រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី នឹង​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ចុង​សប្ដាហ៍​នេះ

លោកស្រី​ Marise Payne រដ្ឋមន្រ្តីការ​បរទេស​អូស្រ្តាលី។ (ធ្វីតទ័រ៖ Marise Payne)

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ម៉ារីស ផេន (Marise PAYNE) នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៧-៨ ខែវិច្ឆិកា ចុងសប្ដាហ៍នេះ។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ឱ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចរយៈ​ពេល២ថ្ងៃនៅកម្ពុជានេះ លោកស្រី ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ត្រាលី នឹងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជំនួបទ្វេភាគីជាមួយ​រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន។

ក្រសួងបន្តថា ជំនួបទ្វេភាគីនេះនឹងពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យ​នានា ក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិដែលជាចំណាប់អារម្មណ៍និងកង្វល់រួម និងរួមទាំងបញ្ហា​កម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ផងដែរ។

ក្រៅពីជំនួបខាងលើនេះ រដ្ឋមន្ត្រីការបរទេសនិងកិច្ចការនារីអូស្ត្រាលី នឹងអញ្ជើញទៅទស្សនាអង្គការកម្ពុជា​ដើម្បីជួយស្ត្រីមានវិបត្តិ ជាមួយរដ្ឋមន្ត្រីក្រសួងកិច្ចការនារីកម្ពុជា លោកស្រី អ៊ឹង កន្ថាផាវី។

កាលពីថ្ងៃទី៨ ខែតុលា រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ម៉ារីស ផេន ក៏បានជួបគ្នាតាមរយៈខ្សែទូរសព្ទផងដែរ។

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានសរសេរនៅលើទំព័រហ្វេសប៊ុករប​ស់​លោក​ថា ជំនួបកាលណោះ​ បានពិភាក្សាគ្នាអំពីបញ្ហាមួយចំនួន រួមទាំងភាពជាដៃគូសន្តិសុខត្រីភាគីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅថា «AUKUS»

កាលណោះ លោកស្រីបានប្រាប់ភាគីកម្ពុជាថា ការបង្កើតសម្ព័ន្ធភាពយោធាអាមេរិក អង់គ្លេស និងអូស្ត្រាលី (AUKUS) ក្នុងគោលបំណងលើកកម្ពស់សន្តិភាពនិងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកតែប៉ុណ្ណោះ ហើយថា AUKUS នឹងគោរពមជ្ឈភាពរបស់អាស៊ាន និងទស្សនវិស័យរបស់អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ