អាជ្ញាធរ​រាជធានី​ភ្នំពេញ បន្ត​ហាម​បើក​អាជីវកម្ម​ខារ៉ាអូខេ​និង​ក្លឹបកម្សាន្ត​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩

បុរសម្នាក់ធ្វើដំណើរលើដងផ្លូវមួយកន្លែង ដែលនៅទល់មុខហាងខារ៉ាអូខេមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

អភិបាលរាជធានីភ្នំពេញ បញ្ជាដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវអនុវត្តវិធានការឱ្យបានម៉ឺងម៉ាត់ ដោយ​បន្ត​ហាមបើកអាជីវកម្មខារ៉ាអូខេនិងក្លឹបកម្សាន្តនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្នុងកិច្ចប្រជុំស្ដីពីការជំរុញការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ កាលពីម្សិលមិញ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងតាមរយៈ Video Conference ថារាជរដ្ឋាភិបាលបានបើកប្រទេសឱ្យដំណើរការឡើងវិញលើគ្រប់វិស័យ លើកលែងតែ​ក្លឹបកម្សាន្តនិងខារ៉ាអូខេ ដែលនៅ​មិនទាន់អនុញ្ញាតឱ្យ​បើក​​ដំណើរ​ការ​នោះទេ​។

ករណីនេះ អភិបាលរាជធានីភ្នំពេញ ជំរុញទៅអាជ្ញាធរខណ្ឌទាំង​១៤ និងក​ងកម្លាំងពាក់ព័ន្ធ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតចំពោះការលួចបើកក្លឹបកម្សាន្តនិងខារ៉ាអូខេ ដោយសារទីតាំងទាំងពីរនេះ មានហានិភ័យខ្ពស់បំផុតនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

កាលពីដើមខែវិច្ឆិកានេះ ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ​បា​នប្រកាស​បើក​ប្រទេស​ឡើងវិញ ​លើ​​គ្រប់​វិស័យ​ ​ចាប់ពី​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​​២០២១តទៅ ដោយយោង​ទៅលើ​កត្តា​សំខាន់​ចំនួន​៤ រួម​មាន ​ការសម្រេច​បាន​លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​-១៩ ការ​ពង្រឹង​និង​ពង្រីក​សមត្ថភាព​ក្នុង​ការព្យាបាល​ជំងឺ​កូវីដ-១៩ ការ​ឆ្លងកាត់​បទ​ពិសោធន៍​​នៃ​ការគ្រប់គ្រងទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ព្រមទាំង​របៀប​គ្រប់គ្រង​ទប់ស្កាត់​នៃ​ជំងឺ​នេះ​​ក្នុង​ទ្រង់ទ្រាយ​ធំ និង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ក្នុង​ការការពារ​ខ្លួន និង​ការព្យាបាល​ជំងឺ​កូវីដ-១៩ ជាដើម​។

យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាទៅក្រសួងសុខាភិបាលឱ្យពង្រឹងសមត្ថភាពព្យាបាលជំងឺ-១៩ឡើងវិញ ក្រោយរកឃើញថា អត្រាភាគរយនៃអ្នកស្លាប់នៅកម្ពុជា ដោយសារជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ​នេះ ខ្ពស់ជាងបណ្ដាប្រទេស​មួយ​ចំនួន រួមទាំងប្រទេសថៃ និងវៀតណាម ដែលជាតួលេខមួយស្ថិតក្នុងការព្រួយបាម្ភនៅឡើយ ទាមទារឱ្យពង្រឹងសមត្ថភាពព្យាបាលឡើងវិញផងដែរ។ ​

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃពុធ​​​​នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១១៨ ៧៨៧​នាក់ ក្នុងនោះ​ អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១១៥ ១១១​នាក់ អ្នកស្លាប់កើនដល់​ចំនួន​២ ៨០៧​នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩​ ៦៥៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ