ក្រុម​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​មាន​កិច្ចអន្តរាគមន៍​ពី UN ជុំវិញ​ការ​វាយ​ប្រហារ​នៅ​ក្នុង​រដ្ឋ Chin ប្រទេស​មីយ៉ាន់ម៉ា

ក្រុមយោធាមីយ៉ាន់ម៉ា ចាប់ខ្លួនបុរសជាបាតករម្នាក់អំឡុងការបង្ក្រាបយ៉ាងខ្លាំងខ្លាមួយទៅលើក្រុមបាតុករ ឆ្នាំ២០២១។ (ធ្វីតទ័រ៖ UN Special Procedures)

ក្រុមសិទ្ធិមនុស្សជាង៥០០ស្ថាប័ន​ បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (United Nations Security Council) មានកិច្ចប្រជុំមួយ ដើម្បីបញ្ឈប់ការកើនឡើងនៃអំពើហិង្សានៅក្នុងរដ្ឋ Chin (Chin State) ប្រទេសមីយ៉ាន់ម៉ា ជាតំបន់​ព្រំដែន ​​ដែល​បាន​ក្លាយទៅ​ជា​តំបន់​ជួរមុខមួយនៃ​ការ​​តស៊ូ​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​យោធា។

ការអំពាវនាវនេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ប្រជាពលរដ្ឋ និងអង្គការសហប្រជាជាតិ បានរាយការណ៍ជាបន្តបន្ទាប់អំពីការកើនឡើងនៃអាវុធធុន​ធ្ងន់ និង​កង​ទ័ព​ នៅក្នុងរដ្ឋ Chin ដើម្បី​កម្ចាត់​ក្រុម​ជីវពល​​ដែល​បាន​បង្កើត​ឡើង​ក្រោយ​រដ្ឋប្រហារ​ថ្ងៃ​ទី១​​កុម្ភៈ។

អង្គការឃ្លាំមើលសិទិ្ធមនុស្ស (Human Rights Watch) បានចេញសេចក្ដីថ្លែងការណ៍មួយដែលតំណាងឱ្យអង្គការអន្តរជាតិ និងក្នុងស្រុក ចំនួន​៥២១ ដោយ​អំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខឱ្យអនុម័តនូវដំណោះស្រាយ និងចាត់វិធានការណាមួយ មុនពេលដែលសកម្មភាពវាយប្រហារអាចនឹង​កើនឡើងធ្ងន់ធ្ងរនៅក្នុងរដ្ឋ Chin ដែលមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សេចក្ដីថ្លែងការណ៍នោះយកមកចុះផ្សាយថា៖ «ក្រុមប្រឹក្សា​សន្តិសុខត្រូវតែកោះប្រជុំជាបន្ទាន់មួយ ជុំវិញការវាយប្រហារកាន់តែខ្លាំងឡើងនៅក្នុងរដ្ឋ​Chin និងវិបត្តិនយោបាយ សិទ្ធិមនុស្ស និងមនុស្សធម៌ជារួម ដែលបង្កឡើងដោយការស្វែងរកអំណាចនិងភាពលោភលន់របស់មេដឹកនាំយោធាមីយ៉ាន់ម៉ា»។

ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ នៅក្នុងរបាយការណ៍ស្ថានភាពមួយ កាលពីថ្ងៃពុធ ក៏បានឱ្យដឹងថា ការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និង​កងកម្លាំងកា​រពាររបស់ប្រជាជន មានការកើនឡើងកាន់តែខ្លាំងឡើងនៅក្នុងរដ្ឋ​ Chin ក៏ដូចជា​នៅក្នុងតំបន់ជិតខាង Magway និង Sagaing ផងដែរ។

ទាក់ទិននឹងករណីនេះ ទីភ្នាក់ងារសារ​ព័ត៌មាន Reuters មិនអាចស្វែងរកការធ្វើ​អត្ថាធិប្បាយណាមួយពីរបប​យោធា​អំពី​ស្ថានការណ៍​នៅ​ក្នុងរដ្ឋ Chin នេះបាននោះទេ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពច្របូកច្របល់ គិតចាប់តាំងពីក្រុមយោធាបានដណ្ដើម​យកអំណាចទៅ​គ្រប់គ្រង កាលពីថ្ងៃ​ទី​១ ខែកុម្ភៈ និង​បាន​ផ្តួល​រំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលបង្កឱ្យ​មានជាបាតុកម្មកើតឡើងជាញឹកញាប់នៅក្នុងប្រទេស ក្នុងនោះ ជនស៊ីវិលជាង១ ០០០នាក់ក៏ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបកូដកម្មនិងបាតុកម្មនានាផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ