ក្រសួង​ប្រកាស​ឱ្យ​ប្រើប្រាស់​ឱសថ​ព្យាបាល​ជំងឺ​កូវីដ-១៩ Molnupiravir ផលិត​នៅឥណ្ឌា

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងកូវីដ-១៩ ក្នុងថ្ងៃចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដែលជាជំនួយពីចិន ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី)។ (ជន ចានរ៉ែន)

ក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ​ប្រើប្រាស់ឱសថ Molnupiravir សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ក្នុងលក្ខខណ្ឌបន្ទាន់។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល​នៅថ្ងៃនេះ បានឱ្យដឹង​ថា ឱសថ Molnupiravir ជាប្រភេទឱសថគ្រាប់ ប្រើលេបតាមមាត់ ដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ (Antiviral) ដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់​សម្រាប់ព្យាបាលជំងឺកូវីដ-១៩ (COVID-19)។ ក្រសួងបន្តថា ឱសថនេះផលិតដោយក្រុមហ៊ុន MyLan Laboratories Limited ដែលមានអាសយដ្ឋាននៅក្នុងប្រទេសឥណ្ឌា។

បើទោះបីជាមានប្រសិទ្ធភាពខ្ពស់ក្ដី តែក្រសួងសុខាភិបាលបានបញ្ជាក់ពីលក្ខខណ្ឌនៃការប្រើប្រាស់ថា គឺ​ប្រើតែក្នុងអំឡុងពេលគ្រោះអាសន្នសុខភាព​សាធារណៈ​នៃជំងឺកូវីដ- ១៩ ដែលកំពុងកើតមាន និងជាជម្រើសនៃការព្យាបាល ដែលស្ថិតក្រោមការស្រាវជ្រាវនិងវាយតម្លៃ និងប្រើក្រោមអាទិភាពរបស់រដ្ឋាភិបាលដែលមានចែងក្នុងផែនការដាក់ពង្រាយឱសថជាតិ​បច្ចុប្បន្ន និងក្រុមមនុស្សអាទិភាពប៉ុណ្ណោះ។

កាលពីថ្ងៃទី២៩ ខែតុលា ក្រសួងសុខាភិបាលក៏បានប្រកាសអនុញ្ញាតឱ្យកម្ពុជាប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផលិតនៅប្រទេសរុស្ស៊ី ឈ្មោះ Sputnik V ក្នុងលក្ខខណ្ឌបន្ទាន់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ