៌មាន២នាក់ទៀតនៅស្ថាប័នផ្សេងគ្នា គេចផុតពីការប្រើអំពើហិង្សានេះ។ លោ​ក បូ សាវី ដែលជាជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងទៅស្ថាប័នពាក់ព័ន្ធ ស្វែងរកយុត្តិធម៌ចាប់ពីពេ​លនោះមក។

តាមដីកាកោះ ចុះថ្ងៃទី២៥ ខែ​កញ្ញា ឆ្នាំ២០២១ ដែលចេញដោយចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀ​ម​រាប លោក នូ វាសនា បាន​បញ្ជាក់​ថា ការ​កោះហៅនេះ «ដើម្បីឆ្លើយបំភ្លឺពីដំណើរឿងហិង្សាដោ​​យចេ​ត​នាមានស្ថានទម្ងន់ទោស និងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ ប្រព្រឹត្តនៅចំណុច​ទួលត្រ​ពាំង​តាតែ ភូ​មិ​ឈូក ស្រុកសូ​ទ្រនិ​គម» ហើយអ្នកទាំង៤ ត្រូវចូលបំភ្លឺនៅរសៀល​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមដីកាកោះដដែល បុរសជា​ជនសង្ស័យដែលត្រូវចូលបំភ្លឺនោះ រួម​មាន ឈ្មោះ ជា ស៊ាង អាយុ៥១ឆ្នាំ, ព្រឿន ប្រី អាយុ៤៩ឆ្នាំ និងបក្ខពួក រួមទាំង​ឈ្មោះ វឿន វ៉ាត់ អាយុ៤១ឆ្នាំ ពួកគេរស់នៅក្នុ​ង​ខេត្តសៀមរាបទាំងអស់គ្នា។

បុរសទាំង៤នាក់ដែលតុលាការកោះហៅ ​មិនអាចរកការបញ្ជាក់បាននៅឡើយទេ គិតត្រឹមថ្ងៃពុធនេះ។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង មានប្រសាសន៍ថា តុលាការពិតជាបានកោះហៅជន​ត្រូវចោទទាំងនោះមែន ប៉ុន្តែនៅពេលសួរថា តើតុលាការបានទទួលដំណឹងថាបុរសទាំងនោះនឹងបង្ហា​ញខ្លួននៅតុលាការតាមដីកាកោះនេះទេ លោកថា «នេះជាសិទ្ធិរបស់ជនត្រូវចោទ»

អ្នកសារព័ត៌មាននៅទូរទស្សន៍ BTV និងជាដើមបណ្ដឹង លោក បូ សាវី អះអាងថា លោកចង់ឃើញជនដៃដ​ល់​ដែលព្រួតគ្នាវាយលោក ត្រូវបានកាត់ទោសតាមច្បាប់ ខណៈលោកកំពុងព្រួយបារម្ភពីសុវត្ថិភាព ដោ​​យសារតែជនដៃដល់នៅមានសេរីភាពនៅឡើយ។

លោកថា៖ «អ៊ីចឹង ខ្ញុំក៏ចង់បាននូវភាពយុត្តិធម៌ដែរ ហើយស្នើឱ្យតុលាការហ្នឹងមានវិធានការច្បាប់ឱ្យបា​ន​ត្រឹមត្រូវ ដើម្បីជាគំរូមួយលើកទឹកចិត្តដល់អ្នកសារព័ត៌មានដែលបានបំពេញការងារជូនប្រជាពល​រដ្ឋ​»។

នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ​(ខេមបូចា) លោក ណុប វី មានប្រសាសន៍ថា ជា​សញ្ញាវិជ្ជមានមួយដែលតុលាការខេត្តសៀមរាបបានកោះហៅជនដៃដល់មកសាកសួរ បើទោះបីជាលោ​ក​គិត​​ថា បញ្ហានេះវាបានអូសបន្លាយជាង៧ខែមកហើយក្ដី។ មួយវិញទៀត លោកថា ការនាំខ្លួនជនប្រព្រឹត្តបទល្មើសមកផ្ដន្ទាទោស ក៏ជាសញ្ញាវិជ្ជមានមួយដែរ​ដើម្បីធានាដល់​យុត្តិធម៌សង្គម។

តែ​​លោកថា៖ «បើនៅក្នុងករណីនិទណ្ឌភាពនៅតែមាន មានន័យថា អ្នកដែលប្រព្រឹត្តល្មើសច្បាប់ហ្នឹងនៅតែហ៊ានប្រព្រឹត្តបទល្មើសផ្សេងៗទៀត ដោយមិនខ្លាចញញើតច្បាប់ នៅទីបំផុតគឺយើងទាំងអស់គ្នាទេដែល​ទទួល​រងផលប៉ះពាល់ពីអំពើនិទណ្ឌភាពទាំងអស់ហ្នឹង»។

កាលពីថ្ងៃទី២ ខែ​វិច្ឆិកា ឆ្នាំ២០២១ ក្រុមអង្គការសមាគមចំនួន៩ ក្នុងនោះ មាន​ទាំង​មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា (CCRH) សមាគមកម្ពុជា​ដើម្បីការពារអ្នកកាសែត (CAPJ) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ផងដែរ បានចេញសេចក្ដីថ្លែងការណ៍​រួម​មួយអំពាវនាវឱ្យអាជ្ញាធររដ្ឋបង្កើនការប្រយុទ្ធប្រឆាំងនឹង​និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន។

សេចក្ដីថ្លែងការណ៍នោះបញ្ជាក់​ថា ចាប់តាំងពីឆ្នាំ១៩៩៤មក អ្នកសារព័ត៌មានចំនួន១៧នាក់ត្រូវ​បានសម្លាប់ ក្នុងនោះមាន​១២ករណី ដែល​អ្នកប្រព្រឹត្តបទល្មើស​មិនត្រូវបាននាំយកមកផ្តន្ទាទោសនោះទេ។

សេចក្ដីថ្លែងការណ៍នោះបន្តទៀតថា ក្នុង​រយៈពេល១០ខែ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២១នេះ មាន​អ្នកសារព័ត៌មានសរុ​​ប​​​៨១នាក់បានរងនូវការធ្វើទុក្ខបុកម្នេញ ក្នុង​នោះ​អ្នកសារព័ត៌មាន ៣១នាក់​ត្រូវបាន​ឃាត់ខ្លួន ២០នាក់​រងការប្រើអំពើហិ​ង្សា ១៦នាក់រងការគំរាមកំហែង ៨នាក់រងពាក្យបណ្ដឹងពីតុលា​ការ ៥នាក់​ត្រូវបានឃាត់ខ្លួនដើម្បីសួ​រចម្លើយពីសំណាក់អាជ្ញាធរ និងអ្នកសារព័ត៌មានជាស្ត្រីម្នាក់រងការបៀត​​​បៀនផ្លូវភេទ។

ក្រុមអង្គការទាំងនោះរម្លឹកថា អ្នកសារព័ត៌មានមានបេសកកម្មយ៉ាងសំខាន់ ចូលរួមការពារប្រយោជន៍សាធារណៈ ជំរុញតម្លាភាពសង្គម និងអភិបាលកិច្ចល្អ។

​តែ​យ៉ាងណា បើយោងតាម​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ឆ្នាំ២០២១ ដែលផ្ដល់​​ចំណាត់​ថ្នាក់ដោយអង្គកា​រ​អ្នក​កាសែត​គ្មាន​ព្រំដែន ​(Reporters Without Borders) កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១៤៤ ក្នុង​​ចំ​ណោម​ប្រទេស​ចំនួន​១៨០ ដែលចំណាត់ថ្នាក់នេះ សេរីភាពសារព័ត៌មាននៅកម្ពុជា បន្តធ្លាក់ចុះជាបន្ត​បន្ទាប់ចាប់ពីឆ្នាំ២០១៧មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ