សាលាឧទ្ធរណ៍​នឹង​ប្រកាស​សាលដីកា​លើ​បណ្ដឹង​សាទុក្ខ​របស់​លោក អាឡិច នៅ​សប្ដាហ៍​ក្រោយ​

រូបលោក អាឡិច កាលពីពេលកន្លងទៅ

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានលើកពេលប្រកាសសាលដីកាលើបណ្ដឹងសាទុក្ខរបស់មេធាវីការពារក្ដីឱ្យស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez-Davidson) ក្រោមការចោទប្រកាន់ពីបទ «សមគំនិតញុះញង់» ទៅថ្ងៃទី១២ ខែវិច្ឆិកាវិញ​ បន្ទាប់ពីតុលាការបានបើកសវនាការនៅព្រឹកមិញនេះ។

ប្រធានក្រុមប្រឹក្សាសាលាឧទ្ធរណ៍ លោក ប្លង់ សំណាង បានបើកសវនាការសួរដេញដោលមេធាវី​ការពារក្ដីឱ្យលោក អាឡិច ហ្គន់សាឡេស ដេវិតសុន ចំពោះការមិនសុខចិត្តទៅនឹងសេចក្ដីសម្រេចរបស់ចៅក្រមសាលាដំបូង។

ក្រោយពីសវនាការប្រហែល១​ម៉ោង ប្រធានក្រុមប្រឹក្សាសាលាឧទ្ធរណ៍បានប្រកាសលើកពេលប្រកាសសាលដីកាសំណុំរឿងនេះទៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។

មេធាវីការពារក្ដីឱ្យលោក អាឡិច គឺលោក សំ ចំរើន បានលើកឡើងនៅក្នុងបន្ទប់សវនាការថា ការផ្ដល់គំនិតទៅយុវជនឱ្យចូលរួមការពារបរិស្ថាននោះ មិនមែនជាបទល្មើសឡើយ។ លើស​ពី​នេះ អ្វីដែល​កូនក្ដីរបស់លោកបានផ្ដល់ទៅយុវជន ដើម្បីការពារផលប្រយោជន៍របស់ប្រទេសកម្ពុជា បើទោះបីជាកូនក្ដីរបស់លោកជាជនបរទេសក៏ពិតមែន។

លោកថា៖ «គ្រាន់តែផ្ដល់គំនិត ហើយត្រូវផ្ដន្ទាទោសបែបនេះ ប្រហែលជាលែងមានអ្នកផ្ដល់គំនិតយោបល់ហើយ ព្រោះគេខ្លាចប៉ះពាល់ […] សកម្មភាពរបស់អាឡិច មិនបានសមគំនិតក្នុងអំពើញុះញង់នោះទេ ហើយការងារដែលពួកគាត់ធ្វើនោះជាផលប្រយោជន៍របស់កម្ពុជា»

កាលពីថ្ងៃទី៥ ខែ​ឧសភា ឆ្នាំ២០២១ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោស ស្ថាបនិកចលនាមាតាធម្មជាតិ ​និង​សកម្ម​ជន​មាតា​ធម្មជាតិ​ ៤​នាក់ ដាក់ពន្ធនាគារចន្លោះ​​ពី​១៨ទៅ២០​​ខែ​ ពាក់ព័ន្ធ​បទ​ «ញុះញង់​ និង​សម​គំនិត»​។ ក្រៅពីនេះ តុលាការក្រុងភ្នំពេញក៏បានកាត់ទោសសកម្មជនបរិស្ថាននៃ​ចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី ​និងកញ្ញា ឡុង គន្ធា ដែលមានវត្តមាននៅក្នុងសវនាការសាលាឧទ្ធរណ៍នៅព្រឹកមិញនេះ ព្រមទាំង​កញ្ញា ជា គន្ធីន ដែល​មិនមានវត្តមានក្នុងសវនាការឧទ្ធរណ៍នោះ ឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ និងពិន័យប្រាក់៤លានរៀលដូចគ្នា។

ចំណែកលោក ថុន រដ្ឋា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ២០ខែ និងពិន័យជាប្រាក់៤លានរៀល ឬប្រហែល១ ០០០ដុល្លារ ពីបទ «ញុះញង់រំខានដល់សន្តិសុខសង្គម» ខណៈស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez-Davidson) ​ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ២០ខែ និងពិន័យជាប្រាក់៤លានរៀលពីបទ «សមគំនិតក្នុងរឿងញុះញង់»។

ស្ថាននិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez-Davidson) ត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា​កាលពីឆ្នាំ២០១៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ